រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថាននៅថ្ងៃទី២១ វិច្ឆិកា២០២២នេះ បានអោយដឹងថា ក្រុមអ្នកជំនាញតាមដាន និងស្រាវជ្រាវជីវចម្រុះ នៃដែនជម្រកសត្វព្រៃសំបូរ បានផ្តល់សេចក្តីរាយការណ៍ នៅថ្ងៃនេះថា បានកត់ត្រាវត្តមានសម្បុកសត្វត្រដក់តូចចំនួន ៤៨សម្បុក ដោយបានបញ្ជាក់ផងដែរពីវត្តមានរបស់បក្សីពេញវ័យចំនួនសរុប ៦៨ក្បាល ព្រមទាំងវត្តមានកូនតូចៗជាច្រើនទៀត កំពុងរស់នៅតាមទីជម្រកព្រៃលិចទឹកនៃទន្លេមេគង្គ ។
លទ្ធផលប្រកបដោយភាពលើកទឹកចិត្ត និងអមដោយក្តីរំភើបជាខ្លាំងនេះ គឺជាផ្នែកមួយដែលស្តែងចេញពីកិច្ចខិតខំជាចង្កោមនៃការស្រាវជ្រាវ និងតាមដានសត្វស្លាបក្នុងអំឡុងពេល នៃរដូវកាលពងកូនរបស់សត្វស្លាបមាឌធំមួយប្រភេទនេះ ចាប់ពីខែតុលាដល់ខែធ្នូ ដែលអនុវត្តដោយមន្ត្រីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្តក្រចេះ នៃក្រសួងបរិស្ថាន និងអ្នកជំនាញស្រាវជ្រាវសត្វព្រៃរបស់អង្គការ WWF ព្រមទាំងមានការចូលរួមផងដែរពីសមាជិកសហគមន៍មូលដ្ឋានដែលរស់នៅក្បែរតំបន់នៃទីជម្រកនោះ ។
អ្នកជំនាញផ្នែកជីវៈចម្រុះ នៃអង្គការ WWF បានពិពណ៌នាអំពីលទ្ធផលនាពេលនេះថា ជាកំណត់ត្រា នៃចំនួនសម្បុកសត្វត្រដក់ដែលមានអត្រាមួយខ្ពស់សម្រាប់រយៈពេល ៤ឆ្នាំចុងក្រោយ នៅក្នុងតំបន់ទីជម្រកមេគង្គនេះ ។
លើសពីនេះទៀត ចំនួនសម្បុកដែលត្រូវបានកត់ត្រានាពេលនេះបានកើនឡើងរហូតដល់ជិត ១៣០% បើប្រៀបធៀបទៅនឹងចំនួនត្រឹមតែ ២៤ សម្បុក ប៉ុណ្ណោះ ដែលត្រូវបានអ្នកជំនាញកត់ត្រាទុកក្នុងអំឡុងពេលដូចគ្នាកាលពីក្នុងឆ្នាំ ២០២១។
ក្រសួងបរិស្ថាន និងអង្គការ WWF ក្រោមការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលប្រទេសប៉ែលហ្ស៊ិច និងអង្គការ WWF ប៉ែលហ្ស៊ិច បាន និងកំពុងអនុវត្តកម្មវិធីការពារសម្បុកសត្វស្លាប ដោយឲ្យមានការចូលរួមផ្ទាល់ពីសហគមន៍មូលដ្ឋាន នៃតំបន់ទីជម្រក ក្នុងការងារតាមដាន និងការងារល្បាតជាប្រចាំ ដែលដឹកនាំដោយមន្ត្រីឧទ្យានុរក្ស ដើម្បីការពារពង និងសម្បុករបស់សត្វត្រដក់ទាំងនេះរហូតដល់ពួកវាញាស់ និងហើរចេញរកស៊ី ។ កម្មវិធីការពារសម្បុកសត្វស្លាបនេះផ្តោតលើប្រភេទសត្វស្លាបមានមាឌធំ រួមមាន សត្វត្រដក់តូច សត្វត្រយ៉ងចង្កំកស សត្វត្រយ៉ងយក្ស និងសត្វត្មាតទាំងបីប្រភេទ ។ សត្វត្រដក់តូចត្រូវបានចាត់ថ្នាក់ជាប្រភេទបក្សីងាយរងគ្រោះក្នុងបញ្ជីក្រហមរបស់ IUCN ហើយចំនួនរបស់វាត្រូវបានគេប៉ាន់ប្រមាណថាមានយ៉ាងហោចណាស់ចំនួន ៣,០០០ ក្បាល កំពុងរស់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែសត្វនេះកំពុងទទួលរងការគំរាមកំហែងដោយការបរបាញ់ ការបាត់បង់ជម្រកពងកូនដោយសារកត្តារិចរិល និងការបំលែងធម្មជាតិតំបន់ដីសើម ៕
ចែករំលែកព័តមាននេះ