ខេត្តឧត្តរមានជ័យ ៖ អាងស្តុបទឹកបឹងកណ្តែកមួយកន្លែង ស្ថិតនៅត្រង់ចំណុចភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានប្រែក្លាយទៅជាកន្លែងស្តុបទឹកស្អាតមួយដ៏មានសារៈសំខាន់សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ទូទៅ ដែលកន្លងមកទីតាំងបឹងតំបន់នេះ នារដូវប្រាំង គឺតែងតែរីងស្ងួត តែមកដល់ពេលបច្ចុប្បន្ននេះ ឈប់រីងស្ងួតបន្តទៀតហើយ ខណៈត្រូវបានអភិវឌ្ឍន៍ជីកស្តាឡើងវិញ។
![Picture]()
បើតាមប្រភពពីប្រជាពលរដ្ឋម្នាក់ដែលមានឈ្មោះ ហៀង ថាន មានវ័យ៦៤ឆ្នាំ ជាអ្នករស់នៅភូមិជាប់បឹងកណ្តែកនេះ បាននិយាយពីប្រវត្តិបឹងកណ្តែក ប្រាប់ឲ្យដឹងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា គាត់បានមករស់នៅភូមិកណ្តែកនេះ ចាប់តាំងពីមុនសម័យខ្មែរក្រហមមកម្ល៉េះ ហើយបឹងកណ្តែកនេះដែរ ពីដើមមានវត្តអារាមមួយ ដែលស្ថិតនៅចុងឈាងខាងលិចបឹងកណ្តែកនេះពិតប្រាកដមែន ហើយបឹងកណ្តែកនេះដែរ សម្រាប់ទឹកប្រើប្រាស់វិញ កាលនៅដើមឆ្នាំ២០០៥កន្លងមក ឲ្យតែរដូវប្រាំងបឹងកណ្តែកមួយនេះ គឺមានការរីងស្ងួតហួតហែងប្រេះដល់ដី ពុំមានទឹកប្រើប្រាស់គ្រប់គ្រាន់នោះទេ។
![Picture]()
ពលរដ្ឋដដែលបានអះអាងបន្តថា ក្រោយមកទៀតនៅឆ្នាំ២០១២ ខាងអាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធបានកាយស្តាបឹងស្តុបទឹកទុកអភិវឌ្ឍន៍បន្ត ហើយឲ្យក្រុមហ៊ុនឯកជនធ្វើជាកន្លែងទឹកស្អាត ដើម្បីឲ្យប្រជាពលរដ្ឋបានប្រើប្រាស់រហូតមកដល់សព្វថ្ងៃ ហើយទីតាំងបឹងកណ្តែកនេះ ក៏ពុំដែលរីងស្ងួតរហូតមកដល់សព្វថ្ងៃនេះ។ ម្យ៉ាងទៀតចំពោះទឹកស្អាតដែលអ្នកភូមិប្រើប្រាស់ជាប្រចាំថ្ងៃនេះ នៅក្នុង១គីបតម្លៃ២០០០រៀល ហើយពួកគាត់លែងលំបាកក្នុងការខ្វះខាតទឹកប្រើដូចមុនទៀតហើយ។
![Picture]()
ពាក់ព័ន្ធទៅនឹងទំនប់បឹងកណ្តែក ស្តុបទឹកសម្រាប់ប្រើប្រាស់ដល់ប្រជាពលរដ្ឋទូទៅនេះដែរលោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានឲ្យដឹងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ពីមុនមកកន្លែងចំណុចនេះ ជាបឹងមែន តែក្រោយមកពុំមែនជាបឹងទៀតទេ គឺជាអាងស្តុបទឹកកណ្តែក។ ហើយដោយឡែកអាងស្តុបទឹកកណ្តែកនេះដែរ កន្លងមក មានផ្ទៃដីរក្សាទុក មានតែទំហំត្រឹមតែ៦០ហិកតាប៉ុណ្ណោះ តែបច្ចុប្បន្នអាងស្តុបទឹកកណ្តែកនេះ មន្ទីរបានរក្សាទុកមានទំហំរហូតដល់ទៅ៩០ហិកតា ហើយត្រូវបានចុះបញ្ជីជាប្រព័ន្ធបញ្ជីដីរបស់រដ្ឋ និងមានការកើនឡើងលើសឆ្នាំចាស់កន្លងមក រហូតដល់ទៅ៣០ហិកតា។
![Picture]()
សូមបញ្ជាក់ថា អាងស្តុបទឹកកណ្តែកនេះដែរ បើតាមការលើកឡើងពីប្រជាពលរដ្ឋដែលរស់នៅក្បែរទៅនឹងទីតាំងបឹងកណ្តែក បានលើកឡើងថា នៅក្នុងបឹងកណ្តែកសព្វថ្ងៃនេះ ចំពោះហ្វូងមច្ឆាជាតិចំរុះ ដូចជា ត្រីគ្រប់ប្រភេទ មានការសម្បូរច្រើនណាស់ ទាំងតូចទាំងធំ ចាប់តាំងពីឆ្នាំ២០១២។ លុះទឹកបឹងឈប់រីងស្ងួតមកនោះ គឺសម្បូរត្រីច្រើន ហើយការរកត្រីវិញ ប្រជាពលរដ្ឋអាចរកបានជាលក្ខណគ្រួសារបានគ្រប់ៗគ្នា ពីព្រោះខាងអាជ្ញាធរពុំអនុញ្ញាតិឲ្យរករបរនេសាទត្រីក្នុងផ្ទៃបឹងកណ្តែកខុសច្បាប់នោះទេ ដូចឆក់ ដាក់លប សាច់អួនស្បៃមុង ឬប្រើឧបករណ៍ខុសបច្ចេកទេសផ្សេងៗនោះទេ។ ហើយការប្រកបរបររកត្រីនេះដែរ អាជ្ញាធរអនុញ្ញាតិឲ្យតែរកតាមបែបជាលក្ខណៈគ្រួសារ អាចដាក់មង ចងសន្ទូច បង់សំណាញ់ ពីព្រោះការទប់ស្កាត់នេះ គឺដើម្បីថែរក្សាសម្បត្តិធនធានធម្មជាតិ ឲ្យកាន់តែសម្បូរបន្ថែមជាងនេះបន្តទៅថ្ងៃមុខទៀត៕
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ