រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំរដ្ឋសភាកម្ពុជា និងរដ្ឋសភាឥណ្ឌូនេស៊ី បានប្រកាសគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិ និងធ្វើកិច្ចប្រកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ថែមទៀត ។
ការប្រការគាំទ្រគ្នា ធ្វើឡើងក្នុងកិច្ចជំនួបពិភាក្សារវាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានអាយប៉ា លើកទី៤៣ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត ពាន់ ម៉ាហារ៉ានី PUAN MAHARANI ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលត្រូវបន្តធ្វើជាប្រធានអាយប៉ា លើកទី៤៤ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខាភ្នំពេញ ។
នៅក្នុងជំនួបលោកជំទាវបណ្ឌិត ពាន់ ម៉ាហារ៉ានី បានសម្តែងការអបអរសាទរដែលរដ្ឋសភាកម្ពុជា ក្រោមការដឹកនាំសម្តេចអគ្គមហាពញាចក្រីផ្ទាល់ បានរៀបចំមហាសន្និបាតអាយប៉ា លើកទី៤៣ ប្រកបដោយភាពជោគជ័យ នៅក្នុងការលើកកម្ពស់វិស័យការទូតសភា ។
លោកជំទាវ បានគូសបញ្ជាក់ថា ៖ «ស្ថាប័នសភា មានតួនាទីសំខាន់ នៅក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋ ពង្រឹងលទ្ធិប្រជាធិបតេយ្យ ដូច្នេះការរួបរួមសភាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នា ជាការចំបាច់របស់តំណាងប្រជាពលរដ្ឋ» ។
លោកជំទាវបណ្ឌិត ពាន់ ម៉ាហារ៉ានី បានគោរពស្នើសុំសម្តេចធ្វើយ៉ាងណាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរ ឲ្យរឹងមាំឡើងនៅគ្រប់កម្រិត ។
នៅក្នុងន័យនេះ លោកជំទាវសង្ឃឹមថា រដ្ឋសភាកម្ពុជា នឹងបន្តគាំទ្រការធ្វើជាប្រធានអាស៊ាន និងប្រធានអាយប៉ា របស់ឥណ្ឌូនេស៊ី នៅឆ្នាំ២០២៣នេះ ឲ្យទទួលបានជោគជ័យ ដែរ ។
ជាការឆ្លើយតប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងសេចក្តីសោមនស្សរីករាយ ដែលលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាឥណ្ឌូនេស៊ី មកបំពេញទស្សនកិច្ចការងារ និងចូលរួមមហាសន្និបាតអាយប៉ា លើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ថាពិតជាការរួមចំណែកគាំទ្រដល់សភាកម្ពុជា ក្នុងអាណត្តិជាប្រធានមហាសន្និបាត ឲ្យបំពេញកាតព្វកិច្ចប្រកបដោយជោគជ័យ ។
សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា រដ្ឋសភាកម្ពុជា និងឥណ្ឌូនេស៊ី បានគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិ។ ហើយជំនួបពិភាក្សានាថ្ងៃនេះ នឹងបន្តរួមចំណែកក្នុងការពង្រឹងពង្រីកទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសរវាងរដ្ឋសភាកម្ពុជា-និងឥណ្ឌូនេស៊ី ឲ្យកាន់តែប្រសើរឡើងទ្វេដងថែមទៀត ។ សម្តេចបានជូនពរ ឱ្យរដ្ឋសភាឥណ្ឌូនេស៊ី ទទួលបានជោគជ័យក្នុងការរៀបចំមហាសន្និបាតអាយប៉ា លើកទី៤៤ នៅឆ្នាំ២០២៣ ខាងមុខ។
នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានចូលរួមរំលែកទុក្ខ និងសោកស្តាយជាមួយ រដ្ឋសភា និងប្រជាជនឥណ្ឌូនេស៊ី ដែលរងគ្រោះដោយគ្រោះរញ្ជួយដី ដ៏អាក្រក់វាយប្រហារនៅកោះជ្វាខាងលិច បានបំផ្លិចបំផ្លាញ ផ្ទះសម្បែង សម្លាប់អាយុជីវិតប្រជាជន រាប់រយនាក់ ភាគច្រើនជាកុមារ។ កម្ពុជាឈរនៅជាមួយរដ្ឋសភា រដ្ឋាភិបាល និងប្រជាជនឥណ្ឌូនេស៊ី ផងដែរ ៕

ចែករំលែកព័តមាននេះ