រាជធានីភ្នំពេញ ៖ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និស្សិតហាក់មានទំនោរសិក្សាផ្នែកគូរប្លង់ ឬហៅថា «ផ្នែកនគរូបនីវិជ្ជា» ព្រោះសម្លឹងឃើញទីផ្សារការងារល្អ ។
លោកសាស្ត្រាចារ្យមួយចំនួនចង់ឱ្យនិស្សិតជំនាន់ក្រោយគិតឲ្យបានច្បាស់ ព្រោះមុខវិទ្យាទាំងប្រាំរបស់សាលាវិចិត្រសិល្បៈសុទ្ធតែមានសារសំខាន់ដូចគ្នា ។ ជាក់ស្តែងមាននិស្សិតរៀនជំនាញគូរប្លង់នៅសាលារចនា ឬសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈច្រើន គឺរហូតទាល់តែសាលាសម្រេចចិត្តឈប់ទទួលពាក្យ ។ ដូច្នេះហើយមានការបារម្ភ ព្រោះថា៤ជំនាញទៀតសុទ្ធសឹងជាផ្នែកទ្រទ្រង់ លើកស្ទួយវប្បធម៌ឲ្យមានចរន្តដំណើរការទៅមុខទៀត ។
លោកសាស្ត្រាចារ្យមួយរូបសុំមិនបញ្ចេញឈ្មោះដែលបង្រៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈតាំងពីអំឡុងទសវត្ស៨០មកបានលើកឡើងកាលពីពេល ថ្មីៗកន្លងមកថា សម្រាប់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបែងចែកចំនួន៥មហាវិទ្យាល័យគឺមហាវិទ្យាល័យស្ថាបត្យកម្ម បុរាណវិទ្យា សូនរូប តន្ត្រី និងមហាវិទ្យាល័យសិល្បៈនាដសាស្ត្រ ។ ក្នុងចំណោមប្រាំមហាវិទ្យាល័យនេះ សម្រាប់ការពេញនិយមរបស់និស្សិត គឺផ្នែកស្ថាបត្យកម្ម ។ លំហូរបែបនេះ គឺតាំងពីសាលាចាប់ផ្តើមបញ្ចូលកម្មវិធីនេះ ពីដំបូងៗម្ល៉េះ មិនមែនទើបតែ៤ឬ៥ឆ្នាំនេះទេ។ ផ្នែកស្ថាបត្យកម្ម និងបុរាណវិទ្យាមាននិស្សិតច្រើន គឺក្នុងមួយជំនាន់ៗមាននិស្សិតរាប់រយនាក់ បើធៀបនឹងមហាវិទ្យាល័យផ្សេង គឺគុណដល់ទៅ១០ដងឯណោះ ។
លោកសាស្ត្រាចារ្យដដែលថ្លែងថា «កត្តាដែលនិស្សិតចង់រៀនផ្នែកនេះឃើញមកពីប្រទេសយើងកំពុងតែអភិវឌ្ឍន៍ ការសាងសង់សំណង់មានច្រើន និងតម្រូវឲ្យនិស្សិតមិនខ្វះទីផ្សារនោះឡើយ ។ ម្យ៉ាងទៀតសាលានេះជាសាលារដ្ឋបើកមុនគេ និស្សិតមានជំនាញចេញពីសាលានេះ តាំងពីដើមមកគឺមានគុណភាពជំនាញ ឬគុណភាពច្បាស់លាស់ បានជាសាលាទទួលនិស្សិតច្រើនមករៀនពីមួយជំនាន់ទៅមួយជំនាន់ បើអន់នោះប្រហែលជាគ្មានការមករៀនទេ ។ ក្រៅពីនេះសាស្ត្រាចារ្យដែលបង្រៀននៅតាមសាលាឯកជននានាគាត់ក៏ជាសិស្សនៅសាលានេះពីមុន ហើយគ្រូខ្លះក៏បង្រៀននៅទីនេះ និងឆ្លៀតបង្រៀននៅខាងក្រៅទៀតកាន់តែធ្វើឲ្យល្បី រហូតមានមន្ត្រី ធំៗមួយចំនួនសុទ្ធតែចេញពីសាលារចនានេះដែរ ។
ចំពោះមហាវិទ្យាល័យផ្សេងដែលមិនមានទីផ្សារនេះ ជាការគិតរបស់ ប្អូនៗ អ្នកណាមួយក៏គេចង់បានលុយកាក់ច្រើន និងទីផ្សារច្រើន តែការណ៍ពិត អ្វីៗដែលមាននៅទីនេះសុទ្ធតែជាអត្តសញ្ញាណជាតិទាំងអស់ ហើយតម្រូវការត្រូវតែមានទាំងអស់ ។ មូលហេតុមកពីគេមើលតែតម្រូវការរកលុយបានលឿន និងច្រើនជាងគេ។ យ៉ាងណាក៏ដោយ ក៏មាននិស្សិតខ្លះគាត់តាមគេតាមឯង រហូតមករៀនបោះបង់កណ្តាលទីលើផ្នែកស្ថាបត្យកម្មនេះក៏មាន ។ នេះមកពីកំណត់មិនច្បាស់ និងមិនមានចំណូលចិត្ត ។ ចង់បញ្ជាក់ជូនវិញថា បើស្រឡាញ់ជំនាញអ្វីឲ្យប្រាកដ កុំជោរតាមគ្នា នាំឲ្យខាតលុយកាក់អ្នកផ្ទះនោះទេ» ។
កញ្ញាឡាយ លីឈីវ និស្សិតឆ្នាំទី២ផ្នែកស្ថាបត្យកម្មនគរូបនីយវិទ្យា ពេញចិត្តមុខវិជ្ជានេះ ព្រោះនាងសម្លឹងឃើញទីផ្សារការងារលូតលាស់ ស្របពេលដែលប្រទេសជាតិកំពុងតែមានការអភិវឌ្ឍទៅមុខ ។ នាងតាំងចិត្តខិតខំស្តាប់លោកគ្រូពន្យល់និងយកចំណុច ល្អៗឲ្យមានគុណភាពពេលចេញទៅធ្វើការផ្នែកនេះ ។
កញ្ញាឡាយ លីឈីវ និយាយថា រៀមច្បង មុនៗគាត់មានការងារល្អ និងពិតជាមិនខកបំណង ខណៈដែល គ្រូៗនៅសាលារចនានេះសុទ្ធតែមានសភាពចេះដឹង និងបទពិសោធន៍យ៉ាងជោកជាំក្នុងការផ្ទេរចំណេះដឹងជូនសិស្សជំនាន់ក្រោយយ៉ាងពិតប្រាកដ» ។
និស្សិតជួរ សុផាន្នី សម្តែងការព្រួយបារម្ភនៅពេលដែលមហាវិទ្យាល័យផ្សេងមាននិស្សិត តិច ។ «ដូច្នេះហើយខ្ញុំចង់ឲ្យសិស្សជំនាន់ក្រោយគិតពីសារប្រយោជន៍នៃសិល្បៈ ព្រោះសិល្បៈផ្នែកណាក៏មានផ្តល់គុណតម្លៃដល់យើងដែរ គ្រាន់តែយើងចេះអ្វីចេះឲ្យប្រាកដប៉ុណ្ណោះ នោះនឹងជួយយើងវិញដែរ » ៕
ចែករំលែកព័តមាននេះ