ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានដឹកស្រូវ ចេញទៅវៀតណាម ផ្ទុក​លើសទ្រុង ត្រូវបានអប់រំ និងធ្វើកិច្ចសន្យា

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាល ស្រុកកំពង់រោទ៍​ បានឃាត់រថយន្តដឹកស្រូវជាច្រើនគ្រឿង ដែលដឹកលើសទ្រុង និងសំពីងសំពោង ដែលគេសង្ស័យថា លើសទម្ងន់ និងមានហានិភ័យ ជ្រុះធ្លាក់…

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាល ស្រុកកំពង់រោទ៍​ បានឃាត់រថយន្តដឹកស្រូវជាច្រើនគ្រឿង ដែលដឹកលើសទ្រុង និងសំពីងសំពោង ដែលគេសង្ស័យថា លើសទម្ងន់ និងមានហានិភ័យ ជ្រុះធ្លាក់ បង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ និងនាំឲ្យបាក់ស្រុតផ្លូវ ត្រូវបាន​ឃាត់ និងហៅអ្នកបើកបរ មកអប់រំ ព្រមទាំង​ធ្វើកិច្ចសន្យា ឈប់ឲ្យដឹកទំនិញសំពីងសំពោង​លើសទម្ងន់បន្តទៀត។

ករណីឃាត់រថយន្តនេះ បានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៣១៤D ស្ថិតនៅភូមិ​ត្រពាំងត្រាវ ឃុំញរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

សមត្ថកិច្ចនគបាលស្រុកកំពង់រោទ៍ បានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចឃាត់រថយន្តល្មើស​ច្បាប់ចរាចរណ៍ និងហៅអ្នកបើកបរ មកអប់រំ និងធ្វើកិច្ចសន្យា ស្រាប់តែមានប៉ុស្ត៍វិទ្យុ១ ផ្សាយថា សមត្ថកិច្ចចម្រុះស្រុកកំពង់រោទ៍ ឃាត់រថយន្តដឹកស្រូវ មិនមានកំហុស សួរនាំរកឯកសារ។

ប្រភពបន្តថា លោកស្នងការនៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង បានបំភ្លឺ ដូចខាងក្រោម៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមធ្វើការបំភ្លឺចំពោះសារព័ត៌មាន​វិទ្យុប្រជាជន – People Channel Cambodia ដែលបានចុះផ្សាយថា មានសមត្ថកិច្ចចម្រុះ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ឃាត់រថយន្តដឹកស្រូវ មិនមានកំហុស សួរនាំរកឯកសារនានា រួចអនុញ្ញាតអោយបន្តដំណើរវិញ។ ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងជំនាញខេត្ត និងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ធ្វើការស្រាវជ្រាវករណីខាងលើ ឃើញថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ ៣១៤D ត្រង់ចំណុចភូមិត្រពាំងត្រាវ ឃុំញរ ស្រុកកំពង់រោទិ៍ ពិតជាមានកម្លាំងសមត្ថកិច្ចចម្រុះ ដែលមានកម្លាំង​នគរបាលចរាចរណ៍​ស្រុក កងរាជអាវុធហត្ថស្រុក និងមានការសហការពីកម្លាំងប្រជាការពារ បានឃាត់រថយន្ដ​ដឹកស្រូវទាំងនោះពិតប្រាកដមែន ដោយមិនបានដាក់បារ៉ាសនៅលើដងផ្លូវនោះទេ។

អនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាអោយកម្លាំង​នគរបាលចរាចរណ៍ទាំងអស់ដែលមានភារកិច្ចត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ ហាមមិនអោយមានការដាក់ប៉ារ៉ាស់ត្រួតពិនិត្យនៅលើដងផ្លូវ និងមិនត្រូវឃាត់យានយន្ត​ត្រួតពិនិត្យបើសិនមិនមានកំហុស។

ចំពោះការឃាត់រថយន្តដឹកស្រូវខាងលើ ដោយមូលហេតុ សមត្ថកិច្ចយើងបានពិនិត្យឃើញថា រថយន្ដទាំងនោះ ដឹកសំពីងសំពោង មិនបានគ្របឲ្យបានត្រឹមត្រូវ និងដឹកលើសកំពស់ក្នុង​ច្បាប់កំណត់ មកធ្វើកិច្ចសន្យាអប់រំណែនាំ ពុំបានធ្វើការផាកពិន័យនោះទេ ព្រោះពេលកន្លងមក មានបងប្អូនប្រជាពលរដ្ឋ រស់នៅតាមដងជាតិលេខ ៣១៤ D ធ្លាប់ឃើញមានបាវស្រូវ​ធ្លាក់ពីលើរថយន្ដ ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរណាមួយទេ។

សមត្ថកិច្ចយើង មានវិធានការបែបនេះ គឺដោយមានការព្រួយបារម្ភខ្លាចមានហេតុការណ៍ កើតឡើងជាយថាហេតុ អាចបង្កឲ្យមានគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ។

ចំពោះការប្រើប្រាស់កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងប្រជាការពារ គ្រាន់តែជាកម្លាំងសហការជួយសម្រួលចរាចរណ៍តែប៉ុណ្ណោះ មិនមានតួនាទីត្រួតពិនិត្យ ផាកពិន័យ ឬចេញវិក័យបត្រផាកពិន័យចំពោះអ្នកល្មើសច្បាប់ឡើយ។
សមត្ថកិច្ចយើងបានធ្វើការអប់រំ និងកិច្ចសន្យាដល់ម្ចាស់រថយន្ដដឹកសំពីងសំពោងទាំងនោះ ឲ្យបញ្ឈប់ការដឹកលើសចំណុះ លើសកំពស់ដែលច្បាប់បានកំណត់ និងគ្របអោយបានត្រឹមត្រូវ ចាប់ពីថ្ងៃធ្វើកិច្ចសន្យាអប់រំនេះតទៅ បើមិនគោរពតាមកិច្ចសន្យា សមត្ថកិច្ចនឹងចាត់ការតាមនីតិវិធីច្បាប់។

ស្នងការ ក៏បានថ្លែងអំណរគុណ ចំពោះអ្នកសារព័ត៌មាន និងបងប្អូនប្រជាពលរដ្ឋ ដែលតែងតែចូលរួមសហការ តាមរយៈការផ្តល់ព័ត៌មានពាក់ព័ន្ធទៅនឹងហេតុការណ៍ ឬ បទល្មើសផ្សេងៗដែលបានកើតឡើង ធ្វើអោយកិច្ចប្រតិបត្តិការ បង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ របស់សមត្ថកិច្ចយើងទទួលបានលទ្ធផលល្អប្រសើរ៕ វ៉ាន់ប៊ុនធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ