ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​សាលា​បឋម​សិក្សា​ព្រៃ​ល្វា ធ្វេសប្រហែស​ធ្វើ​ឲ្យ​សិស្ស​ស្រី​ម្នាក់​ពិការ​ភ្នែក​ម្ខាង

1 ឆ្នាំ មុន
  • តាកែវ

ក្មេង​ស្រី​ម្នាក់​ដែល​ជា​សិស្ស​កំពុង​រៀន​នៅ​សាលា​បឋម​សិក្សា​ព្រៃ​ល្វា បាន​រង​របួស​ខ្វាក់​ភ្នែក​ម្ខាង ព្រោះតែ​ការ​ធ្វេសប្រហែស​ពី​លោកនាយក​សាលា

ខេត្តតាកែវ ៖ ក្មេង​ស្រី​ម្នាក់​ដែល​ជា​សិស្ស​កំពុង​រៀន​នៅ​សាលា​បឋម​សិក្សា​ព្រៃ​ល្វា បាន​រង​របួស​ខ្វាក់​ភ្នែក​ម្ខាង ព្រោះតែ​ការ​ធ្វេសប្រហែស​ពី​លោកនាយក​សាលា​។

ក្មេង​ស្រី​រូប​នេះ​កំពុង​រៀន​នៅ​ថ្នាក់​ទី​៤ នៃ​សាលា​បឋម​សិក្សា​ព្រៃ​ល្វា ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ហើយ​ត្រូវ​បាត់បង់​ភ្នែក​ម្ខាង​ទាំង​វ័យក្មេង ហើយ​ពលរដ្ឋ​ដែល​ជា​អ្នក​ឃើញ និង​ដឹង​ឮ​ហេតុ​ការណ៍​​នេះ បានឱ្យ​ដឹង​ថា នេះ​ជា​ការ​ធ្វេសប្រហែស​របស់​លោកនាយក​សាលា​បឋម​នេះ​តែ​ម្តង​។

ជាង​នេះ​ទៅ​ទៀត ក្រោយ​ពី​រង​របួស​ត្រូវ​ភ្នែក​ភ្លាម​ៗ គឺ​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ដែល​មាន​ជីវភាព​ក្រីក្រ​ផង​នោះ ត្រូវ​បង្ខំចិត្ត​យក​កូន​ទៅ​ព្យាបាល ដោយ​មិន​បាន​ទទួល​ថវិកា​សម្រាប់​សង្គ្រោះ​ពី​គណៈ​គ្រប់គ្រង​សាលា​នោះ​ទេ ទាំង​ដែល​ករណី​នេះ គឺជា​ការ​ទទួលខុសត្រូវ​មួយ​ភាគ​ធំ​របស់​លោកនាយក​សាលា​។ ហើយ​អ្វី​ដែល​ហួស​ថ្លែង​នោះ គឺថា គ្មាន​កំណត់ហេតុ​លើ​ករណី​នេះ​ទេ គឺ​និយាយ​គ្នា​តែ​ពាក្យ​សម្តី​រវាង​នាយក​សាលា ជាមួយនឹង​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​តែ​ប៉ុណ្ណោះ ។

ពលរដ្ឋ​ដែល​ជា​អ្នកដឹង​ឮ​រឿង​នេះ បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ វេលា​ព្រឹក លោកនាយក​សាលា​បាន​ប្រើ​ក្មេង​ប្រុស​ម្នាក់​ដែល​រៀន​នៅ​ថ្នាក់​ទី​៦ កាន់​ម៉ូ​ទ័​រ​កាត់​ស្មៅ ដើម្បី​សម្អាត​ទីធ្លា​សាលា​ទាំង​ដែល​ក្មេង​ប្រុស​រូប​នោះ​គ្មាន​ជំនាញ និង​តួនាទី​អ្វី​ក្នុង​សាលា​ក្រៅពី​មក​រៀន​នោះ​ទេ​។ ខណៈ​ពេល​កំពុង​តែ​កាត់​ស្មៅ​នោះ គាប់​ជួន​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ យ៉ុ​ន ល​ក្ខិ​ណា រៀន​ថ្នាក់​ទី​៤ (​ខ​) ដើរទៅ​ជិត ហើយ​ក៏​ខ្ទាត​ដំ​ថ្ម​ត្រូវ​ចំ​ភ្នែក​ខាងឆ្វេង បណ្តាល​ឲ្យ​រង​របួសធ្ងន់​តែ​ម្តង​។ លុះ​មក​ដល់​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ ភ្នែក​របស់​គាត់​បាន​ខូច​ទាំងស្រុង ដោយ​មិន​អាច​ព្យាបាល​បាន​ឡើយ​។

ឆ្លើយ​តប​ជាមួយនឹង​អ្នក​សារព័ត៌មាន លោក ម៉ឹង សុ​ប៊ុ​ន​ណា នាយក​សាលា​បឋម​សិក្សា​ព្រៃ​ល្វា ដែល​បាន​ទទួលស្គាល់​ថា ពិតជា​មាន ករណី​ដែល​កើតឡើង​ជាយថាហេតុ​ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​ពិតប្រាកដ​មែន​។

ដោយឡែក លោក អែម អនុប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ព្រៃកប្បាស​វិញ ក៏​បាន​បកស្រាយ​ឱ្យ​ដឹង​ថា រឿង​នេះ​ដោះស្រាយ​រួចរាល់​ហើយ ដោយ​ឪពុក​ម្ដាយ​សិស្ស​មិន​បាន​ប្តឹង​ទេ ហើយ​ពួក​គាត់​ទទួលយក​តាម​ការ​សម្របសម្រួល​ពី​សំណាក់​លោកនាយក​សាលា​។

ចំណែក​លោក ឡេ​ង ប៊ុ​ន​ឡុ​ង អធិការ​នគរបាល​ស្រុក​ព្រៃកប្បាស់ បាន​ឲ្យ​ដឹង​ដែរ​ថា លោក​អត់​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ទេ ព្រោះ​គ្មាន​ពាក្យបណ្តឹង​ពី​អាណាព្យាបាល​។ លោក​អធិការ​បញ្ជាក់​ថា បើ​មាន​ពាក្យបណ្តឹង លោក​នឹង​បើក​ការ​ស្រាវជ្រាវ​។

ក្រោយ​ពី​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ពិការ​ភ្នែក​ម្ខាង​ទាំងស្រុង​នោះ នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២ គណៈ​កម្មាធិការ ស​.​ស​.​យ​.​ក​.​ស្រុក​ព្រៃកប្បាស បាន​ចូលរួម​ជាមួយ​រដ្ឋបាល​ស្រុក​ព្រៃកប្បាស លោក​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ព្រៃ​ល្វា លោក​ប្រធាន​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ស្រុក លោកនាយក លោកគ្រូ អ្នកគ្រូ បាន​ទៅ​ចូលរួម​សួរសុខទុក្ខ និង​បាន​នាំ​យក​ថវិកា​ឧបត្ថម្ភ​សរុប​ចំនួន​១,១០០,០០០​រៀល និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ជូន​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​ខាងលើ គឺ​មាន​ជីវភាព​ក្រីក្រ​ខ្លាំង​ណាស់ ដូច្នេះ​ហើយ​សូម​ថ្នាក់​ដឹង​នាំ​ជួយ​ផ្គត់ផ្គង់​ផង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ