ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អន្ទាក់​ជា​ច្រើន​ប្រភេទ ក្រុម​ឈ្មួញ​ដាក់​លក់​ដោយ​សេរី តាម​បណ្ដាញ​សង្គម ក្នុង​ប្រទេស​កម្ពុជា

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សព្វ​ថ្ងៃនេះ អន្ទាក់ បាន​និង​កំពុង​គំរាមកំហែង​ដល់​ជីវិត​សត្វ​ស្ទើរ​គ្រប់​ប្រភេទ រួម​មាន​ទាំង​បក្សី សត្វ​ជើង​ពីរ ជើង​បួន​ជាដើម ។ អន្ទាក់​ជា​ច្រើន​ប្រភេទ…

រាជធានី​ភ្នំពេញ ៖ សព្វ​ថ្ងៃនេះ អន្ទាក់ បាន​និង​កំពុង​គំរាមកំហែង​ដល់​ជីវិត​សត្វ​ស្ទើរ​គ្រប់​ប្រភេទ រួម​មាន​ទាំង​បក្សី សត្វ​ជើង​ពីរ ជើង​បួន​ជាដើម ។ អន្ទាក់​ជា​ច្រើន​ប្រភេទ ត្រូវ​បាន​គេ​ដាក់​លក់ បើកចំហ​ដោយ​សេរី តាម​អន​ឡាញ និង​បណ្ដាញ​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា ផ្ទុយ​ពី​អ្វី ដែល​ក្រសួងបរិស្ថាន​បាន​ដាក់​ចេញ គឺ​យុទ្ធនាការ «​អន្ទាក់​សូន្យ​» ដើម្បី​បញ្ឈប់​ការ​ដាក់​អន្ទាក់​ខុសច្បាប់​នៅ​កម្ពុជា ។

យោង​តាម​លោក ផ​ន ភា​រិ​ទ្ធ ដែល​ប្រើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Miller-​មី​ល័​រ​» បានអោយ​ដឹង​កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ២០២២​ថា «​អន្ទាក់​សត្វ​ស្លាប​ដាក់​លក់ ដែល​អាច​រក​ទិញ​ស្ទើរ​គ្រប់កន្លែង និង​ដោយ​សេរី ដោយ​គ្មាន​ការ​ខ្វល់ខ្វាយ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ឬ​មើល​ដែរ តែ​មើល​តិច​ៗ ព្រោះ​វា​មិនមែន​ជា​បទល្មើស​ធំដុំ​អ្វី​ផង ? ត្រឹមតែ​សត្វ​ស្លាប​ហ្នឹង ?​» ។ លោក​បន្ត​ថា តើ​ការ​ដាក់​អន្ទាក់ ឬ​ធ្នាក់​សត្វព្រៃ ឬ​សត្វ​ស្លាប យក​មក​លក់ដូរ និង​ចិញ្ចឹម​ក្នុង​ទ្រូង ជា​បទល្មើស​ដែរ​ទេ ?

ជាក់ស្តែង «ឃាត់​បុរស​២​នាក់ ដាក់​អន្ទាក់​ចាប់​សត្វ​ស្លាប​(​ល្វាចេក​ព្រៃ​) លាក់​ក្នុង​អាវ​នាំ​ទៅ​លក់​ឲ្យ​វៀតណាម» មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​ទី​២១ ខែ​វិ​ច្ជិ​កា ឆ្នាំ​២០២២ បាន​ចុះ​ប្រតិបត្តិការ​ល្បាត តាមដាន អង្កេត ស្រាវជ្រាវ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ស្ថិត​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ប្រទះ​ជើ​ញ​ជនសង្ស័យ​ចំនួន ២​នាក់ ជិះ​ម៉ូតូ​០២​គ្រឿង ក្នុង​សភាព​គួរ​ឱ្យ​សង្ស័យ ។ ឃើញ​ដូច្នេះ កម្លាំង​សមត្ថកិច្ច ក៏​បាន​ស្ទាក់​ចាប់​សួរនាំ បាន​ប្រទះ​ឃើញ​សត្វ​ល្វាចេក​ព្រៃ ដែល​ជនសង្ស័យ​បាន​លាក់​នៅ​ក្នុង​អាវ និង​នៅ​ក្នុង​ម៉ូតូ​បម្រុង​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ។ ក្រោយ​ឃើញ​ដូច្នេះ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​យក​មក​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ។ សមត្ថកិច្ច​បាន​រឹបអូស​វត្ថុ​តាង​រួម​មាន ៖ ១- សត្វ​ល្វាចេក​ចំនួន ៣៩​ក្បាល ២- ម៉ូតូ​ម៉ាក​វេ​វ ចំនួន​០២​គ្រឿង ។

ពាក់ព័ន្ធ​នឹង​អន្ទាក់​នេះ​ដែរ ក្រសួងបរិស្ថាន ធ្លាប់​បាន​បើក​យុទ្ធនាការ «​អន្ទាក់​សូន្យ​» មាន​រយៈពេល​៦​ខែ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៣ ខែមីនា តទៅ នៅ​តំបន់ការពារធម្មជាតិ​កម្ពុជា ដើម្បី​លុប​បំបាត់​ការ​បរបាញ់​សត្វ ការ​ដាក់​អន្ទាក់​ខុសច្បាប់ និង​លុប​បំបាក់​ការ​ជួញដូរ​សាច់សត្វ​ព្រៃ ។

យុទ្ធនាការ «​អន្ទាក់​សូន្យ​»​នេះ នឹង​អនុវត្ត​នៅ​តាម​បណ្តា​ខេត្ត ដែល​សិ្ថ​ត​នៅ​ខាងកើត​ទន្លេមេគង្គ រួម​មាន​ខេត្តក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ព្រះ​វិហារ និង​ខេត្តកំពង់ធំ ។

លោក នេត្រ ភក្ត្រា​រដ្ឋ​លេខា​ក្រសួងបរិស្ថាន បាន​លើក​ឡើង​ថា យុទ្ធនាការ​អន្ទាក់​សូន្យ ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ឲ្យ​ប្រជាជន បានដឹង​ពី​គុណ​តម្លៃ​សត្វព្រៃ ដើម្បី​ឲ្យ​ពួក​គេ​ចូ​ម​រួម​ថែរក្សា​ធនធានធម្មជាតិ និង​សត្វព្រៃ ។ បំណង​សំខាន់​មួយទៀត គឺ​លុប​បំបាត់​ការ​ដាក់​អន្ទាក់​ខុសច្បាប់ ការ​បរបាញ់​សត្វ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ខណៈ​អន្ទាក់​បាន​គំរាមកំហែង​យ៉ាង​ខ្លាំង​ដល់​ជីវិត​សត្វព្រៃ ក្នុង​ប្រទេស​កម្ពុជា​។

ជុំវិញ​នឹង​ទោសទណ្ឌ នៃ​ការ​ដាក់​អន្ទាក់​នេះ លោក គឹ​ម ណុ​ង អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​តំបន់ការពារធម្មជាតិ នៃ​ក្រសួងបរិស្ថាន បានឱ្យ​ដឹង​ថា ជា​ទ​ង្វើ​ដែល​ល្មើស​នឹង​ច្បាប់​ធនធានធម្មជាតិ ថ្នាក់​លេខ​៣ ហើយ​ជនល្មើស​អាច​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំ ដល់​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១៥​លាន ដល់​១៥០​លាន​រៀល ។

សូម​ជម្រាប​ថា ក្នុង​ឆ្នាំ​២០២១ ក្រសួងបរិស្ថាន បាន​ដោះ​អន្ទាក់ បាន​ចំនួន ៦១,៦១១​អន្ទាក់ កើនឡើង​ជាង​២០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០២០ ដែល​មាន​អន្ទាក់​ចំនួន ៤៣,២៧០ ត្រូវ​បាន​ប្រមូល និង​ដោះ​ចេញ​ដោយ​ឧ​ទ្យា​នុ​រក្ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ