ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋបាល​ស្រុក​សង្កែ​សុំលាលែង​ពី​តំណែង​​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ នាយក​រដ្ឋបាលសាលាស្រុក​សង្កែ លោក គង់ សុ​គុណ្ណា បាន​ដាក់​ពាក្យ​ស្នើ​សុំ​ឈប់​ពី​តួនាទី​ការងារ កាលពី​ថ្ងៃ​ទី២១ វិច្ឆិកា ឆ្នាំ​២០២២…

ខេត្តបាត់ដំបង ​៖ នាយក​រដ្ឋបាលសាលាស្រុក​សង្កែ លោក គង់ សុ​គុណ្ណា បាន​ដាក់​ពាក្យ​ស្នើ​សុំ​ឈប់​ពី​តួនាទី​ការងារ កាលពី​ថ្ងៃ​ទី២១ វិច្ឆិកា ឆ្នាំ​២០២២ ទៅ​កាន់​ក្រសួងមហាផ្ទៃ ដោយសារ​តែ​លោក​មានការ​អាក់អន់ស្រពន់ចិត្ត ចំពោះ​ការ​តែងតាំង​ដោយ​មិន​ប្រក្រតី​នូវ​បេក្ខភាព​ពីរ​រូប​ថ្មី ជា​អភិបាលរង​ស្រុក​សង្កែ ផ្ទុយ​ពី​គោល​ការ​របស់​ក្រសួងមហាផ្ទៃ​ ។

យោង​តាម​លិខិត​លាលែង​របស់​លោក គង់ សុ​គុណ្ណា ចុះ​ថ្ងៃ​ទី ២១ វិច្ឆិកា ឆ្នាំ​២០២២ គោរព​ជូន សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃដែល​កោះសន្តិភាព​ទើប​
ទ​ទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី ២២ វិច្ឆិកា នេះ នៅ​ក្នុង​កម្មវត្ថុ​៖ លោក គង់ សុ​គុណ្ណា បាន​សុំ​អនុញាត​លាឈប់​ពី​តួនាទី មុខ​តំណែង​ជា​នាយក​រដ្ឋបាល សាលាស្រុក​សង្កែ​ ។

លោក គង់ សុ​គុណ្ណា បាន​បង្ហាញ​ហេតុផល​នៅ​ក្នុង​ពាក្យ​ស្នើ​សុំ​លាលែង​យ៉ាង​ដូច្នេះ​ថា «​មូលហេតុ រូប​ខ្ញុំបាទ​មាន​សុខភាព​ផ្លូវចិត្ត​»​។ ក្នុង​ន័យ​នេះ លោក បាន​និយាយ​សំដៅ​ទៅ​លើ​ការ​តែងតាំង​អភិ​បាលរង​ស្រុក​សង្កែ ថ្មី​ចំនួន​ពីរ​រូប ដែល​លោក​រិះគន់​ថា ជា​ការ​តែងតាំង​ដោយ​«​មិន​ប្រក្រតី​»​។ ប្រភព​ព័​ត៌​មាន​ពី​មន្ត្រី​ស្រុក​សង្កែបាន​ឲ្យ​ដឹង​ថា មន្ត្រី​ពីរ​រូប​ថ្មី ដែល​ត្រៀម​ប្រកាស​តែងតាំង​ជា​អភិ​បាលរង​ស្រុក​សង្កែ នោះ​គឺ លោក ន​ន់ គឹ​ម​នី បេក្ខភាព​មក​ពី​អនុប្រធាន​ការិយាល័យ​អប់រំ​ស្រុក​សង្កែ និង លោក ជា សំ​ហុ​ន បេក្ខភាព​មក​ពី​ច្រក​ចេញចូល​តែ​មួយ​សាលាខេត្ត​បាតដ់ំបង ​។

ប្រភព​ដដែល​បាន​លើក​ឡើង​ថា ការ​រៀបចំ​តែងតាំង​បេក្ខភាព​ទាំង​ពីរ​រូប​ខាងលើ​នេះ​ ឲ្យ​កាន់​ជា​តំណែង​អភិបាលរង​ស្រុក​សង្កែ គឺ​ហាក់​មាន​ភាព​មិន​ប្រក្រតី​មែន ផ្ទុយ​ពី​គោល​ការ​របស់​ក្រសួង​មហាផ្ទៃ ដែល​ធ្លាប់​ប្រកាស​កន្លង​មក​។ មន្ត្រី​រូប​នេះ​បាន​បញ្ជាក់​ថា បើ​យោង​លើ​គោល​ការ​ណ៍​ក្រសួងមហាផ្ទៃ គឺរាល់​ការ​តែងតាំង​អភិបាលរង​ស្រុក ឬ​ក្រុង បេក្ខភាព​គឺ​ត្រូវ​តែងតាំង​នាយក​រដ្ឋបាល សាលាស្រុក ឬ ក្រុង មិន​អាច​ច្រើ​ស​រើស​ចេញពី​អង្គភាព​ដទៃ​ឡើយ​ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បែរជា​សមាសភាព​អភិបាលរង​ស្រុក​សង្កែ​ចំនួន​ពីរ​រូប​ថ្មី​នេះ ត្រូវ​បាន​គេ​ជ្រើស​រើស​យក​មក​ពី​អង្គ​ភាព​ផ្សេង ដែល​ធ្វើ​ឡើង​ដោយ​មិន​ប្រក្រតី បែប​បក្ខពួក​និយម តាម​ខ្សែរ​បណ្ដោយ មិន​ធ្វើ​តាម​នីតិវិធី​ទេ ​។

ការ​តែងតាំង​បែប​នេះ បាន​ធ្វើ​ឲ្យ​មន្ត្រី​ក្របខណ្ឌ​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋបាល​ស្រុក មាន​សតិ​អារ​ម្ម​ណ៍​មិនល្អ បង្ហាញ​នូវ​ការ​មិន​ពេញចិត្ត ចំពោះ​ការ​តែងតាំង​បេក្ខភាព​ពីរ​រូប​ខាងលើ​នេះ ជា​អភិបាលរង​ស្រុក​។ មន្ត្រីរាជការ​ចំនួន​២៧​រូប នឹង​ត្រូវ​ប្រកាស​ឲ្យ​ចូល​កាន់​តំណែង​ជា​អភិបាលរង​ក្រុង និង ស្រុក នៃ​ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី ២៥ វិច្ឆិកា ខាង​មុខ​នេះ ក្នុង​នោះ​ មាន​ទាំង​លោក ន​ន់ គឹ​ម​នី និង លោក ជា សំ​ហុ​ន ជា​អភិបាលរង​ស្រុក​សង្កែ​ផង​ដែរ ​។ នេះ​បើ​យោង​តាម​ប្រភព​ព័​ត៏​មាន​ពី​មន្ត្រី​រដ្ឋបាល​ខេត្ត​។

បើ​តាម​ព័​ត៌​មាន​ដែល​ខ្សឹប​​ខ្សៀវ​ត​ៗ​គ្នា​បាន​បែកធ្លាយ​ថា មិនមែន​មាន​តែ​នាយក​រដ្ឋបាល​សាលា​ស្រុក​​សង្កែ មួយ​ទេ​ដែល​អាក់អន់ស្រពន់ចិត្ត និង​ប្រតិកម្ម​ទៅ​នឹង​ការ​តែងតាំង​សមាសភាព​ថ្មី ជា​អភិបាលរង​ស្រុក គឺ​មាន​មន្ត្រី​នៅ​តាម​បណ្ដា​ស្រុក​ដទៃ​ទៀត ក៏​កំពុង​មាន​សតិ​អារ​ម្ម​ណ៏​មិនល្អ​ដូច​ៗ​គ្នា​ដែរ ​។ មន្ត្រី​មួយ​ចំនួន​បាន​បង្ហាញ​នូវ​ការ​អាក់អន់ចិត្ត ដោយសារ​តែ​ការ​តែងតាំង​មន្ត្រី​ឲ្យ​ឡើង​ធ្វើ​ធំ ធ្វើ​ឡើង​តាម​បែប​បក្ស​ពួក​និយម តាម​ខ្សែរ​បណ្ដោយ តាម​រយៈ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ មិន​
ជ្រើស​រើស​មន្ត្រី​តាម​គោល​ការណ៍​​ក្រសួងមហាផ្ទៃ​ ។

យ៉ាងណា​ក្ដី ពាក់ព័ន្ធ​នឹង​ការ​លាលែង​តំណែង​របស់​លោក គង់ សុ​គុណ្ណា នាយក​រដ្ឋបាល​ស្រុក​សង្កែឯណេះ​វិញ កោះសន្តិភាពមិន​អាច​ទំនាក់ទំនង​សុំ​ការ​ពន្យល់​លើ​ករណី​នេះ​ពី​លោក នាង ចាន់​ថា​រ៉ា អភិបាលស្រុក​សង្កែ បាន​ភ្លាម​ៗ​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី ២២ វិច្ឆិកា​ នេះ​ ។ ប៉ុន្តែ​បើ​តាម​ព័​ត៌​មាន​ពី​សា​លាស្រុក​សង្កែ​ថា លោក​អភិបាលស្រុក​សង្កែ កំពុង​កោះ​ប្រជុំ​មន្ត្រី​ក្រោម​ឪ​វ៉ា​ត និយាយ​អំពី​សំណុំ​រឿង​នេះ​ហើយ​ ។

ដោយឡែក លោក គង់ សុ​គុណ្ណា បាន​ថ្លែងប្រាប់​កោះសន្តិភាព​បន្ថែម​តាម​ទូរ​ស័ព្ទ​ថា ក្រោយ​ពី​លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​លាឈប់​ពី​តួនាទី មុខ​តំណែង ទៅ​កាន់​ក្រសួង​មហាផ្ទៃ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី ២២ វិច្ឆិកា នេះ ពុំ​ទាន់​មាន​ប្រតិកម្ម​បែប​ណា​ពី​ថ្នាក់ដឹកនាំ​នៅឡើយ​ទេ ហើយ​ក៏​ពុំ​ទាន់​មាន​ថ្នាក់ដឹកនាំ​ហៅ​លោក​ទៅ​សួរនាំ​ដែរ​។

ប៉ុន្តែ​លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​បើ​តាម​ខ្ញុំ​ដឹង នៅ​ព្រឹក​នេះ (២២ ១១ ២២) លោក​អភិ​បាល​ស្រុក​សង្កែ កំពុង​ប្រជុំ​ច្រើ​ស​រើស​មេ​រដ្ឋបាល​ថ្មី ឲ្យ​កាន់ការ​ជំនួស​ខ្ញុំ​ជា​បណ្ដោះអាសន្ន​ហើយ​»​។ តើ​លោក​ដាក់​ពាក្យសុំ​លាលែង​ពី​តំណែង​នេះ អាច​សុំ​ឈប់​ពី​មន្ត្រីរាជការ​តែ​ម្ដង​ឬ​យ៉ាងណា ? អត់​ទេ​..! គឺ​សុំ​លាលែង​ពី​តំណែង​នាយក​រដ្ឋបាល​ស្រុក មក​នៅ​ត្រិ​ម​មន្ត្រី​ធម្មតា​បាន​ហើយ​»​។ នេះ​ជា​ចម្លើយ​​របស់​លោក គង់ សុ​គុណ្ណា តប​ទៅ​នឹង​សំនួរ​របស់​កោះសន្តិភាព ពាក់ព័ន្ធ​នឹង​ការ​សុំ​លា
លែង​ពី​តួនាទី និងមុខ​តំណែង​របស់​លោក នៅ​ក្នុង​រដ្ឋបាលសាលាស្រុក​សង្កែ ​៕ ​

អត្ថបទសរសេរ ដោយ