ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​មានបុណ្យ​រំលឹក​គុណ​អង្គរ ចាប់ពី​ឆ្នាំ​២០២២​នេះ​តទៅ​ហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច និង​យល់ព្រម​ជា​គោលការណ៍ ឱ្យ​រៀបចំ​ពិធីបុណ្យ​រំលឹក​គុណ​អង្គរ នៅ​រមណីយដ្ឋាន​អង្គរ បេតិកភណ្ឌ​ពិភពលោក សម្រាប់​រយៈពេល​បី​(៣) ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច និង​យល់ព្រម​ជា​គោលការណ៍ ឱ្យ​រៀបចំ​ពិធីបុណ្យ​រំលឹក​គុណ​អង្គរ នៅ​រមណីយដ្ឋាន​អង្គរ បេតិកភណ្ឌ​ពិភពលោក សម្រាប់​រយៈពេល​បី​(៣) ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៤-១៦ ខែធ្នូ ជា​រៀង​រាល់​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​២០២២​នេះ​តទៅ​។

យោង​តាម​សារា​ចរណ៍​ណែនាំ​ស្តី​ពី​ការ​រៀបចំ​ពិធីបុណ្យ​រំលឹក​គុណ​អង្គរ ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចុះ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​សម្រេច​អោយ​រៀបចំ​ពិធីបុណ្យ​ខាងលើ​នេះ​ជា​រៀង​រាល់​ឆ្នាំ ដោយ​ក្រសួង​វប្បធម៌ ត្រូវ​សហការ​ជាមួយ​អ​ជ្ញា​ធរ​ជាតិ​អប្សរា ដើម្បី​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​រលូន និង​មាន​ប្រសិទ្ធភាព​។

ក្នុង​ន័យ​នេះ ដើម្បី​ឱ្យ​ពិធីបុណ្យ​ខាងលើ អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ប្រកបដោយ​ប្រសិទ្ធភាព និង​ជោគជ័យ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សូម​ណែនាំ​អាជ្ញាធរ​ជាតិ​អប្សរា ដូច​ខាងក្រោម​៖

១- រៀបចំ​សកម្មភាព​លម្អិត​ពាក់ព័ន្ធ​នឹង​ពិធីបុណ្យ​នេះ ក្នុង​នោះ​រួម​មានកម្ម​វិធី​តាម​ថ្ងៃ​នីមួយ​ៗ ទីតាំង​ប្រារព្ធ​ពិធី សមាសភាព​ចូលរួម លិខិត​អញ្ជើញ ខ្លឹមសារ​បដា សុន្ទរកថា​ថ្នាក់ដឹកនាំ និង​លទ្ធភាព ថវិកា​ជាដើម​។​ល​។

២- រៀបចំសេចក្តី​ជូនដំណឹង និង​ការ​សម្ភាសន៍​ឥស្សរជន អ្នក​ជំនាញការ​ជាតិ និង​អន្តរជាតិ ថ្នាក់ដឹកនាំ ពាក់ព័ន្ធ​វិស័យ​ឯកជន និង​សាធារណជន តាម​ការ​ចាំបាច់ រំលេច​បង្ហាញ​អំពី​សារសំខាន់ ខ្លឹមសារ និង​គុណប្រយោជន៍​នៃ​ការ​រៀបចំ​ពិធីបុណ្យ ដើម្បី​ផ្សព្វផ្សាយ​តាម​គ្រប់​មធ្យោបាយ ជូន​សាធារណជន​ជ្រាប ជា​ពិសេស​យុវវ័យ​ឱ្យ​កាន់តែ​មាន​ស្មារតី​មុតមាំ​ថែម​ទៀត​ក្នុង​ការ​ចូលរួម​ថែរក្សា ការពារ លើក​តម្លៃ​បេតិកភណ្ឌ​ជាតិ និង​ចូលរួម​ឱ្យ​បាន​កុះករ​។

៣- រៀបចំ​ដាក់​តាំង​បង្ហាញ​នូវ​សមិទ្ធផល​សម្រេច​បាន​នានា​របស់​ខ្លួន និង​ជា​ពិសេស​សមិទ្ធផល​សម្រេច បានជា​មួយ​ដៃគូ​ជាតិ និង​អន្តរជាតិ នៅ​តាម​ទីតាំង​សំខាន់​ៗ​នានា ដើម្បី​រំលេច​ឱ្យ​ឃើញ​នូវ​ការ​ចូល រួមចំណែក​ដ៏​មាន​តម្លៃ ក្នុង​កិច្ច​ថែរក្សា ការពារ និង​អភិរក្ស​ឱ្យ​បាន​គង់វង្ស​នៃ​បេតិកភណ្ឌ​ជាតិ​។

៤- ទំនាក់ទំនង​ជាមួយ​អគ្គនាយកដ្ឋាន​នានា នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​/​ស្ថាប័ន អាជ្ញាធរ​/​អង្គភាព​រដ្ឋ និង​ឯកជន​ពាក់ព័ន្ធ ស្នើ​សុំ​កិច្ចសហការ ដើម្បី​ភាព​ជោគជ័យ​នៃ​ពិធី ក៏​ដូច​ជា​កៀរគរ ប្រមែប្រមូល​នូវ​ធនធាន​បន្ថែម​សម្រាប់​ការ​រៀបចំ​ពិធី​ឱ្យ​កាន់តែ​សំបូរ​បែប និង​អធិកអធម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ