ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំធ្វើការ​ និង​រកស៊ី​ហើយ​នៅ​តែ​មិន​មាន​ ៖ សេដ្ឋី​ក្នុងស្រុក​មួយ​រូបទម្លាយ​បញ្ហា ​និង​ដំណោះស្រាយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកខ្លះ​ខំធ្វើការ និង​រកស៊ី​ហើយ​នៅ​តែ​មិន​មាន និង​ថែម​ទាំង​ជាប់បំណុល​ទៀត​។​តើ​រឿង​នេះ​មក​ពី​បញ្ហា​អ្វី​ទៅ?មានការ​លើក​ឡើង​ថា បើ​ចង់​មាន​ត្រូវ​រៀន​របៀប​រស់នៅ​ការ​រកស៊ី និង​ការ​ចាត់ចែង​លុយកាក់​របស់​អ្នកមាន​។​ក្នុង​សម័យនេះ​មិន​ថា មហាសេដ្ឋី​ក្នុងស្រុក ឬ​លំដាប់​ពិភពលោក​នោះ​ទេ​គេ​មិន​កំណាញ់​ក្នុង​ការ​ចែករំលែក​គន្លឹះ​ជោគជ័យ​របៀប​ក្លាយជា​អ្នកមាន​ដល់​សាធារណជន​នោះ​ឡើយ​។ ក្រៅពី​ការ​ផ្តល់​ឱកាស​អោយ​សាធារណៈជន​បាន​ជួប​ខ្លួន​តាម​វេទិកា​នានា​គេ​អា​ចរក​ឯកសារ…

រាជធានី​ភ្នំពេញ ៖ អ្នកខ្លះ​ខំធ្វើការ និង​រកស៊ី​ហើយ​នៅ​តែ​មិន​មាន និង​ថែម​ទាំង​ជាប់បំណុល​ទៀត​។​តើ​រឿង​នេះ​មក​ពី​បញ្ហា​អ្វី​ទៅ?
មានការ​លើក​ឡើង​ថា បើ​ចង់​មាន​ត្រូវ​រៀន​របៀប​រស់នៅ​ការ​រកស៊ី និង​ការ​ចាត់ចែង​លុយកាក់​របស់​អ្នកមាន​។​ក្នុង​សម័យនេះ​មិន​ថា មហាសេដ្ឋី​ក្នុងស្រុក ឬ​លំដាប់​ពិភពលោក​នោះ​ទេ​គេ​មិន​កំណាញ់​ក្នុង​ការ​ចែករំលែក​គន្លឹះ​ជោគជ័យ​របៀប​ក្លាយជា​អ្នកមាន​ដល់​សាធារណជន​នោះ​ឡើយ​។

ក្រៅពី​ការ​ផ្តល់​ឱកាស​អោយ​សាធារណៈជន​បាន​ជួប​ខ្លួន​តាម​វេទិកា​នានា​គេ​អា​ចរក​ឯកសារ និយាយ​ពី​ទស្សនៈ​ទ្រឹស្តី​របស់​មហាសេដ្ឋី​តាម​មធ្យោបាយ​ផ្សេង​ទៀត​ដែរ​ដូច​ជា បណ្តាញ សង្គម និង​សៀវភៅ​ជាដើម​។

ការ​ចាត់ចែង និង​ទុកដាក់​លុយកាក់​ជា​រឿង​ស្មុគស្មាញ​មួយ​របស់​មនុស្ស​ជា​ច្រើន​។​ការ​ទុកដាក់ និង​ចាយវាយ​លុយកាក់​នេះ​ជា​ផ្នែក​សំខាន់​មួយ​ដែល​អាច​កំណត់​ពី​ការ​មាន​ប្រាក់​ចាយ​គ្រប់ គ្រាន់ ឬ​ខ្វះខាត របស់​បុគ្គល​ម្នាក់​ៗ​។​ការ​សន្សំ​លុយ​ទំនង​ស្រួល​ក្នុង​ការ​និយាយ ប៉ុន្តែ​ការ​អនុវត្ត​ប្រហែល​មិន​ស្រួល​ឡើយ ដូច្នេះ​ហើយ​បានជា​មាន​អ្នក​ខ្វះ​លុយ​ចាយ​ច្រើន​មិន​តិច​នោះ​។​ចូល​សាកល្បង​ទុកដាក់ និង​បែងចែក​លុយ​តាម​លោក គិត ម៉េ​ង មហាសេដ្ឋី​នៅ​ស្រុក​ខ្មែរ​រូប​ដែល​មហាជន​បាន​ស្គាល់​គ្រប់​គ្នា​ហើយ​នោះ​ល​មើល​ក្រែង​មាន​ប្រសិទ្ធភាព​។

លោក​គិត ម៉េ​ង បាន​បង្ហាញ​ពី​គន្លឹះ​៧​ចំនុច នៅ​ក្នុង​ការ​ទុកដាក់ និង​បែងចែក​លុយកាក់​។ ទី​មួយ លោក​បាន​ណែនាំ អោយ​គ្រប់​គ្នា​ព្យាយាម​រៀបចំ​ការ​ចំណាយ​របស់​អ្នក​ដែល​អាច​កាត់​បន្ថយ​បំណុល​ផ្សេង​ៗ​។ ចំនុច​ទី​២ លោក​បាន​ណែនាំ​ឱ្យ​ទិញ​មធ្យោបាយ​ធ្វើ​ដំណើរ​ដែល​អាច​ទុកចិត្ត​បាន ហើយ​បង់​សាច់ប្រាក់​ទាំងមូល ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន ដើម្បី​ចៀសវាង​ការ​បង់ រំលស់ និង​ចំនុច​ទី​៣ លោក​ឱ្យ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​ទុក​ក្នុង «​គ្រា​មាន​អាសន្ន​» ដែល​មិន​អាច​គិត​ទុកជា​មុន​។

នៅ​លើ​បណ្តាញ​សង្គម មហាសេដ្ឋី​ដែល​រកស៊ី​កាក់កប​ដំបូង​គេ​លើ​វិស័យ​ទូរស័ព្ទ​នៅ​កម្ពុជា និយាយ​ថា ចំនុច​ទី​៤ គេ​គួរ​វិនិយោគ​លើ​អចលនទ្រព្យ ភាគហ៊ុន ជំនួស​ឱ្យ​ការ​ចំណាយ ឥត​ឈប់​ឈរ​លើ​សម្លៀក​បំពាក់ និង​ទូរស័ព្ទ​។​ចំណុច​ទី​៥ កុំ​ព្យាយាម​ជុះ​តាម​ដំរី និង​សូម​ព្យាយាម​រស់នៅ​តាម​អ្វី​ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន​។​ទី​៥ សូម​រក​មើល​ប្រភព​ចំណូល​បន្ថែម មិនមែន​ចំណាយ​បន្ថែម​នោះ​ទេ​។ ចំណែក​ចំនុច​ចុង​ក្រោយ​លោក​ថា ចាប់ផ្តើម​សន្សំ​ប្រាក់​សម្រាប់​ទុក​ក្នុង​ការ​ចំណាយ​លើ​ការ​អប់រំ និង​ការ​សិក្សា​របស់​កូន​ៗ​អ្នក​។

លោក​សុ​ភ័​ក្រ ពលរដ្ឋ​ម្នាក់​ដែល​បាន​អាន​សារ​របស់​លោក គិត ម៉េ​ង នៅ​លើ​បណ្តាញ​សង្គម លោក​បាន​យល់​ថា អ្វី​ដែល​មហាសេដ្ឋី​រូប​នេះ​លើក​ឡើង​ហាក់​ចំ​ៗ​។ ការ​មិន​គិតដល់​ចំនុច​ទាំង​៧​នោះ​ធ្វើ​អោយ​មនុស្ស​ជា​ច្រើន​កំពុង​ខ្វះ​លុយ​រហូត គឺ​មិន​អាច​សន្សំ​លុយ​បាន​ឡើយ​។ ដូច​ជា​ការ​ទិញ​រថយន្ត​បង់​រំ​លោះ និង​ការ​ចំណាយ​ទៅ​លើ​សម្ភារៈ​ទំនើប​ដូច ជា​ទូរស័ព្ទ​ដៃ ដែល​នាំ​មាន​បំណុល​ជាដើម​នោះ​។

លោក​សុ​ភ័​ក្រ​ថា ការ​ណែនាំ​លោក​គិត ម៉េ​ង មួយ​ចំនុច​ទៀត​ដែល​ល្អ ហើយ​លោក​ចាប់ អារម្មណ៍​នោះ គឺ​មហាសេដ្ឋី​រូប​នេះ​បាន​ណែនាំ​ឱ្យ​មានការ​វិនិយោគ​ទៅ​លើក​ការ​អប់រំ​កូន​ៗ​។ លោក​សុ​ភ័​ក្រ​បញ្ជាក់​ថា នោះ​ជា​រឿង​ល្អ​មួយទៀត​ពីព្រោះ​មាន​តែ​ចំណេះវិជ្ជា​ទេ​ដែល​អាច​ធ្វើ គ្រួសារ​មួយ​ចាក​ចេញពី​ភាព​ក្រីក្រ និង​ការ​ខ្វះ​លុយកាក់​បាន​។

នៅ​ក្នុង​សារ​របស់​លោក គិត ម៉េ​ង បាន​និយាយ​បន្ថែម​ថា សូម​ទុកដាក់ និង​ផ្តល់​តម្លៃ​ទៅ​លើ ប្រាក់​របស់​អ្នក ដើម្បី​កុំឱ្យ​បាត់បង់​នៅ​ថ្ងៃស្អែក ហើយ​កុំ​ចំណាយ​លើស​ពី​សមត្ថភាព​របស់​អ្នក ទាំង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន និង​អាជីវកម្ម​របស់​អ្នក​។​លោក​បន្ថែម​ថា ត្រូវ​ត្រៀមខ្លួន​រៀបចំ​ផែនការ ដើម្បី​ដោះស្រាយ​បញ្ហា​ដ៏​លំបាក​ឱ្យ​បាន​ជោគជ័យ​។ សូម​ចង​ចាំ​ឃ្លា​ដ៏​ខ្លី​មួយ​នេះ «​សូម​ទុកដាក់ និង​ផ្តល់​តម្លៃ​ទៅ​លើ​ប្រាក់​របស់​អ្នក ដើម្បី​កុំឱ្យ​បាត់បង់​នៅ​ថ្ងៃស្អែក​»៕​ដោយ សា​រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ