ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​សំណង់​២​នាក់​លុតជង្គង់​សុំ​ទោស​ម្ចាស់​រថយន្ត ក្រោយ​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​ដេញ​វ៉ៃ

1 ឆ្នាំ មុន
  • ភ្នំពេញ

យុវជន​ជា​កម្មករ​សំណង់​ចំនួន​២​នាក់​បាន​ជិះ​ម៉ូតូ​ចេញពី​ផឹកស៊ី ហើយ​ក៏​ត្រូវ​បាន​ក្មេង​ស្ទាវ​មួយ​ក្រុម​ជិះ​ម៉ូតូ​ដេញ​តាម​វា​.​យ​ធ្វើ​ឲ្យ​យុវជន​ទាំង​២​នាក់​នោះ​ភ័យ​ពេក ក៏​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ហើយ​ក៏​ជ្រុល​ទៅ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​ជា​កម្មករ​សំណង់​ចំនួន​២​នាក់​បាន​ជិះ​ម៉ូតូ​ចេញពី​ផឹកស៊ី ហើយ​ក៏​ត្រូវ​បាន​ក្មេង​ស្ទាវ​មួយ​ក្រុម​ជិះ​ម៉ូតូ​ដេញ​តាម​វា​.​យ​ធ្វើ​ឲ្យ​យុវជន​ទាំង​២​នាក់​នោះ​ភ័យ​ពេក ក៏​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ហើយ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ឡិច​ស៊ី​ស IS200t មួយ​គ្រឿង ដែល​កំពុង​បើក​ឆ្លងកាត់​ផ្លូវបំបែក​ជា​បួន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ត្រង់​ចំណុច​ខាងក្រោយ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង តាម​បណ្ដោយ​ផ្លូវ​៥១ កែង​នឹង​ផ្លូវ​១១៤ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស IS200t ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2BR-9579 ដែល​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥១ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​នោះ​ក៏​បាន​បើក​ឆ្លងកាត់​ផ្លូវ​១១៤ ខណៈ​ពេល​កំពុង​តែ​ឆ្លង​បាន​ពាក់កណ្ដាល​ផ្លូវ ក៏​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1FS-1629 ដែល​ជិះ​ដោយ​យុវជន​ពីរ​នាក់ តាម​បណ្ដោយ​ផ្លូវ​១១៤ ទិស​ដៅ​ពី​លិចទៅ​កើត ដោយ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន រួច​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ក្រពឹត​កាង​ខាង​មុខ​ចំហៀង​ខាងស្ដាំ​យ៉ាងដំណំ ចំណែកឯ​ម៉ូតូ​វិញ បាន​រង​ការ​ខូចខាត​បន្តិចបន្តួច និង​អ្នក​ជិះ​ម៉ូតូ​ទាំង​ពីរ​នាក់​រង​របួសស្រាល​ផង​ដែរ​។

តាម​សម្តី​ពី​យុវជន​ទាំង​ពីរ​នាក់​ខាងលើ​នោះ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គេ​ជា​កម្មករ​សំណង់ ហើយ​នៅ​មុន​ពេល​កើតហេតុ ពួក​គេ​បាន​ទៅ​អង្គុយ​ផឹកស៊ី​លេង​កំសាន្ត​នៅ​ខាង​មុខក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដោយ​ផឹកស៊ី​អស់​ស្រា​បៀ​ចំនួន​៦​កំប៉ុង​។ បន្ទាប់​មក​ពួក​គេ​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញ​មក បំណង​ត្រឡប់​ទៅ​ការដ្ឋាន​សំណង់​វិញ​នៅ​ឯ​សំរោង​អណ្ដែត​។ ខណៈ​ពេល​ជិះ​ចេញ​មក​បាន​បន្តិច ក៏​ស្រាប់តែ​មាន​ជន​ក្មេង​ស្ទាវ​មួយ​ក្រុម​ជិះ​ម៉ូតូ​៣​ទៅ​៤​គ្រឿង​ជិះ​ដេញ​តាម​ពីក្រោយ ដោយ​ក្នុង​បំណង​ដេញ​វា​.​យ​ពួក​គេ​ទាំង​ពីរ​នាក់ ហើយ​ព្រោះតែ​ពួក​គេ​ភ័យ​ស្លន់ស្លោ​ខ្លាំង​ពេក ក៏​ចេះ​តែ​ព្យាយាម​ជិះ​គេចខ្លួន រហូត​មក​ដល់​ចំណុច​កើតហេតុ ហើយ​ក៏​បាន​ជ្រុល​ទៅ​បុក​រថយន្ត​តែ​ម្តង ចំណែក​ក្រុម​ក្មេង​ស្ទាវ​ទាំងនោះ​ក៏​បាន​នាំ​គ្នា​ជិះ​គេចខ្លួន​បាន​ស្រមោល​ដែរ​។

ក្រោយ​ពេល​កើតហេតុ ភាគី​ទាំង​ពីរ​ក៏​បាន​ចរចា​ដោះស្រាយ​គ្នា ប៉ុន្តែ​ដោយសារ​ភាគី​ខាង​ម៉ូតូ​មិន​មាន​លទ្ធភាព​សង​ទៅ​កាន់​ម្ចាស់​រថយន្ត ក៏​បាន​ត្រឹម​នាំ​គ្នា​លុតជង្គង់​សុំ​ទោស ហើយ​ម្ចាស់​រថយន្ត​ក៏​ព្រម​លើកលែងទោស និង​ព្រម​បញ្ចប់រឿង​ដោយ​យក​រថយន្ត និង​ម៉ូតូ​ទៅ​ជួសជុល​រៀង​ៗ​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ