រាជធានីភ្នំពេញ ៖ មន្ត្រីបង្គោលចំនួន៥០នាក់មកពី២៥រាជធានី-ខេត្ត កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ត្រូវបានជំរុញអោយចាប់យកបច្ចេកវិទ្យាព្រមទាំងចំណេះដឹងនៃការសរសេរ ដើម្បីធ្វើការផ្សព្វផ្សាយអោយមានប្រសិទ្ធភាព ដើម្បីចូលរួមដល់ការរីកចម្រើនសេដ្ឋកិច្ច និងការវិនិយោគ។

ការលើកទឹកចិត្តបែបនេះត្រូវបានធ្វើឡើងដោយ លោក យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងវគ្គបណ្តុះបណ្តាលមួយស្តីពីរបៀបសរសេរអត្ថបទ, បច្ចេកទេសនៃការថតរូប, ការគ្រប់គ្រងហ្វេសប៊ុក និងការគ្រប់គ្រងទិន្នន័យលើគេហទំព័ររបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមបណ្តារាជធានី និងខេត្តវគ្គសិក្សានេះត្រូវបានធ្វើឡើងនៅសាលាជាតិគយ។

លោក យ៉េត វីណែល បានមានប្រសាសន៍ថា មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវធ្វើទំនើបកម្ម និងគ្រប់គ្រងទិន្ន័យអោយមានប្រសិទ្ធភាព ដើម្បីជាឧបករណ៍សម្រាប់លើកកម្ពស់គណនេយ្យភាព និងតម្លាភាពផ្នែកហិរញ្ញវត្ថុសាធារណៈក៏ដូចជា ឧបករណ៍ផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចក្នុងរាជធានី ខេត្ត ដល់សាធារណៈជន ពិសេសវិនិយោគគិន។ការរៀបចំ និងប្រើប្រាស់គេហទំព័រនេះជាមូលដ្ឋានក្នុងការឈានទៅអនុវត្តរដ្ឋបាលតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល។


នៅក្នុងវគ្គបណ្តុះបណ្តាលដែលរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយសារព័ត៌មានកោះសន្តិភាព មន្ត្រីត្រូវបានបង្ហាត់បង្រៀនអំពីរបៀបនៃការសរសេរដែលមានភាពទាក់ទាញ បច្ចេកទេសថតរូបអោយស្អាតល្អ និងការប្រើប្រាស់ហ្វេសប៊ុក និងគេហទំព័រអោយមានប្រសិទ្ធភាព។

លោក ងួន សេរ័ត្ន អគ្គនាយករងសារព័ត៌មានកោះសន្តិភាពបាននិយាយថា ការបណ្តុះបណ្តាលមន្ត្រីអោយចេះប្រើប្រាស់បច្ចេកវិទ្យាគួបផ្សំនឹងការសរសេរប្រកបដោយភាពទាក់ទាញនឹងក្លាយជាផ្នែកមួយដ៏សំខាន់សម័យកាលឌីជីថលដែលទាមទារអោយមានរដ្ឋបាលអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល។
លោក សង្ឃឹមថា ចំណេះដឹងដែលមន្ត្រីបង្គោលមកពី២៥រាធានីខេត្តទទួលបាននៅក្នុងវគ្គសិក្សានេះនឹងផ្តល់ជាប្រយោជន៍សម្រាប់សិក្ខាកាមទាំងអស់ផង និងផលប្រយោជន៍ជាតិទាំងមូលតាមរយៈការប្រើប្រាស់ការប្រើប្រាស់បច្ចេកវិទ្យា និងព័ត៌មានសម្រាប់ជំរុញតម្លាភាព គណេនេយ្យភាព និងការទាក់ទាញវិនិយោគដែលនឹងឈានដល់ការរីកចម្រើនសេដ្ឋកិច្ច៕ដោយ សារ៉ាន

ចែករំលែកព័តមាននេះ