ខេត្តកណ្តាល ៖ បុរសម្នាក់មកលេងផ្ទះបងប្អូនដោយស្នាក់នៅ១យប់ លុះព្រឹកឡើងស្រាប់តែប្រទះឃើញចង.កសម្លាប់ខ្លួននៅលើដើមស្វាយក្រោយផ្ទះ ដោយគេពុំដឹងពីមូលហេតុនោះទេ បង្កភ្ញាក់ផ្អើលនៅវេលាម៉ោង០៦ និង១០នាទីព្រឹកថ្ងៃ១៦ ឧសភា នេះ ស្ថិតក្នុងភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ប្រភពឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះសោម ប្រិស អាយុ៤៧ឆ្នាំ មានទីលំនៅក្នុងឃុំក្រាំងត្រយ៉ង ស្រុកពាមជរ៍ ខេត្តព្រៃវែង ។ បើតាមស្ត្រីម្នាក់ឈ្មោះស្រីតូច ត្រូវជាបងប្អូនបានរៀបរាប់ថា ជនរងគ្រោះមានប្រពន្ធកូនមួយ តែបានលែងលះគ្នារយៈពេលជិត១០ឆ្នាំមកហើយ ។ នៅថ្ងៃទី១៥ ឧសភា វេលាម៉ោងប្រហែល១០ព្រឹក ជនរងគ្រោះបានមកលេងផ្ទះឈ្មោះទឹម ញឹម ភេទស្រី អាយុ៧៨ឆ្នាំ ត្រូវជាម្តាយបង្កើតឈ្មោះស្រីតូច ។ ដោយមិនបាននិយាយអ្វីទាំងអស់ គ្រាន់តែប្រាប់គាត់ថា មករកការងារធ្វើ ។
គាត់បន្តថា ពេលមកដល់ភ្លាម ជនរងគ្រោះជួយធ្វើកិច្ចការងារផ្ទះជាធម្មតា រហូតព្រលប់ ក្រោយហូបបាយល្ងាចរួច ក៏រៀបចំកន្លែងឱ្យសម្រាន្ត ហើយពួកគាត់ចូលមុងដេករៀងៗខ្លួន ។ លុះព្រឹកឡើង ស្ត្រីឈ្មោះស្រីតូច បានបើកទ្វារក្រោយយកថង់បោះចោល ស្រាប់តែភ្ញាក់ព្រើត ដោយឃើញចង.កនិងក្រម៉ាពណ៌ក្រហម ជាប់មែកស្វាយកម្ពស់ប្រហែលជាង២ម៉ែត្រពីដី ស្លាប់បាត់ទៅហើយ ។
ចែករំលែកព័តមាននេះ