ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ផលិត​មាតិកា​វី​ដេ​អូយូ​ធូប នៅ​កម្ពុជា អាច​រក​ចំណូល​បានវិញ ​ចាប់ពី​ខែវិច្ឆិកា​នេះ​តទៅ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​ជម្រាប​ជូន​សាធារណជន និង​អ្នក​ផលិត​មាតិកា​វី​ដេ​អូ​ទាំងអស់​មេត្តា​ជ្រាប​ថា បន្ទាប់​ពី​ផ្អាក​ការ​ផ្ដល់​សេវា​រក​ចំណូល…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​ជម្រាប​ជូន​សាធារណជន និង​អ្នក​ផលិត​មាតិកា​វី​ដេ​អូ​ទាំងអស់​មេត្តា​ជ្រាប​ថា បន្ទាប់​ពី​ផ្អាក​ការ​ផ្ដល់​សេវា​រក​ចំណូល (Monetization) លើ​ថ្នាល​វី​ដេ​អូ YouTube នៅ​ប្រទេស​កម្ពុជា (​ក​.​ប​.​ទ​.) បាន​ទាក់ទង និង​សហការ​ជាមួយ​តំណាង YouTube ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​នេះ ជូន​អ្នក​ផលិត​មាតិកា YouTube របស់​យើង​។ ជា​លទ្ធផល​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ​តទៅ ក្រុមហ៊ុន YouTube បាន​ដាក់​ឱ្យ​ដំណើរការ​ផ្លូវការ “​កម្មវិធី​ភាព​ជា​ដៃគូ​” (YouTube Partner Program) នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​អនុញ្ញាត​ឱ្យ​អ្នក​ផលិត​មាតិកា YouTube កម្ពុជា​អាច​រក​ចំណូល​បាន ព្រមទាំង​ឱកាស​ចូល​ទៅ​ប្រើប្រាស់​មុខងារ​សំខាន់​ៗ និង​ធនធាន​ជា​ច្រើន​របស់ YouTube ផង​ដែរ ។

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា នឹង​បន្ត​សហការ​ជាមួយ​ក្រុមហ៊ុន YouTube និង​ក្រុមហ៊ុន​នានា ដែល​មាន​ថ្នាល​វី​ដេ​អូ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​រៀបចំ​កម្មវិធី​បណ្ដុះបណ្ដាល​ដល់​អ្នក​ផលិត​មាតិកា ដូចដែល​បាន​ធ្វើ​កន្លង​មក សំដៅ​ពង្រឹងសមត្ថភាព ក្នុង​ការ​ផលិត​មាតិកា​ល្អ​ៗ គោរព​តាម​គោលការណ៍​កម្មសិទ្ធិបញ្ញា ប្រកបដោយ​គំនិត​ច្នៃប្រឌិត ផ្ដល់​អត្ថប្រយោជន៍ និង​ពុទ្ធិ​ដល់​សាធារណជន ដូច​ជា​ការ​អប់រំ កំសាន្ដ បច្ចេកវិទ្យា​ឌី​ជី​ថ​ល ធុរកិច្ច និង​នវានុវត្តន៍​ជាដើម ដែល​ទាំងនេះ ជា​ផ្នែក​មួយ​ជួយ​ជំរុញ​ដល់​បរិវត្ត​កម្ម​សេដ្ឋកិច្ច និង​សង្គម​ឌី​ជី​ថ​ល​នៅ​កម្ពុជា ។

ទន្ទឹម​នឹង​នេះ ដើម្បី​ជំរុញ​ការ​អប់រំ​ឌី​ជី​ថ​ល ក​.​ប​.​ទ​. សូម​លើកទឹកចិត្ត​ដល់​អ្នក​ផលិត​មាតិកា​ទាំងអស់ ចូលរួម​កម្មវិធី​ប្រកួតប្រជែង​ផលិត​មាតិកា វី​ដេ​អូ “​កម្ពុជា​ឆ្ពោះទៅ​ឌី​ជី​ថ​ល​” (Go Digital Cambodia) ដែល​អាច​ស្វែងរក​ព័ត៌មាន​លម្អិត តាម​គេហទំព័រ www.godigital.gov.kh ។

សូម​រម្លឹក​ដែរ​ថា អំឡុង​ដើមឆ្នាំ​២០២១ ការ​ផ្សាយពាណិជ្ជកម្ម​នានា លើ​វី​ដេ​អូ​ក្នុង​បណ្ដាញ​យូ​ធូប (YouTube) នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​បិទ​ទាំងអស់ ដែល​អនុញ្ញាត​ឲ្យ​អ្នក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទស្សនា បាន​តែ​វី​ដេ​អូ ប៉ុណ្ណោះ ។ គ្មាន​ការ​ផ្សាយពាណិជ្ជកម្ម បាន​ន័យ​ថា អ្នក​ផលិត​មាតិកា​វី​ដេ​អូ មិន​ទទួល​បាន​ចំណូល​អ្វី​ទាំងអស់ ។ ដូច្នេះ​ហើយ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា បាន​ទាក់ទង​ទៅ​តំណាង យូ​ធូប ដើម្បី​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​បំភ្លឺ និង​ជំរុញ​អោយ​មាន​ដោះស្រាយ ឆាប់រហ័ស ពាក់ព័ន្ធ​បញ្ហា​នេះ ៕