ខេត្តពោធិ៍សាត់ ៖ ក្រោយទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋផ្ទាល់មាត់ថា មានករណីលួចម៉ូតូកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ភ្លាមនោះកម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោត បានចុះស្រាវជ្រាវមុខសញ្ញាលួច នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
កម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ យ៉ា លីយ៉ាន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិព្រែកស្ដី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ រួមនឹងវត្ថុតាងទូរសព្ទដៃចំនួន១គ្រឿង, ម៉ូតូចំនួន១គ្រឿង, លុយខ្មែរ២២ម៉ឺនរៀល នាឡិកាដៃចំនួន១, ស្លាកលេខពោធិ៍សាត់ 1M-0041 និងកាបូបដៃចំនួន០១ ។
ជនរងគ្រោះមានឈ្មោះ ឆក ពេជ្រចន្ដា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ បានបំភ្លឺថា កាលពីវេលាម៉ោង០៧និង០០នាទីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ខ្លួនបានឃើញជនសង្ស័យឈ្មោះ យ៉ា លីយ៉ាន មកលេងផ្ទះរបស់ខ្លួន ជាមួយប្អូនប្រុសខ្លួនរហូតដល់វេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ជនសង្ស័យឈ្មោះ យ៉ា លីយ៉ាន បានធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿង, ទូរសព្ទ២គ្រឿង, នាឡិកា១គ្រឿង, លុយខ្មែរ១០ម៉ឺនរៀល ហើយគេចខ្លួនទៅបាត់ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕


ចែករំលែកព័តមាននេះ