រាជធានីភ្នំពេញ ៖ លោក ឌិត ទីណា ដែលបានចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសលោក វេង សាខុន កាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០២២ កន្លងទៅ ត្រូវបានគេមើលឃើញថា រដ្ឋមន្ត្រីវ័យក្មេងមួយរូបនេះ បានធ្វើដំណើរចុះទៅតាមបណ្តាខេត្តមួយចំនួន ដើម្បីពិនិត្យមើលស្ថានភាពរបស់កសិករ ម្ចាស់កសិដ្ឋាន និងការជួបប្រជុំជា មួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងខេត្តកោះកុង ដើម្បីពិភាក្សាការងារ និងបញ្ហាប្រឈមជាក់ស្តែងនៅនឹងកន្លែងក្នុងវិស័យកសិកម្មជាដើម។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍បន្ថែមទៀតនោះ គឺរដ្ឋមន្ត្រីក្រសួងកសិកម្ម បានបង្ហាញស្នាដៃចម្អិនម្ហូបដោយខ្លួនឯង និងបានណែនាំពលរដ្ឋឱ្យទទួលទានគ្រំចំពុះទា ថែមទៀតផង។

តាមរយៈសំណេរនៅលើបណ្តាញសង្គមហ្វេសប៊ុក លោក ឌិត ទីណា បានសរសេរសារមានខ្លឹមសារថា ៖ «ខ្ញុំចង់ណែនាំបងប្អូនឱ្យពិសា គ្រំចំពុះទា ដែលភាសាអង់គ្លេសហៅថា Green mussels ឬ បារាំងហៅថា les moules ។ វាជាសត្វអាចចិញ្ចឹមបែបធម្មជាតិនៅសមុទ្រកោះកុងយើង ដោយគ្រាន់តែដាក់បង្គោលឱ្យតោង ហើយវាចេះរកចំណីធម្មជាតិដោយខ្លួនឯង»។

បន្ថែមពីលើនេះ លោក ឌិត ទីណា ក៏បានបង្ហាញនូវវិធីចម្អិន គ្រំចំពុះទា យ៉ាងសាមញ្ញមួយ ហើយដែលផ្តល់រសជាតិឆ្ងាញ់។ ដែលក្នុងនោះគ្រឿងផ្សំមានដូចខាងក្រោម ៖
⁃ គល់ស្លឹកគ្រៃ (ដំឲ្យទក់បន្តិច) ២-៣គល់,
⁃ ស្លឹកក្រូចសើច ៣-៤ សន្លឹកតាមចូលចិត្ត,
⁃ អំបិលមួយចិបតូច,
⁃ ស្រា.ស ទំពាំងបាយជូរ white wine,
⁃ និងគ្រំចំពុះទា ១៥-២០ (សម្រាប់អ្នកញ៉ាំម្នាក់) បោចស្មៅជាប់មាត់វា និងដុះលាងឱ្យស្អាត។

សម្រាប់វិធីចម្អិនវិញ លោក ឌិត ទីណា បានបញ្ជាក់ថា ៖ ដាក់ទឹកបន្តិច (កន្លះថ្នាំងដៃពីបាតឆ្នាំង) បង់គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច អំបិល រួចដាក់ដាំឱ្យពុះ ទើបដាក់គ្រឿងដែលមិនអាចខ្វះបាន គឺ ស្រា.ស ទំពាំងបាយជូរ បន្ទាប់មកដាក់ គ្រំចំពុះទា ចូល និងថែមស្រាបន្តិច ហើយគ្របទុករហូតពិនិត្យឃើញគ្រំហាមាត់ ទើបបន្ថែមស្រាបន្តិចទៀត ហើយលើកមកបរិភោគ ក្តៅៗ។ ទឹកស៊ុបក៏ហុតបាន។

ក្រៅពីបង្ហោះសារណែនាំរបៀបចម្អិនហើយនោះ យើងឃើញថា លោក ឌិត ទីណា ក៏បានបង្ហោះវីដេអូខ្លីមានរយៈពេលប្រមាណ៦នាទី បង្ហាញនូវសកម្មភាពលោករដ្ឋមន្ត្រីពាក់អាវពណ៌ផ្ទៃមេឃ ដៃវែង បង់.កក្រមា ចម្អិនគ្រំចំពុះទាយ៉ាងជំនាញផងដែរ។

ប្រាកដណាស់ ចាប់តាំងពីលោក ឌិត ទីណា ឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាផ្លូវការ ចាប់ពីថ្ងៃទី១៧ ខែតុលា កន្លងមក មហាជនបានតាមដានមើលនូវសកម្មភាពរបស់ថ្នាក់ដឹកនាំវ័យក្មេងរូបនេះថា តើលោកនឹងមានវិធីសាស្ត្រ ឬការធ្វើកំណែទម្រង់ណាខ្លះជុំវិញវិស័យកសិកម្ម?។

ពិសេសការឡើងកាន់តំណែងជារដ្ឋមន្ត្រីកសិកម្មរបស់លោក ឌិត ទីណា ក៏ចំនឹងរដូវកាលនៃការប្រមូលផលស្រូវផងដែរ ធ្វើឱ្យរូបលោកហាក់ពើបប្រទះនឹងព្យុះភ្លៀងច្រើន ជុំវិញបញ្ហានៃការធ្លាក់ចុះនៃតម្លៃស្រូវ រហូតការរិះគន់មួយចំនួនបានកើតឡើងនៅពេលតម្លៃស្រូវមានការធ្លាក់ចុះនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យជាដើម រហូតមានការរិះគន់ខ្លះបានលើកឡើងថា រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី មិនបានយកចិត្តទុកដាក់លើបញ្ហាតម្លៃស្រូវធ្លាក់ថ្លៃ។

ជុំវិញបញ្ហានៃការធ្លាក់ចុះ នៃតម្លៃស្រូវ រហូតមានការរិះគន់ជាបន្តបន្ទាប់នេះ ថ្នាក់ដឹកនាំក្រសួងកសិកម្ម ក៏ធ្លាប់បានចេញមុខបំភ្លឺជំរុញការរិះគន់មួយចំនួន ដោយបានបង្ហាញនូវយុទ្ធសាស្ត្រខ្លះៗ ដែលក្រសួងកំពុងធ្វើការងារ ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវ។

ជាថ្មីម្តងទៀត លោក ឌិត ទីណា នៅថ្ងៃទី ២៧ ខែវិច្ឆិកានេះផងដែរ ក៏បានបញ្ជាក់ជាថ្មីជុំវិញការធ្លាក់ចុះនៃថ្លៃស្រូវ ដោយលោកបានបញ្ជាក់ថា «ការធ្លាក់ចុះនៃថ្លៃស្រូវ កើតឡើងជារៀងរាល់ឆ្នាំ ចាប់ពីដើមខែវិច្ឆិកា រហូតដល់ពាក់កណ្ដាលខែធ្នូ ព្រោះវាជារដូវប្រមូលផលរបស់បងប្អូនប្រជាកសិករ»។ «នេះជាកត្តាសត្យានុម័តដែលមិនអាចប្រកែកបាន ហើយវាពុំមែនជាកំហុសរបស់ប្រជាកសិករទាល់តែសោះ នៅពេលដែលដំណាំស្រូវរបស់លោកដល់ពេលប្រមូលផល និងត្រូវតែប្រមូលផលឱ្យទាន់សភាពការណ៍»។ នេះជាការពន្យល់របស់លោករដ្ឋមន្ត្រីក្រសួងកសិកម្ម។

លោក ឌិត ទីណា បានបន្តថា «ដំណោះស្រាយចំពោះវិស័យកសិកម្ម គឺទាមទារឱ្យសម្លឹងមើលទាំងមូល និងឱ្យបានគ្រប់ជ្រុងជ្រោយ មិនមែនមើលត្រឹមតែផ្នែកណាមួយនោះទេ។ ចំពោះដំណោះស្រាយទៀតសោត គឺត្រូវតែជាដំណោះស្រាយដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ»។

លោកបានប្តថា នេះគឺជាការងារលំបាក និងត្រូវប្រើពេលយូរ ប៉ុន្តែជាការងារដែលចាំបាច់ត្រូវតែធ្វើ ហើយអ្នកចាប់ផ្តើមមុនគេ នឹងទទួលបានផលមុនគេដែរ។ ក្រសួងកសិកម្មកំពុងតែបំពេញការងារ និងបន្តការងាររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសូមលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ក្នុងវិស័យកសិកម្មដំណាំស្រូវ ត្រៀមខ្លួនចូលរួមអនុវត្តការងារក្នុងទម្រង់ថ្មីដែលនឹងផ្តល់ផលប្រយោជន៍រួមដល់យើងទាំងអស់គ្នា៕









ចែករំលែកព័តមាននេះ