ថ្ងៃទី២១វិច្ឆិកាស្អែកនេះ ពេលព្រឹក សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកមហាសន្និបាត អាយប៉ា ហើយល្ងាច បើកការប្រកួតកីឡាជាតិ
- ភ្នំពេញ
ភ្នំពេញ៖ តាមកម្មវិធី ដែលបានគ្រោងទុក នៅព្រឹកថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ នេះ នឹងអញ្ជើញថ្លែងសន្ទរកថា បើកមហាសន្និបាតអន្តរសភាអាស៊ាន អាយប៉ា លើកទី៤១។ រដ្ឋសភាកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ បានរៀបចំកិច្ចប្រជុំនេះ នៅសណ្ឋាគារ សុខា ភ្នំពេញ។
ដោយឡែក នៅល្ងាចថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាជាតិ លើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅមុខវិមានឈ្នះឈ្នះ ជិតស្ពានព្រែកព្នៅ ក្នុងរាជធានីភ្នំពេញ។ ពិធីបិទការប្រកួតកីឡាជាតិ នឹងធ្វើឡើងនៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។
សូមរម្លឹកថា កម្ពុជា រៀបចំព្រឹត្តិការណ៍កីឡាជាតិ រៀងរាល់ពីរឆ្នាំម្តង។ លើកទី១ កាលពីឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨។ ប៉ុន្តែព្រឹត្តិការណ៍ប្រកួតកីឡាជាតិ នៅឆ្នាំ២០២០ ត្រូវបានអាក់ខាន ដោយសារវិបត្តិជំងឺកូវីដ-១៩។
នៅឆ្នាំ២០២៣ កម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម។ ដូច្នេះការរៀបចំប្រកួតកីឡាជាតិ លើកទី៣ ចាប់ពីថ្ងៃទី២១-៣០វិច្ឆិកា ឆ្នាំ២០២២ នេះ គឺជាការត្រៀមខ្លួន សម្រាប់កម្ពុជាយើង ជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម នៅខែឧសភា ឆ្នាំ២០២៣៕





ចែករំលែកព័តមាននេះ