ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Son នឹង​ពាក់​របាំង​ការពារ​មុខ​សម្រាប់​ការ​ប្រកួត​ទល់​នឹង​អ៊ុយ​រុយ​ហ្គា​យ នៅ​យប់​នេះ

1 ឆ្នាំ មុន

កា​តា ៖ ខ្សែប្រយុទ្ធ Son Heung-min បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើស​

កា​តា ៖ ខ្សែប្រយុទ្ធ Son Heung-min បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាងត្បូង សម្រាប់​ការ​ប្រកួត​បើក​ឆាក​ពូ​ល H នៃ​ព្រឹត្តិការណ៍ World Cup 2022 ទល់​នឹង​ក្រុម​ជម្រើសជាតិ​អ៊ុយ​រុយ​ហ្គា​យ នៅ​យប់​នេះ ដែល​ត្រូវធ្វើ​ឡើង​នៅ​កីឡដ្ឋាន Education City វេលា​ម៉ោង ០៨:០០​នាទី​យប់ (​ម៉ោង​កម្ពុជា​)​។

លោក Paulo Bento គ្រូបង្វឹក​ក្រុម​ខ្លា​អាស៊ី​កូរ៉េ​ខាងត្បូង បាន​បញ្ជាក់​ថា ខ្សែប្រយុទ្ធ Son Heung-min ដែល​កំពុង​ប្រកប​អាជីព​ជាមួយ​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur នឹង​ត្រូវ​ពាក់​របាំង​ការពារ​មុខ​ពណ៌​ខ្មៅ ដើម្បី​ធ្វើការ​ប្រកួត​ទល់​នឹង​ក្រុម​អ៊ុយ​រុយ​ហ្គា​យ ដែល​របាំង​ការពារ​នេះ រូបគេ​បាន​ពាក់​សម្រាប់​ការ​ហ្វឹកហាត់ ចាប់តាំងពី​ទទួល​រង​របួស​បាក់ឆ្អឹង​ជុំវិញ​ភ្នែក ដែល​បាន​កើតឡើង​នៅ​ឯ​ប្រកួត Champions League ទល់​នឹង​ក្រុម Marseille កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា កន្លង​ទៅ​។

លោក Paulo Bento

ប្រធាន​ក្រុម​ជម្រើសជាតិ​កូរ៉េ​ខាងត្បូង​វ័យ​៣០​ឆ្នាំ​រូប​នេះ បាន​ទទួល​ការ​វះកាត់​ប៉ុន្មាន​ថ្ងៃក្រោយ​រង​របួស ដើម្បី​ជា​ឱ្យទាន់​ការ​ប្រកួត World Cup 2022 ហើយ​បើ​ទោះបីជា​រូបគេ​មិន​បាន​បង្ហាញមុខ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកួត​ក៏​ដោយ ក៏​លោក Paulo Bento បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា Son នឹង​មាន​វត្តមាន​ក្នុង​ការ​ប្រកួត​បើក​ឆាក​ពូ​ល H ទល់​នឹង​អ៊ុយ​រុយ​ហ្គា​យ ។

សូម​ជម្រាប​ថា គិត​ចាប់តាំងពី​ឆ្នាំ​២០១០ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ខ្សែប្រយុទ្ធ Son Heung-min បាន​ស៊ុត​បញ្ចូល​ទី​សរុប ៣៥​គ្រាប់​ពី​ការ​បង្ហាញខ្លួន​សរុប ១០៤​ប្រកួត​សម្រាប់​ជម្រើសជាតិ​កូរ៉េ​ខាងត្បូង ដែល​ស្ថិត​ក្នុង​ពូ​ល H ជាមួយ​ព័រ​ទុ​យ​ហ្គា​ល់ ហ្គា​ណា និង​អ៊ុយ​រូ​ហ្គា​យ នៃ​ព្រឹត្តិការណ៍ World Cup 2022​។

ការ​ប្រកួត​ទាំងអស់​នៅ​ក្នុង​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២២ ៖
-​ពូ​ល G ស្វី​ស ត្រូវ​ប៉ះ កា​មេ​រូ​ន ម៉ោង ០៥:០០​នាទី​ល្ងាច
-​ពូ​ល H អ៊ុយ​រូ​ហ្គា​យ ត្រូវ​ប៉ះ កូរ៉េ​ខាងត្បូង ម៉ោង ០៨:០០​នាទី​យប់
-​ពូ​ល H ព័រ​ទុ​យ​ហ្គា​ល់ ត្រូវ​ប៉ះ ហ្គា​ណា ម៉ោង ១១:០០​នាទី​យប់
-​ពូ​ល G ប្រេ​ស៊ី​ល ត្រូវ​ប៉ះ ស៊ែ​ប ម៉ោង ០២០០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២២ ៕ (​ដកស្រង់​ចេញពី BBC និង Football 365)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ