ជំនាញចរចា គឺជាវិធីមួយដើម្បីបង្កើតសម្ព័ន្ធភាពជាមួយអ្នកដទៃ មិនមែនគ្រាន់តែការបញ្ចប់កិច្ចសន្ទនាដោយចំណុចព្រមព្រៀងដែលអ្នកត្រូវការនោះទេ ប៉ុន្តែគួរតែ win-win (ឈ្នះ-ឈ្នះ) ជាមួយភាគីម្ខាងទៀតផងដែរ ។ នេះជាតិចនិកទាំង៥នៃការអភិវឌ្ឍជំនាញ និងសិល្បៈលម្អិតនៃការចរចា ដែលអ្នកអាចយកទៅអនុវត្តក្នុងជីវិតពិតបានដូចខាងក្រោម ៖
១-បង្កើតទំនាក់ទំនងមុនការចរចា ៖
អ្នកចរចាដែលឈ្លាសវៃ តែងកំណត់ការទំនាក់ទំនងឱ្យដើរមុននឹងដំណើរការចរចាជានិច្ច។ តិចនិកនេះនឹងជួយកែតម្រង់អ្នក និងភាគីម្ខាងទៀតឱ្យទទួលបានអារម្មណ៍របស់គ្នាទៅវិញទៅមក ។ វាមិនមែនជាការលះបង់អារម្មណ៍របស់ភាគីម្ខាងទៀតឆ្ពោះទៅបញ្ចប់ការចរចាទាំងលំបាកនោះទេ ។
ដូច្នេះ អ្នកគួរតែអភិវឌ្ឍន៍ជំនាញចរចា ដោយហ្វឹកហាត់បើកចិត្តឱ្យទូលាយ មានមិត្តភាព និងស្មោះត្រង់សម្រាប់ជាមូលដ្ឋានចរចា ដែលមិនត្រឹមតែក្នុងមុខជំនួញប៉ុណ្ណោះទេ ប៉ុន្តែអាចបង្កើតអារម្មណ៍ដ៏ល្អដល់គ្នាបានផងដែរ ។ នេះជាកូនសោសំខាន់នៃការចរចាដែលទទួលបានភាពជោគជ័យ ។
២-កុំមើលងាយសមត្ថភាពអ្នកដទៃ ៖
វាជាធម្មជាតិមូលដ្ឋានរបស់មនុស្សម្នាក់ៗដែលអាចដឹងថា អ្នកណាស្មោះត្រង់ ឬកុហក ។ ប្រសិនបើគេមានអារម្មណ៍ថា អ្នកមានអ្វីគួរឱ្យសង្ស័យ អ្នកបត់បែនសម្តី ឬកំពុងតែលាក់អាថ៌កំបាំង ហេតុនេះ គេនឹងមិនស្មោះត្រង់ជាមួយអ្នកដូចគ្នា ។ ផ្ទុយទៅវិញ នៅពេលណាដែលអ្នកសម្តែងចេញទៅត្រង់ៗ ហើយអាចធ្វើឱ្យភាគីម្ខាងទៀតមានអារម្មណ៍គោរព និងទុកចិត្តនោះ គឺការចរចារបស់អ្នកនឹងមានតម្លៃច្រើន ព្រមទាំងងាយស្រួលឡើងដែរ ។
៣-យុទ្ធសាស្ត្រ Win-Win ៖
win-win គឺជាផ្លូវចេញដ៏ល្អបំផុតរបស់ការចរចាគ្រប់រឿងទាំងអស់ ។ ការចរចាដើម្បីយកប្រយោជន៍តែភាគីម្ខាងនោះ វាជាអ្វីដែលគួរឱ្យធុញទ្រាន់ និងពិបាកបញ្ចប់ដោយជោគជ័យបានណាស់ ។ ដូច្នេះ ចូរសាកល្បងយល់ពីគោលបំណងរបស់ភាគីម្ខាងទៀត ព្រោះវាចាំបាច់ក្នុងការចរចាដ៏ល្អ ។
៤-រក្សាបរិយាកាសនៃការចរចា ៖
គ្រប់គ្នាតែងមានភាពជាមនុស្សធំ និងភាពជាកុមារនៅផ្នែកខាងក្នុង ដែលសុទ្ធសឹងតែជាប្រយោជន៍ក្នុងការចរចាតាមឱកាស ។ ជួនកាល ការចរចារឿងតូចតាចដូចជា តម្លៃសម្លៀកបំពាក់ មនុស្សភាគច្រើនប្រើប្រាស់វិធីបែបក្មេង ជជែកគ្នាងាយជាមួយអ្នកលក់ ដែលមើលទៅគ្មានអ្វីខុសប្លែក ។ ប៉ុន្តែបើការចរចាទៅលើរឿងផ្សេងវិញ ចំណុចស្មើគ្នានៃការយល់ឃើញ និងពាក្យសម្តី គឺជារឿងសំខាន់ដើម្បីបង្កើតភាពជឿជាក់ និងរក្សាបរិយាកាសជជែកឱ្យរលូនរហូតដល់ចុងបញ្ចប់ ។
៥-ស្ងាត់ស្ងៀម ៖
ជាវិធីចាំបាច់ សូមចាំទុកជានិច្ចថា គ្រប់យ៉ាងសុទ្ធតែមានចង្វាក់របស់វា ដែលពុំគួរយឺតយ៉ាវ ឬប្រញាប់ប្រញាល់ពេកដែរ ។ ជាញឹកញាប់ គេសង្កេតឃើញថា «ការមិននិយាយអ្វី» បែរជាល្អបំផុត និងកុំភ្លេចថា «ការនៅស្ងាត់ស្ងៀម» ក៏អាចប្រើជាវិធីដ៏មានប្រសិទ្ធភាពក្នុងការចរចាបានដែរ មិនថាជាមនុស្សនៅជិតខ្លួន ឬអ្នកដទៃឡើយ ៕
ចែករំលែកព័តមាននេះ