ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ពោធិ៍សាត់​ធ្វើបុណ្យ​ឡើងរោង​ជូន​ឧកញ៉ា​ឃ្លាំងមឿង ជំទាវ​ខាន់​ខៀវ

6 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ជា​រៀង​រាល់​ឆ្នាំ​អាជ្ញាធរ​ខេត្តពោធិ៍សាត់ តែងតែ​ប្រារព្ធ​ពិធីបុណ្យ​ឡើងរោង​ជូន​ឧកញ៉ា​ឃ្លាំងមឿង និង​ជំទាវ ខាន់ ខៀវ ដើម្បី​សុំ​សេចក្ដីសុខ​សេចក្ដី​ច​ចម្រើន

ខេត្តពោធិ៍សាត់ ៖ ជា​រៀង​រាល់​ឆ្នាំ​អាជ្ញាធរ​ខេត្តពោធិ៍សាត់ តែងតែ​ប្រារព្ធ​ពិធីបុណ្យ​ឡើងរោង​ជូន​ឧកញ៉ា​ឃ្លាំងមឿង និង​ជំទាវ ខាន់ ខៀវ ដើម្បី​សុំ​សេចក្ដីសុខ​សេចក្ដី​ច​ចម្រើន ជូន​ប្រជាពលរដ្ឋ និង​បួងសួង​សុំ​ទឹកភ្លៀង​សម្រាប់​កសិករ​ធ្វើស្រែ​ចម្ការ​។ នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ បាន​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​១៣ និង​ទី​១៤ ខែឧសភា ក្រោម​អធិបតីភាព​លោក​បណ្ឌិត ម៉ៅ ធ​និ​ន្ទ អភិបាល​នៃ​គណ​អភិបាលខេត្ត និង​លោក​ជំទាវ មន្ត្រី​អ្នកមុខអ្នកការ​គ្រប់​ជាន់ថ្នាក់​ក្នុង​ខេត្ត និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ដោយ​មាន​ពិធី​រាប់​បាត​ព្រះសង្ឃ​ចំនួន​១៥០​អង្គ មក​ពី​វត្ត​ចំនួន​៩​ផង​ដែរ​។ ពិធី​នេះ​បាន​ដំណើរការ​ទៅ​តាម​គន្លង​ព្រះពុទ្ធ​សាសនា​ផង និង​ព្រហ្មញ្ញសាសនា​ផង​ដោយ​មានការ​សែនព្រេន​អុជ​ទៀន​ធូប​បំពាក់​កម្រងផ្កា ស្រោច​ទឹក ប្រោះព្រំ រណ្ដៅ​ផ្នូរ​ឧកញ៉ា​ឃ្លាំងមឿង ជំទាវ​ខាន់ ខៀវ សុំ​សេចក្ដីសុខ​សេចក្ដីចម្រើន​ត្រជាក់ត្រជុំ កើត​ស្រូវ កើត​អង្ករ កុំ​ឲ្យ​មាន​ជំងឺ​ឈឺ​ថ្កាត់ ដល់​ការ​រស់​របស់​ប្រជាពលរដ្ឋ​គ្រប់​ៗ​គ្នា ព្រមទាំង​មានការ​ចូល​រូប និង​ទាហាន​បាញ់កាំភ្លើង​ថ្វាយ​ឧកញ៉ា​ឃ្លាំងមឿង​ផង​ដែរ​។

លោក​សាស្ត្រាចារ្យ ម៉ៅ សោ​ភ័​ណ្ឌ អតីត​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត និង​ជា​អ្នកគ្រប់គ្រង​នៅ​ទីនោះ​បាន​ជម្រាប​ជូន​អំពី​ការ​ខិតខំ​ប្រឹងប្រែង​រៀបចំ​កសាង​កែ​លម្អ បូជនីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​នេះ​តាំងពី​នៅ​ខ្វះខាត​គ្រប់​បែប​យ៉ាង​រហូត​មក​ដល់​ពេល​នេះ​មានការ​កោតសរសើរ​ពី​សំណាក់​អាជ្ញាធរ​ដែនដី និង​ភ្ញៀវ​ពី​គ្រប់​ទិស​ទី​។ សមិទ្ធិ​ផល​ដែល​កើត​មាន​ព្រោងព្រាត​នេះ​ដោយសារ​ទទួល​បាន​ថវិការ​ពី​សប្បុរសជន​គ្រប់​ជាន់ថ្នាក់ និង​ភ្ញៀវ​ធ្វើ​ដំណើរ​ពី​គ្រប់​ទិស​ទី​ដែល​មាន​ជំនឿ​ចូល​មក​បន់ស្រន់​ជា​រៀងរាល់ថ្ងៃ ហើយ​បាន​ឧបត្ថម្ភ​ថវិកា​កសាង​អ្វីមួយ​ដាក់​ឈ្មោះ​គេ​។ បើ​តាម​តំណាល​រឿងព្រេង លោក​ឧកញ៉ា ឃ្លាំង មឿង និង​ជំទាវ ខាន់ ខៀវ គឺជា​វីរៈជន​ស្នេហា​ជាតិ​មាន​បារមី​ខ្លាំងពូកែ​ស័​ក្កិ​សិទ្ធិ​ក្នុង​ការ​ធ្វើសឹក​សង្គ្រាម​ជាមួយ​ចោរ​សៀម​ដើម្បី​ការពារ​ទឹកដី​។

លោក និង​ក្រុម​គ្រួសារ​ហ៊ាន​បូជាជីវិត​លោត​សម្លាប់​ខ្លួន​ក្នុង​រណ្ដៅ​ដែល​មាន​ចម្រូង​មុត​ស្រួច​ហើយ​បាន​កេណ្ឌ​ទ័ព​ខ្មោច​ទៅ​ប្រយុទ្ធ​ជាមួយ​ទ័ព​សៀម​រហូត​ដណ្ដើម​បាន​ទឹកដី​មក​វិញ​។ រូបរាង​កាយ​លោក​ឧកញ៉ា និង​លោក​ជំទាវ បាន​លាចាក​លោក​ទៅ​ក៏​ពិតមែន ប៉ុន្តែ​ភាព​ល្បីល្បាញ និង​ភាព​ស័ក្តិសិទ្ធិ បាន​ដក់​ជាប់​នៅ​ក្នុង​អារម្មណ៍​របស់​ប្រជាជន​ខ្មែរ​គ្រប់​ៗ​រូប​។ ដូច្នេះ​ហើយ​ទើប​ជា​រៀង​រាល់​ឆ្នាំ​អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​ធ្វើបុណ្យ​ឡើងរោង​ជូន​មិន​ដែល​ខាន​ដើម្បី​រំលឹក​នូវ​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​ដល់​មនុស្ស​ជំនាន់​ក្រោយ​ផង សុំ​សេចក្ដីសុខ​សេចក្ដីចម្រើន​ផង និង​បួងសួង​សុំ​ទឹកភ្លៀង​សម្រាប់​ការងារ​បង្កបង្កើន​ផល​របស់​ប្រជា​កសិករ​ផង​៕