ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិភាគ ៖ ហាង​កាហ្វេ​នៅ​ភ្នំពេញ បាន​រីក​ដូច​ផ្សិត ហើយ​ទោះបី​មាន​វត្ត​មាននៅ​គ្រប់កន្លែង ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា​ហាង​កាហ្វេ​ថ្មី​ៗ នៅ​តែ​បន្ត​បើក​ជា​បន្តបន្ទាប់ ដែល​ការ​បើកហាង​ថ្មី​ៗ ឥត​ឈប់​ឈរ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា…

វិភាគ ៖ ហាង​កាហ្វេ​នៅ​ភ្នំពេញ បាន​រីក​ដូច​ផ្សិត ហើយ​ទោះបី​មាន​វត្ត​មាននៅ​គ្រប់កន្លែង ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា​ហាង​កាហ្វេ​ថ្មី​ៗ នៅ​តែ​បន្ត​បើក​ជា​បន្តបន្ទាប់ ដែល​ការ​បើកហាង​ថ្មី​ៗ ឥត​ឈប់​ឈរ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា អាជីវកម្ម​កាហ្វេ នៅ​តែ​មានឱកាស​រក​ចំណូល​បាន ។

ហាង​កាហ្វេ​មាន​តម្លៃ​ចាប់ពី ១​ដុល្លារ ដល់​ជិត ៥​ដុល្លារ ទៅ​តាម​ភាព​ទំនើប និង​ប្រែ​ន របស់​ហាង​នីមួយ​ៗ​។ តម្លៃ ប្រាំ​ដុល្លារ គឺ​មាន​ន័យ​ថា អាច​ទិញ​ម្ហូប​ចិញ្ចឹមជីវិត​មនុស្ស មួយ​គ្រួសារ​នៅ​តាម​ជនបទ បាន​មួយ​ថ្ងៃ​។

អាជីវកម្ម​កាហ្វេ​នៅ​ភ្នំពេញ មាន​ច្រើន​សណ្ឋាន​ច្រើន​ប្រភេទ ជា​ហាង​កាហ្វេ​ធំ​ៗ ដែល​បាន​នាំ​ម៉ាក​យីហោ​ល្បី​ៗ​ពី​បរទេស មក​បើក​អាជីវកម្ម ឬ​ជា​ការ​បើក​អាជីវកម្ម​ថ្មី​តែ​ម្តង ។ ប្រភេទ​កាហ្វេ Brand នេះ មាន​កន្លែង​អង្គុយ​ទទួលទាន​ទំនើប ផា​សុខភាព ដែល​អ្នក​ចូល ទទួលទាន​កាហ្វេ ជា​ច្រើន​បាន​យក​ហាង​កាហ្វេ​ទំនើប​ទាំងនោះ ជា​កន្លែងធ្វើការ កន្លែង​សិក្សា ឬ​ជាទី​ណាត់ជួប មិន​ថា​ជួប​ពិភាក្សា​ការងារ ពិភាក្សា​ជំនួញ និង​ជួប​សារ​សង​ស្នេហា​នោះ​ទេ ។

ក្រៅពី​ហាង​កាហ្វេ​ធំ​ៗ តូប​លក់​កាហ្វេ​តាម​ចិញ្ចើម​ផ្លូវ ក៍​សម្បួរ​ដែរ​នៅ​ភ្នំពេញ​។ កាហ្វេ​លក់ តាម​ចិញ្ចើម​ផ្លូវ ជា​តូប​ឬ​ផ្ទះ​តូច​ៗ គ្មាន​កន្លែង​អង្គុយ​ទទួលទាន​ទេ ភាគច្រើន​គេ​ទិញ​កាហ្វេ ទៅ​ទទួលទាន​នៅ​កន្លែង​ផ្សេង​។ និយាយ​ជា​រួម​ទាំង​ហាង​ធំ​ៗ ទាំង​តូប​លក់​តូចតាច នៅ​ភ្នំពេញ គេ​ក្រឡេក​ទៅ​ខាង​ណា ក៏​ឃើញ​កន្លែង​លក់​កាហ្វេ​ដែរ ។

តម្លៃ​កាហ្វេ​មាន​ផ្សេង​ៗ​គ្នា​។ កាហ្វេ​លក់​តាម​តូប មាន​តម្លៃ​ប្រមាណ ៤​ពាន់​រៀល ឬ​ស្មើ​មួយ​ដុល្លារ ចំណែក​កាហ្វេ​លក់​ក្នុង​ហាង​ធំ​ៗ មាន​តម្លៃ​ចាប់ពី​២​ដុល្លារ ទៅ​៥​ដុល្លារ ជា​ធ​ម្យ​ម ។

អ្នក​ញៀន​កាហ្វេ​ខ្លះ ទទួលទាន​កាហ្វេ​លើស​ពី​ពីរ​កែវ ក្នុង​មួយ​ថ្ងៃ ដូច្នេះ​បើ​គេ​គិត​ពី​ចំណាយ លើ​កាហ្វេ​ប្រចាំ​ថ្ងៃ​មិន​តិច​ប៉ុន្មាន​ទេ ។

សម្រាប់​កាហ្វេ​លក់​ក្នុង​ហាង ដែល​គិត​ជា​មធ្យម ថា ៣​ដុល្លារ​ក្នុង​១​កែវ គឺ​ស្មើ​តម្លៃ​អង្ករ​ប្រភេទ​ល្អ ៣​គីឡូក្រាម​។ តម្លៃ​អង្ករ​ផ្ការ​ម្លិះ ដែល​បាយ​ឆ្ងាញ់​មាន​តម្លៃ​៤​ពាន់​រៀល ឬ​មួយ​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ចំណែក​ប្រភេទ​អង្ករ​នាងមិញ និង​ផ្ការ​ខ្ញី​វិញ ថ្លៃ​ត្រឹម​២,៥០០​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម ។

លើស​ពី​នេះ មានការ​លើក​ឡើង​ថា តម្លៃ​កាហ្វេ​មួយ​កែវ​របស់​អ្នក​ភ្នំពេញ អ្នកស្រុក​នៅ​ទី​ជនបទ អាច​ទិញ​ម្ហូប​ហូប​មួយ​គ្រួ​សារបាន ។ នៅ​ទី​ជនបទ ការ​ចំណាយ​របស់​ពលរដ្ឋ​លើ​ម្ហូបអាហារ មិនសូវ​អស់​ច្រើន​នោះ​ទេ​។ ពលរដ្ឋ​អាច​ទិញ​តែ​ត្រី សាច់​ពី​ផ្សារ ចំណែក​បន្លែបង្ការ​ពួក​គាត់ ដាំ​នៅ​ក្បែរ​ផ្ទះ​។ នៅ​ជនបទ​ជូន​កាល​ថវិកា​មួយ​ម៉ឺន​រៀល អាច​ធ្វើ​ម្ហូប​ហូប​បាន​មួយ​គ្រួសារ ​។

និយាយ​ពី​អ្នក​និយម​ចូល​ហាង​កាហ្វេ​នៅ​ភ្នំពេញ​វិញ មាន​ទាំងប្រុស​ទាំងស្រី មាន​ទាំង​ក្មេង និង​មនុស្ស​ចាស់ ដ្បិតអី​នៅ​ក្នុង​ហាង​ហ្វេ ក្រៅពី​លក់​កាហ្វេ នៅ​លក់​ចំណីអាហារ​ច្រើន​ទៀត មាន​ទាំង​ម្ហូប​ខ្មែរ ម្ហូបរ​បទេស ដូច្នេះ គេ​ចូល​ហាង​កាហ្វេ គេ​អាច​រក​អ្វី​ច្រើន​មុខ​ទទួល ទាន​បាន ​។

កាហ្វេ​ជា​ភេសជ្ជៈ​មួយ ដែល​អ្នក​និយម​ទទួលទាន​កាហ្វេ​ហើយ ពិបាក​ខាន​ទទួលទាន​វា​ណាស់ គេ​ត្រូវ​តែ​ទទួលទាន​វា​ជា​ប្រចាំ​ថ្ងៃ​ ទើប​មាន​អារម្មណ៍ល្អ មិន​ស្មុគស្មាញ​។ អ្នកខ្លះ​ញៀន​កាហ្វេ រហូត​ដល់​ថ្នាក់​ថា បើ​មិន​បាន​ទទួលទាន​កាហ្វេ គិត​អ្វី​មិន​ចេញ​ឡើយ​ ។

អ្នក​សេដ្ឋកិច្ច​ទទួលស្គាល់​ថា ​កាហ្វេ​ជា​ផ្នែក ​នៃ​ការ​ចំណាយ​មួយ​របស់​ពលរដ្ឋ​នៅ​ទីក្រុង​នា​ពេល​បច្ចុប្បន្ន​នេះ​។ ជូន​កាល​ពលរដ្ឋ​អាច​នឹង​ភ្លេច​គិត​ពី​ការ​ចំណាយ​នេះ ឧបមា​ថា បើ​គេ​និយមទទួលទាន​កាហ្វេ Brand នៅ​ក្នុង​មួយ​ថ្ងៃ​ពីរ​កែវ​ដូច្នេះ គេ​ចំណាយ​មិន​តិច​ជាង ៦​ដុល្លារ ឡើយ​សម្រាប់​តែ​កាហ្វេ​មួយ​មុខ ក្នុង​មួយ​ថ្ងៃ​នោះ​។

ទោះ​យ៉ាងណា ការ​កាន់​កែវ​កាហ្វេ Brand មួយ​កែវ អាច​បង្ហាញ​ពី​ភាព​ស៊ី​វី​ល័យ ទាន់សម័យ​ ។​ អង្គុយ​ក្នុង​ហាង​កាហ្វេ បាន​កាត់​បន្ថយ​ពី​ភាព​នឿយហត់ ​ក្នុង​ការងារ ​និងការ​រកស៊ី​។ កាហ្វេ​បាន​កំពុង​ក្លាយជា​ភេ​ជ្ជៈ​ពេញ​និយម ស៊ី​វិ​ល័យ លើស​ពី​អ្វី​ដែល​មនុស្ស សម័យ​មុន ទទួលទាន​កាហ្វេ​ដោយសារ​រស់ជាតិ​ឈ្ងុ​ញ​ និង​ញៀន​វា​តែ​ប៉ុណ្ណោះ​។ នៅ​ក្នុង​សម័យនេះ ការ​ចូល​ទទួលទាន​កាហ្វេ​មួយ​កែវ គេ​អាច​រក​ចំណូល​បាន​មក​វិញ រាប់​ម៉ឺន​ដុល្លារ ក៍មានដែរ​ ៕

A homeless girl asks for alms outside a coffee shop in Mumbai, India, June 24, 2016. REUTERS/Danish Siddiqui/Files

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ