ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីការពារជាតិចិន ប្រកាសថា ចិន នឹងបន្ត​ជួយ​ដល់កម្ពុជាថែមទៀត

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម វ៉ី ហ្វុងហឺ (Wei…

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម វ៉ី ហ្វុងហឺ (Wei Fenghe) រដ្ឋមន្ត្រីការពារជាតិ​នៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ រដ្ឋមន្ត្រីការពារជាតិចិន បានមកកម្ពុជា ដើម្បីចូលរួម​កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ​អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូក ដែលនឹងប្រព្រឹត្តិទៅ នៅខេត្តសៀមរាប នាថ្ងៃទី២៣ វិច្ឆិកា ខាងមុខ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តម វ៉ី ហ្វុងហឺ បានគោរពវាយតម្លៃខ្ពស់​ និងសម្ដែង​នូវការ​អបអរសាទរជូនសម្ដេចតេជោ ចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជាជាមួយ​នឹងការដឹកនាំកិច្ចប្រជុំកំពូល​អាស៊ាន និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធទទួលបានលទ្ធផលយ៉ាងជោគជ័យ។

ឯកឧត្តម វ៉ី ហ្វូងហឺ ក៏បានសម្ដែងនូវការរីករាយចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសរវាងកងទ័ព និងកងទ័ព​ដែលកំពុងមាន​ទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការល្អ​ប្រកបដោយផ្លែផ្កា។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានជម្រាប​ជូនសម្ដេចតេជោ​ថា ចិន នឹងបន្តជួយដល់កម្ពុជាថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម វ៉ី ហ្វុងហឺ ដែលបានមកចូលរួម​កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ​អាស៊ានបូកដោយផ្ទាល់ ហើយក៏បានថ្លែង​អំណរគុណជូនឯកឧត្តមផងដែរ ចំពោះការវាយតម្លៃអំពី​ការរីកចម្រើនរបស់​កម្ពុជា និងការដឹកនាំ​កិច្ចប្រជុំ​កំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធកន្លងទៅ រួមជាមួយនឹងការថ្លែងអំណរគុណដល់​ជំនួយរបស់មិត្តចិន ដែល​បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ទាំងធនធានមនុស្ស និងការអភិវឌ្ឍន៍​របស់កម្ពុជា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ