ឮ​សម្រែក​ទាំង​ព្រឹក «​ជួយ​ផង​ៗ» ចេញពីផ្ទះ​សំណាក់​បិទទ្វារ​ទុក​ចោល​ជាង​១​ឆ្នាំ


រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង បន្ទាប់​ពី​អ្នក​ជិតខាង​បានឮ​សម្រែក​មនុស្ស​ប្រុស​ស្រែ​កថា “​ជួយ​ផង​ៗ”​ យ៉ាង​រន្ថើន​ចេញពី​ក្នុងផ្ទះ​សំណាក់ “​លី​លី​” ដែល​ត្រូវ​បាន​ម្ចាស់​បិទទ្វារ​ចោល​អស់​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មក​ហើយ​នោះ ក្រោយ​ពេល​មាន​អំពើឃាតកម្ម​យ៉ាង​ព្រៃផ្សៃ​កើត​មាននៅ​ទីនោះ ។

បន្ទាប់​ពី​បានឮ​សូរ​សម្រែក​មនុស្ស​ស្រែក​ឱ្យ​ជួយ​បែប​នេះ អ្នក​ជិតខាង​ភ្លាម​ៗ​បាន​រាយការណ៍​ជូន​កម្លាំង​សមត្ថកិច្ច​ឱ្យ​ចាត់​កម្លាំង​ចុះ​ទៅ​ពិនិត្យ​មើល ហើយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ និង​កងរាជអាវុធហត្ថ ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​ធ្វើការ​ឆែកឆេរ​ភ្លាម​ៗ គ្រប់​កៀនកោះ​គ្រប់​បន្ទប់​ទាំងអស់ ប៉ុន្តែ​មិន​បានឃើញ​អ្វី​នោះ​ឡើយ ។

ការ​ភ្ញាក់ផ្អើល​ខាងលើ​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ មេ​សា នៅ​ក្នុងផ្ទះ​សំណាក់​យីហោ​”​លី​លី​”​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

អ្នក​ជិតខាង​បាន​និយាយ​ប្រាប់​កោះសន្តិភាព​ព្រឹក​កើតហេតុ​ថា ផ្ទះសំណាក់​មួយ​នេះ​បាន​បិទទ្វារ​ចាក់សោរ​ចោល និង​ដាក់​ស្លាក​លក់​ជាង​១​ឆ្នាំ​កន្លង​មក​ហើយ បន្ទាប់​ពី​មាន​ឃាតកម្ម​ចាក់​សម្លាប់​គ្នា​កាលពី​ពេល​កន្លង​មក ប៉ុន្តែ​គ្មាន​អ្នក​ណា​ហ៊ាន​ទិញ​ទេ ។ ម្ចាស់ផ្ទះ​សំណាក់​ជា​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី ។

ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ពួក​គាត់​បានឮ​សម្រែក​មនុស្ស​ប្រុស​ស្រែក​ចេញពី​ក្នុងផ្ទះ​សំណាក់​មួយ​នេះ​ថា «​ជួយ​ផង​ៗ» យ៉ាង​រន្ថើន​បំផុត ដែល​គិត​ថា​អាច​មាន​អំពើអាក្រក់​ណាមួយ​នៅ​ទីនោះ​ហើយ​មើលទៅ ។ ពេល​នោះ​ដោយសារ​តែ​ខ្លាច​មានរឿង​ហេតុ​អ្វី​កើតឡើង​ត្រូវ​តែ​ប្រញាប់​ជួយ​គ្នា ទើប​ពួក​គាត់​បាន​រាយការណ៍​ជូន​នគរបាល ឱ្យ​ចុះ​ទៅ​ពិនិត្យ​មើល​តែ​ម្ដង ។

ទាក់ទិន​ទៅ​នឹង​ហេតុការណ៍​នោះ នគរបាល​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ភ្លាម​កម្លាំង​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាម​ៗ និង​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ផង​ដែរ រួម​ជាមួយ​ប្អូនប្រុស​ម្ចាស់ផ្ទះ​សំណាក់​នោះ ចាក់សោរ​ចូល​ទៅ​ធ្វើការ​ត្រួតពិនិត្យ​មើល ។ ប្អូនប្រុស​ម្ចាស់ផ្ទះ​សំណាក់​នោះ បាន​នាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​មើល​គ្រប់កន្លែង គ្រប់​កៀនកោះ ប៉ុន្តែ​មិន​បានឃើញ​មាន​អ្វី​ដែល​គួរ​ឱ្យ​សង្ស័យ​នោះ​ឡើយ ទើប​កម្លាំង​សមត្ថកិច្ច​ទាំង​២​ស្ថាប័ន​បាន​សម្រេចចិត្ត​ដកថយ​ក្រោយ​វិញ ទាំង​ឆ្ងល់​មិន​ទាន់​ឈប់ ។

ចំណែកឯ​សម្លេង​ស្រែក​ឱ្យ​ជួយ​នោះ​មិនដឹង​ថា​ជា​អ្វី​នោះ​ទេ ហើយ​ផ្ទះ​ដែល​ស្ថិត​នៅ​ជុំវិញ​នោះ ក៏​មិន​មាន​អ្វី​គួរ​ឱ្យ​សង្ស័យ​ដែរ គឺ​សង្ស័យ​ទៅ​លើ​តែ​ផ្ទះសំណាក់​មួយ​នេះ​តែ​ប៉ុណ្ណោះ ។

ប៉ូលិស​ម្នាក់​និយាយ​តិច​ៗ​ថា សង្ស័យ​ខ្មោចលង​ទេ​ដឹង ព្រោះ​ទី​នេះ​ធ្លាប់​កើត​មាន​ឃាតកម្ម​ចាក់​សម្លាប់​គ្នា​ស្រស់​ៗ ។ អ​បី​យ​ជំនឿ​បែប​នេះ កុំ​អាល​និយាយ​ថា​មិន​ជឿ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ