ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា ពេញមួយខែវិច្ឆិកា រហូតដល់ពាក់កណ្តាលខែធ្នូ គឺជាពេលវេលាប្រមូលផលស្រូវរដូវវស្សា ជាពិសេសប្រភេទពូជស្រូវផ្ការំដួល ដែលជាហេតុ ធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវ កំពុងកកស្ទះ និងជះឥទ្ធិពលដល់ថ្លៃស្រូវ ដូចកាលពីឆ្នាំកន្លងទៅដែរ។ ឆ្នាំនេះ បើទោះបីជាដំណាំស្រូវ ត្រូវរងផលប៉ះពាល់ដោយសារទឹកជំនន់ក៏ដោយ ក៏ការប្រមូលផលនៅតែមានច្រើន និងសម្រុកធ្វើឡើងព្រមៗគ្នា ចាប់ពីដើមខែវិច្ឆិកាមក។
សេចក្តីប្រកាស បន្តថា នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រោងម៉ាស៊ីនកិនស្រូវជាច្រើន កំពុងមមាញឹក ក្នុងការប្រមូលទិញ សម្ងួត និងកិនស្រូវប្រភេទផ្ការំដួលនេះ ទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសអំពាវនាវដល់បងប្អូនប្រជាកសិករ ដែលជួបបញ្ហាជាក់ស្តែង ឱ្យទាក់ទងផ្ទាល់មកក្រុមការងាររបស់ក្រសួង តាមរយៈទូរស័ព្ទលេខ 095 951 111 ( សម្រាប់ខេត្តបាត់ដំបង ) និងលេខ 012 838 937 ( សម្រាប់ខេត្តបន្ទាយមានជ័យ ) ដើម្បីឱ្យក្រុមការងារក្រសួង អាចទទួលបានព័ត៌មានពេញលេញ និងធ្វើការសម្របសម្រួលជាមួយរោងម៉ាស៊ីនកិនស្រូវ នៅក្នុងតំបន់៕



ចែករំលែកព័តមាននេះ