ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីជាជនសង្ស័យម្នាក់ត្រូវបានអាជីវករផ្សារឆ្នាំងព្រួតគ្នាចាប់ប្រគល់ឱ្យសមត្ថកិច្ច នគរបាលខណៈដែលធ្វើសកម្មភាពបន្លំលួចខ្សែកមាសមួយខ្សែមិនបានសម្រេច ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្សារឆ្នាំង ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
![Picture]()
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហម ឌី អាយុ៥៥ ឆ្នាំមានទីលំនៅភូមិដើមជ្រៃ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ ស្រី្តជាជនសង្ស័យខាងលើ បានទៅដូរប្រាក់ចំនួន១០០ដុល្លារ ពីម្ចាស់តូបឈ្មោះ ប៊ូ ផល្លា ភេទប្រុសអាយុ៤៨ឆ្នាំ មានទីលំនៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំងលុះពេលដូរ ហើយក៏ធ្វើជាសុំទិញមាសចំនួន២ហ៊ុន ប៉ុន្តែខណៈដែលម្ចាស់តូបរវល់កូនយំ ងាកក្រោយមួយភ្លែត ស្រាប់តែស្ត្រីខាងលើបន្លំលួចខ្សែកមាសមួយខ្សែ តែត្រូវម្ចាស់តូបដឹងទាន់ ក៍ចាប់ជនសង្ស័យខាងលើ និងបញ្ជូនឲ្យសមត្ថកិច្ចនគរបាលតែម្តង ។
![Picture]()
សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបានបញ្ជាក់ថា នៅរសៀលនេះ កំពុងតែសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់៕
![Picture]()
ចែករំលែកព័តមាននេះ