ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារពិសេសជូនជនរួមជាតិ៖ សម្តេចតេជោ ហ៊ុន សែន បង្ហាញកង្វល់​ពីសុខភាពមេដឹកនាំ​នានា ខណៈសុខភាពសម្តេច ល្អធម្មតា និងពិតជាកើតកូវីដ​ប្រាកដមែន!

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅពេលចុះពីយន្តហោះ ហើយ​អញ្ជើញដល់​ផ្ទះរបស់សម្តេច នៅតាខ្មៅ ខេត្តកណ្តាល នាយប់​ម៉ោងជាង ៧ ថ្ងៃទី១៥ ខែវិច្ឆិកា សម្តេចតេជោ…

ភ្នំពេញ៖ នៅពេលចុះពីយន្តហោះ ហើយ​អញ្ជើញដល់​ផ្ទះរបស់សម្តេច នៅតាខ្មៅ ខេត្តកណ្តាល នាយប់​ម៉ោងជាង ៧ ថ្ងៃទី១៥ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន បានចេញសារ​ជាសំឡេងជិត ៩នាទី ជូនជនរួមជាតិ​។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវ​កង្វល់​របស់សម្តេច ចំពោះសុខភាពរបស់មេដឹកនាំនានា ដែលទើបចេញពី​កិច្ចប្រជុំ​នៅកម្ពុជា ខណៈដែលសម្តេច ប្រកាសថា សុខភាព​របស់សម្តេចពេលនេះ ល្អធម្មតា ហើយសម្តេច ពិតជាឆ្លងកូវីដពិតប្រាកដ មិនមែន​ជាកូវីដនយោបាយ​នោះទេ​។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា កូវីដ​ ដែលសម្តេចកើត​នេះ តូចតាចទេ។ តែសម្តេចខ្វល់​ជាងគេ គឺមេដឹកនាំ​នានា ដែលទើបចេញពីកិច្ចប្រជុំ​កំពូលអាស៊ាន និងកិច្ចប្រជុំ​កំពូលពាក់ព័ន្ធ ដែលទើបចេញពីកម្ពុជា​ ទៅចូលរួមកិច្ចប្រជុំ​កំពូល G20 នៅប្រទេស​ឥណ្ឌូនេស៊ី និងបានវិលត្រឡប់​ទៅប្រទេសរបស់ខ្លួនវិញ។​ តើមេដឹកនាំទាំងអស់នោះ កើតកូវីដ ឬអត់?​

សម្តេចតេជោ បន្តថា មេដឹកនាំទៅប្រជុំ G20 នៅឥណ្ឌូនេស៊ី ស្ទើរតែ​ពាក់កណ្តាល ដែលទើបតែចាកចេញពីកិច្ចប្រជុំ​នៅកម្ពុជា។ ក្នុងនោះ មេដឹកនាំមួយចំនួន បាននៅស្និទ្ធស្នាលជាមួយសម្តេច ដូចជា ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ាន នៅឆ្នាំក្រោយ រាប់​ទាំងប្រធានាធិបតី​អាមេរិក ចូ បៃដិន គឺសម្តេច បាន​ជួប អង្គុយជិតគ្នា ទទួលទានបាយជាមួយគ្នា និងធ្វើការ ហើយប្រជុំជាមួយគ្នាថែមទៀតផង។

ដូច្នេះសម្តេចតេជោ ហ៊ុន សែន លើកឡើងថា កង្វល់ធំរបស់សម្តេច ពេលនេះ គឺសុខភាពរបស់មេដឹកនាំ​ប្រទេសនានា និងអង្គការអន្តរជាតិនានា ដែល​បានមកចូលរួម​កិច្ចប្រជុំ នៅកម្ពុជា​។ តែឆ្លងកាត់តាមការស្រាវជ្រាវ​ មកដល់ពេលនេះ សម្តេចតេជោ បញ្ជាក់ថា មិនមានមេដឹកនាំណាម្នាក់ ឆ្លងកូវីដពីកម្ពុជានោះទេ​។

សម្តេចតេជោ ក៏បានទាញការសន្និដ្ឋានថា ប្រហែលសម្តេចឆ្លងកូវីដ ដោយសារតែពេលសម្តេច ហត់នឿយរយៈពេល ១អាទិត្យចុងក្រោយនៃការរៀបចំកិច្ចប្រជុំ​កំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលសម្តេចត្រូវធ្វើការ ១៥ម៉ោង ក្នុង ១ថ្ងៃ​។

យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេច​នឹងខិតខំព្យាបាលជំងឺកូវីដ ដែលមកដល់ពេលនេះ សុខភាពរបស់សម្តេច ធម្មតា ហើយសម្តេចក៏ទទួលទានបាយ បានធម្មតា​។ សម្តេចក៏បន្តធ្វើការពីផ្ទះ លើកលែងតែការជួបភ្ញៀវ ព្រោះសម្តេច​ មិនមានអ្វីធ្ងន់ធ្ងរ​នោះទេ​។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរព្រះគុណព្រះករុណា ព្រះមហាក្សត្រ និងហ្លួងម៉ែ ក៏ដូចជាអរគុណព្រះតេជគុណ ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ដែលបានប្រទានពរ និងជូនពរសម្តេច ឱ្យឆាប់ជាពីកូវីដ​ ពេលនេះ។​

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសសុំចិត្ត​អ្នកវិភាគ​មួយចំនួន ដែលលើកឡើងថា ប្រហែលជាប្រទេសខ្លះ មានបំណងមិនឱ្យសម្តេច​ ចូលរួមប្រជុំ​ G20 នៅឥណ្ឌូនេស៊ី និង​កិច្ចប្រជុំ​ APEC នៅថៃ ទើបបង្កើតព័ត៌មានថា សម្តេច ឆ្លងកូវីដដូច្នេះ​។ តែសម្តេចតេជោ បញ្ជាក់ថា ពិតណាស់ គ្មានប្រទេសណា មិនចង់​ឱ្យសម្តេច ​ចូលរួមប្រជុំនោះទេ​។ ឥណ្ឌូនេស៊ី ចង់ណាស់ ឱ្យសម្តេច ក្នុងនាមជាប្រធានអាស៊ាន ចូលរួម​ប្រជុំ ហើយថៃ ក៏ពិត​ជាចង់ណាស់ ឱ្យ​សម្តេច ចូលរួមកិច្ចប្រជុំ APEC នៅបាងកក។ នៅបាងកក សម្តេច ក៏មានគម្រោង ជួបប្រធានាធិបតីចិន និងជួបដាច់ដោយឡែក​ ជាមួយ​ប្រធានាធិបតីបារាំង។​

ដូច្នេះសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នេះជាកូវីដពិតប្រាកដ ដែលសម្តេច ឆ្លង ដោយសារតែភាពទន់ខ្សោយ​របស់សម្តេច ក្នុងរយៈពេលប៉ុន្មានថ្ងៃ អំឡុងពេលរៀបចំកិច្ចប្រជុំ​កំពូលអាស៊ាន និងកិច្ចប្រជុំ​កំពូលពាក់ព័ន្ធ​ កាលពីចុងសប្តាហ៍កន្លងមក​ប៉ុណ្ណោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ