ខេត្តកែប ៖ អាជ្ញាធរក្រុងកែប ក្នុងនោះ មានកងកម្លាំងរាជអាវុហត្ថ និងនគរបាលក្រុង ដែលដឹកនាំកំលាំងដោយលោកខេង យ័ន អភិបាលក្រុងកែប នៅព្រឹកថ្ងៃទី21 វិច្ចិកា បានចុះរុះរើសំយ៉ាបផ្ទះរបស់ប្រជាពលរដ្ឋមួយគ្រួសារដែលមានឈ្មោះម៉ែន សុភី ភេទស្រី អាយុ29ឆ្នាំ មានប្ដីជាជនជាតិបារាំង មានដាក់លក់ខោអាវនៅជាប់ផ្សារកែបក្រុងកែប ខេត្តកែប ។

លោកខេង យ័ន អភិបាលក្រុងកែប នៅមុនពេលចូលទៅរុះរើបាននិយាយប្រាប់ឱ្យអ្នកយកព័ត៌មានដឹងថា ប្រជាពលរដ្ឋឈ្មោះម៉ែន សុភី នេះ គាត់បានតសំយ៉ាបលយមកនៅលើផ្លូវសាធារណៈចេញ-ចូលក្នុងផ្សារកែប ។ លោកនិយាយថា ការធ្វើសំយ៉ាបវែងបែបនេះ ធ្វើអោយបាត់បង់សោភ័ណភាព និងជាគំរូដ៏អាក្រក់មួយផងដែរ ។

លោកខេង យ័ន បាននិយាយប្រាប់បន្តថា អាជ្ញាធរក្រុងធ្លាប់បានជួនដំណឹងម្ដងហើយម្ដងទៀតដល់ម្ចាស់ផ្ទះអោយមានការរុះដោយខ្លួនឯង ។ ប៉ុន្តែម្ចាស់ផ្ទះរូបនេះ ដូចជាមានាស់មិនខ្វល់ពីការជូនដំណឹងរបស់អាជ្ញាធរក្រុងឡើយ ទើបនៅព្រឹកថ្ងៃទី21 ខែវិច្ឆិកា អាជ្ញាធរក្រុងរួមជាមួយមន្ត្រីជំនាញមកធ្វើការរុះ និងសម្ភារមួយចំនួនត្រូវបានដឹករថយន្តយកទៅដាក់នៅសាលាសង្កាត់កែប ។

ដោយឡែក ពលរដ្ឋឈ្មោះម៉ែន សុភី ដែលជាម្ចាស់ផ្ទះនិយាយថា ខ្លួនតសំយ៉ាប់នេះសំអាងទៅលើប្លង់ ហើយបើតសំយ៉ាបលក់ដូររាងទេរបន្តិចបន្តួច ព្រោះបើមានមេឃភ្លៀងម្ដងៗពិតជាទទឹកសម្ភារអស់ ។ ឈ្មោះម៉ែន សុភី និយាយថា បើអាជ្ញាធរក្រុងធ្វើបែបណឹងមើលឃើញតែសំយ៉ាបផ្ទះគាត់ ចុះត្រង់គេតសំយ៉ាបលក់ថ្នាំពេទ្យ និងកន្លែងវេរលុយរំលោភយកដីផ្សារកែប លយចូល4ម៉ែត្រម៉េចមើលមិនឃើញផង?

គេសំគាល់ឃើញថា លោកខេង យ័ន បន្ទាប់ពីបានកាន់តំណែងជាអភិបាលក្រុងកែប ជំនួសលោកស្រីទិត សុខា រួចមក បានសើរើជាច្រើនករណី ដូចជាហាមឃាត់មិនអោយក្រុមអ្នកជីវករក្រាលកន្ទេលតាមបណ្ដោយឆ្នេរយកលុយពីភ្ញៀវទេសចរ ការធ្វើរបស់អាជ្ញាធរក្រុងកែប ត្រូវបានប្រជាពលរដ្ឋកំពង់សារទរយ៉ាងខ្លាំង ។
ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ