ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាកំពុងធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី កំណត់ប្រភេទបទល្មើសចរាចរណ៍កាន់តែច្បាស់លាស់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​នូវ​ចំណុច​មួយ​ចំនួន​ក្នុង​ច្បាប់​ចរាចរណ៍​ត្រូវ​ធ្វើការ​កែសម្រួល​បន្ថែម​នោះ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ស្នើ​ប្រមុខ​រាជរដ្ឋាភិបាល​ព្រាង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​។ ការ​ស្នើ​ឡើង​របស់​សម្តេច…

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​នូវ​ចំណុច​មួយ​ចំនួន​ក្នុង​ច្បាប់​ចរាចរណ៍​ត្រូវ​ធ្វើការ​កែសម្រួល​បន្ថែម​នោះ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ស្នើ​ប្រមុខ​រាជរដ្ឋាភិបាល​ព្រាង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​។

ការ​ស្នើ​ឡើង​របស់​សម្តេច ស ខេ​ង បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ នៅ​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​ឆ្លង​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​(​ថ្មី​) នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​ដែល​កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។

សម្ដេច​ក្រឡាហោម បាន​មាន​ប្រសាសន៍​ថា ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​បាន​ឆ្លងកាត់​ដំណាក់កាល​នៃ​ការ​អនុវត្ត​ជា​បន្តបន្ទាប់ ទៅ​តាម​បរិបទ​នៃ​ការ​ប្រែប្រួល​ខាង​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា និង​បាន​ឆ្លងកាត់​ការ​ធ្វើ​វិសោធនកម្ម​ជា​ច្រើន​លើក​។

សម្ដេច​បន្ថែម​ថា​«​ដោយសារ​ការ​សិក្សា​បាន​រក​ឃើញ​ថា ច្បាប់​កំពុង​អនុវត្ត​ជា​ធរមាន​នេះ​មាន​មាត្រា​ត្រូវធ្វើ​វិសោធនកម្ម​ច្រើន សម្ដេច​បាន​ស្នើ​ប្រមុខ​រាជរដ្ឋាភិបាល​ព្រាង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​»​។

ជាមួយ​គ្នា​នោះ សម្ដេច​ក្រឡាហោម បាន​ថ្លែងអំណរគុណ ឯកឧត្តម តូច ចាន់​កុសល រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ប្រធាន​ក្រុមការងារ​តាក់តែង​ច្បាប់​ដែល​បាន​ដឹកនាំ​ក្រុមការងារ​អន្តរក្រសួង​រៀបចំ​កិច្ចប្រជុំ​ជា​ច្រើន​លើក​ច្រើន​សារ ដើម្បី​ប្រមូល​មតិ​យោល់ និង​ធាតុ​ចូល​សំខាន់​ៗ​រហូត​ឈាន​ទៅ​សម្រេច​បាន​សេចក្ដីព្រាងច្បាប់​ក្នុង​កម្រិត​បឋម​នៃ​ដំណើរការ​បង្កើត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​។

ឯកឧត្តម តូច ចាន់​កុសល បាន​រាយការណ៍​ជូន​សម្ដេច​ក្រឡាហោម និង​អង្គប្រជុំ​ថា ក្នុង​ចំណោម​ខ្លឹមសារ​សំខាន់​ៗ​នោះ​«​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​ក៏​ចែង​អំពី​ការ​កំណត់​ប្រភេទ​បទល្មើស​ចរាចរណ៍​ច្បាស់លាស់ ដើម្បី​ឱ្យ​ការ​អនុវត្ត​វត្ត​ច្បាប់​មាន​ភាព​ប្រសើរ​ឡើង​ដែរ​»​។

ឯកឧត្តម​បន្ត​ថា ក្រុមការងារ​តាក់តែង​ច្បាប់​បាន​បើក​កិច្ចប្រជុំ​ចំនួន​២២​លើក​រហូត​ឈាន​ទៅ​បង្កើត​បាន​នូវ​សេចក្ដីព្រាងច្បាប់​ថ្មី​នា​ពេល​នេះ​។ បន្ទាប់​ពី​បាន​ស្ដាប់​នូវ​របាយការណ៍​ឯកឧត្តម តូច ចាន់​កុសល​ស្ដី​អំពី​ខ្លឹមសារ​សំខាន់​ៗ​នៃ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​រួច​មក សម្ដេច​ក្រឡាហោម ស ខេ​ង និង​សមាជិក​នៃ​កិច្ចប្រជុំ​ក៏​បាន​បន្ត​ផ្លាស់​ប្ដូរ​មតិយោបល់​គ្នា​លើ​ខ្លឹមសារ​នីមួយ​ៗ​នៃ​សេចក្ដីព្រាងច្បាប់​នេះ​ជា​ពិសេស​ខ្លឹមសារ​ដែល​ត្រូវ​បាន​កែសម្រួល​ខុស​ពី​មាត្រា​ចំនួន​៤៨​នៃ​ច្បាប់​ដែល​កំពុង​នៅ​ជា​ធរមាន​នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ