ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស៊ាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ

6 ឆ្នាំ មុន

ម៉ានីល​-​ហ្វ៊ី​លី​ពី​ន ៖ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០​ក្រោម​ប្រធានបទ «​ភាព​ជា​ដៃគូសម្រាប់​ការ​ផ្លាស់​ប្តូរ ការ​ចូលរួម​ជាមួយ​ពិភពលោក​» បាន​ប្រារព្ធ​ពិធី

ម៉ានីល​-​ហ្វ៊ី​លី​ពី​ន ៖ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០​ក្រោម​ប្រធានបទ «​ភាព​ជា​ដៃគូសម្រាប់​ការ​ផ្លាស់​ប្តូរ ការ​ចូលរួម​ជាមួយ​ពិភពលោក​» បាន​ប្រារព្ធ​ពិធី​បើក​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា នៅ​មជ្ឈមណ្ឌល​សន្និបាត​អន្តរជាតិ​ហ្វ៊ី​លី​ពី​ន ទីក្រុង​ម៉ានីល សាធារណរដ្ឋ​ហ្វ៊ី​លី​ពី​ន ។ មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន​ទាំង​១០​ប្រទេស បាន​យាង​និង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ ដែល​ហ្វ៊ី​លី​ពី​ន​ធ្វើ​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន​ក្នុង​ឆ្នាំ​២០១៧ ។ នេះ​គឺជា​លើក​ទី​៤​ហើយ ដែល​ប្រទេស​ហ្វ៊ី​លី​ពី​ន​បាន​ដើរតួ​នាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន ដែល​លើក​ទី​១​នៅ​ឆ្នាំ​១៩៨៧ លើក​ទី​២​ឆ្នាំ​១៩៩៩ និង​លើកទី​៣​នៅ​ឆ្នាំ​២០០៦​។

កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្នុង​ឆ្នាំ​២០១៧ គឺ​ស្រប​ពេល​នឹង​ការ​ប្រារព្ធ​ខួប​លើក​ទី​៥០ នៃ​ការបង្កើត​សមា​គ​អាស៊ាន​។ នៅ​មុន​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០ ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ទាំង​១០​ប្រទេស ត្រូវ​បានការ​ធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល និង​រាក់ទាក់​បំផុត​ពី​សំណាក់​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វ៊ី​លី​ពី​ន និង​លោក​ជំទាវ ។

សូម​បញ្ជាក់​ថា មេដឹកនាំ​អាស៊ាន​ទាំង​១០ប្រទេស ដែល​បាន​យាង​និង​អញ្ជើញ​ចូលរួមក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០ នៅ​ទីក្រុង​ម៉ានីល សាធារណរដ្ឋ​ហ្វ៊ី​លី​ពី​ន នា​ពេល
នេះ​រួម​មាន ព្រះករុណា​ស៊ុ​ល​តង់ នៃ​ព្រះរាជាណា​ចក្រ​ប្រ៊ុ​យ​ណេ​ដា​រុយ​សា​ឡឹម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក យូ​កូ យូ​ដូ​យូ​ណូ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី និង​លោក​ជំទាវ លោក ថង់​លួ​ន​ ស៊ី​សូលី​ត នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​លោក​ជំទាវ លោក ដា​តុ​ប៊ី​ន ណា​ជីប​រ៉ា​ហ្សា​ក់ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​លោក​ជំទាវ លោក​ជំទាវ អ៊ុ​ង សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​នៃ​សាធារណរដ្ឋ​សហភាពមី​យ៉ា​ន់​ម៉ា លោក លី សៀន​ឡុ​ង នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី លោកនាយ​ឧត្តមសេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចារ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ និង​លោក​ជំទាវ លោក ង្វៀ​ន សួន​ហ្វុ​៊​ក នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​លោក​ជំទាវ រួម​ទាំង​អគ្គលេខាធិការ​អាស៊ាន និង​លោក​ជំទាវ ។

ថ្លែង​សុន្ទរកថា​បើក​កិច្ចប្រជុំ​កំពូល​នេះ លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វ៊ី​លី​ពី​ន និង​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០ បាន​ធ្វើការ​អំពាវនាវ​ដល់​បណ្តា​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំ​អស់ សូម​ធ្វើការ​ឧទ្ទិសនិង​ប្តេជ្ញា​ចិត្តជា​ថ្មី​ចំពោះ​គោលការណ៍ និង​គោលបំណង​ស្ថិត​នៅ​ពីក្រោយ​ការ​បង្កើត​អាស៊ាន ដោយ​ប្រកាន់ខ្ជាប់​នូវ​នីតិរដ្ឋ ។ ស្មារតី​ជា​សហគមន៍​អាស៊ាន នឹង​បង្ក​លទ្ធភាព​ឲ្យ​អាស៊ាន​ជម្នះ​បាន​នូវ​រាល់​បញ្ហា​ប្រឈម​នានា ។

ជាមួយ​គ្នា​នេះ លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ ក៏​បាន​អំពាវនាវ​ដល់​ដៃគូ​សន្ទនា​ទាំងអស់​របស់​អាស៊ាន បន្ត​គាំទ្រ​ដោយ​ឥត​ងាករេ​សម្រាប់​ការ​អភិវឌ្ឍ​របស់​អាស៊ាន និង​សម្រាប់​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​កិច្ចការ​សន្តិសុខ ស្ថិរភាព និង​ការ​រីក​ចម្រើន​ក្នុង​តំបន​។ លោក​ក៏​បាន​អំពាវនាវ​ដល់​បណ្តា​ដៃគូ​សន្ទនា​ទាំងអស់​របស់​អាស៊ាន ឧទ្ទិស​ជា​ថ្មី​ចំពោះ​គោលបំណង និង​គោលការណ៍​ដែល​មាន​ចែង​ក្នុង​សន្ធិសញ្ញា​មិត្តភាព និង​សហប្រតិបត្តិការ រួម​ទាំង​ការ​មិន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង សំដៅ​លើកកម្ពស់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ តាម​រយៈ​ការ​គោរព​នីតិរដ្ឋ​។

ជាមួយនឹង​ការ​ថ្លែង​សុន្ទរកថា​បើក​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​នេះ​ដែរ លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ ក៏​បាន​លើក​ឡើង​ពី​ស្ថានភាព​សេដ្ឋកិច្ច​របស់​អាស៊ាន​ក្នុង​ឆ្នាំ​២០១៦ ក្នុង​នោះ​ផលិតផល​ក្នុងស្រុក​សរុប​មាន​ចំនួន​២,៥៥​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង ៤,៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៥ បើ​ទោះបីជា​បរិយាកាស​សាកលលោក​មាន​បញ្ហា​ប្រឈម​ក៏​ដោយ​។ លោក​ក៏​បាន​រំពឹង​ដែរ​ថា ក្នុង​ឆ្នាំ​២០១៧​នេះ​កំណើនសេដ្ឋកិច្ច​នឹង​កើនឡើង​ដល់​៤,៦% ដោយសារ​កំណើន​រឹង​មាំ​នៃ​ការ​ប្រើប្រាស់ និង​វិនិយោគឯកជន ព្រមទាំង​គោលនយោបាយ​សារពើពន្ធ​ត្រូវ​បាន​ពង្រីក​។

នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៦ ពាណិជ្ជកម្ម​របស់​អាស៊ាន​នៅ​តែ​ខ្លាំង ពោល​គឺ​មាន​ទំហំ ១,០៦​ទ្រី​លាន​ដុល្លារ ក្នុង​នោះ​២៤,១៩% គឺជា​ការ​វិនិយោគ​ក្នុង​អាស៊ាន ។ ទន្ទឹម​នឹង​នេះ នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៦ អាស៊ាន​បាន​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស​សរុប​ចំនួន​៥៤,០៧​ពាន់​លាន​ដុល្លារ ក្នុង​នោះ​២១,២៦% គឺជា​ការ​វិនិយោគ​ក្នុង​អាស៊ាន ។
ជាមួយ​គ្នា​នេះ អាស៊ាន​ផ្តោត​សារៈសំខាន់ ទៅ​លើ​ការ​ជំរុញ​កម្មវិធី​ផ្តួចផ្តើម​នានា ដែល​ផ្តល់​ផលប្រយោជន៍​ដោយ​ផ្ទាល់​ដល់​ប្រជាជន​អាស៊ាន និង​ការ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ទ្វេ​ដង ដើម្បី​បង្កើន​ពាណិជ្ជកម្ម​និង​វិនិយោគ​ក្នុង​តំបន់ ។

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ដ៏​មាន​សារៈសំខាន់​នេះមេដឹកនាំ​អាស៊ាន បាន​សម្តែង​នូវ​អំណរ​សាទរ​ចំពោះ​តួនាទី​ជា​ប្រធាន​អាស៊ាន​របស់​សាធារណរដ្ឋ​ហ្វ៊ី​លី​ពី​ន ដែល​បាន​ដាក់​ចេញ​នូវ​មូលបទ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ជា​ត្រីវិស័យ ក្នុង​ការ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥ ។ ស្រប​នឹង​ខួប​អនុស្សាវរីយ៍​៥០​ឆ្នាំ​នៃ​ការ​បង្កើត​អាស៊ាន ដែល​ហ្វ៊ី​លី​ពី​ន​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០១៧ បាន​ដាក់​ចេញ​នូវ​ចំណុច​ជា​អាទិភាព​ចំនួន​៦ រួម​មាន ៖
១-​ការ​យកចិត្តទុកដាក់​លើ​ប្រជាជន និង​ការ​យក​ប្រជាជន​ជា​ស្នូល
២-​សន្តិភាព​និង​ស្ថិរភាព​នៅ​ក្នុង​តំបន់
៣-​កិច្ច​សហប្រតិបត្តិការ​និង​សន្តិសុខ​ក្នុង​លំហ​សមុទ្រ 
៤-​ការ​រីក​ចម្រើន​ដោយ​គំនិត​ច្នៃប្រឌិត​ថ្មី​សម្រាប់​ទាំងអស់​គ្នា 
៥-​ភាពរឹងមាំ​របស់​អាស៊ាន និង
៦-​អាស៊ាន​ជា​គំរូ​នៃ​សមាហរណកម្ម​តំបន់ តួអង្គ​មួយ​ក្នុង​សាកលលោក ដើម្បី​គាំទ្រ​ដល់ដំណើរការ​ពង្រឹង​ការ​អនុវត្ត​សសរស្តម្ភ​នៃ​សហគម​ន៍​នយោបាយ សន្តិសុខ​អាស៊ាន សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន​។

ជាមួយ​គ្នា​នេះ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០ ក៏​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ការ​ផ្លាស់​ប្តូរ​ទស្សនៈ​លើ​បញ្ហា​តំបន់​និង​អន្តរជាតិ ដែល​ជា​កង្វល់​និង​ផលប្រយោជន៍​រួម​របស់​អាស៊ា​ន ក្នុង​ន័យ​សំដៅ​លើកកម្ពស់​សន្តិភាព សន្តិសុខ ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់ និង​ការ​ពង្រឹង​ទំនាក់ទំនង​ដៃគូ​ក្រៅ​តំបន់​អាស៊ាន ។

ទាក់ទង​ទៅ​នឹង​បញ្ហា​ក្រៅ​តំបន់​អាស៊ាន មេដឹកនាំ​អាស៊ាន​បាន​គូសបញ្ជាក់​ជា​ថ្មី អំពី​សារៈសំខាន់​នៃ​ការ​រក្សា​តួនាទី​ស្នូល​របស់​អាស៊ាន ក្នុង​និម្មាបនកម្ម​តំបន់​។ ជាមួយ​គ្នា​នេះ លើ​បញ្ហាតំបន់​និង​អន្តរជាតិ មេដឹកនាំ​អាស៊ាន​បាន​កត់សម្គាល់​អំពី​សភាពការណ៍​វិវត្តន៍​ប្រកបដោយ​ភាព​វិជ្ជមាន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ជា​ពិសេស​បន្ទាប់​ពី​ការ​អនុម័ត​សេចក្តី​ប្រកាស​រួម​ស្តី​ពី​ការ​អនុវត្ត​ក្រម​សម្រាប់​ការ​ពើបប្រទះ​ដោយ​មិន​បាន​គ្រោងទុក​ក្នុង​លំហ​សមុទ្រ នៅ​សមុទ្រ​ចិន​ខាងត្បូង ។

ចំពោះ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ មេដឹកនាំ​អាស៊ាន​បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ទៅ​លើ​កា​រវិ​វត្ត​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ឧបទ្វីប​កូរ៉េដែល​អាច​ក្លាយជា​ការ​គំរាមកំហែង​ដល់​សន្តិភាពសន្តិសុខ និង​ស្ថិរភាព​នៅ​ក្នុង​តំបន់ ។ ចំពោះ​បញ្ហា​កង្វល់​នេះ មេដឹកនាំ​អាស៊ាន​បាន​ធ្វើការ​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រក្សា​ភាព​អត់ធ្មត់ និង​បង្កើត​បរិយាកាស​អំណោយផល​សម្រាប់​ការ​ចាប់ផ្តើម​ឡើង​វិញ​នូវ​ការ​ចរចា​៦​ភាគី ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ដោយ​សន្តិវិធី​នៅ​ឧបទ្វីប​កូរ៉េ ។

បន្ទាប់​មក នៅ​រសៀល​ថ្ងៃ​ដដែល​នោះ មេដឹកនាំ​អាស៊ាន បាន​ជួប​សន្ទនា​ដោយ​ផ្ទាល់​ជាមួយ​គណៈប្រតិភូ តំណាង​អន្តរ​សភា​អាស៊ាន និង​តំណាង​យុវជន​អាស៊ាន ។ នៅ​ក្នុង​ជំនួប​ទាំង​ពីរ​នេះ មេដឹកនាំ​អាស៊ាន​បាន​ស្តាប់​របាយការណ៍​និង​អនុសាសន៍​នានា ស្តី​ពី​ការងារ​ពាក់ព័ន្ធ​រៀង​ៗ​ខ្លួន សំដៅ​រួមចំណែក​សម្រេច​ឲ្យ​បាន​នូវ​ដំណើរការ​សហគមន៍​អាស៊ាន​ដ៏​ពេញលេញ​មួយ ដែល​យកចិត្តទុកដាក់​ចំពោះ​ប្រជាជន និង​យក​ប្រជាជន​ជា​ស្នូល ។

នៅ​រសៀល​ថ្ង​ដដែល​នោះ​ដែរ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វ៊ី​លី​ពី​ន  និង​ជា​ប្រធាន​កិច្ចប្រជុំ​កំពូក​អាស៊ាន​លើក​ទី​៣០ ។ លោក​ប្រធានាធិបតី​រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បាន​មាន​ប្រសាសន៍​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​កម្ពុជា និង​បាន​ចាត់​ទុក​ថា កម្ពុជា​គឺជា​មិត្ត​ដ៏​ស្ម័គ្រស្មោះ​គួរ​ឲ្យ​ទុកចិត្ត និង​ជា​មិត្ត​ដ៏​ល្អ​បំផុត​។

នៅ​ក្នុង​កិច្ច​ពិភាក្សា​គ្នា​នោះ​ដែរ មេដឹកនាំ​នៃ​ប្រទេស​ស​ហ្វ៊ី​លី​ពី​ន បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​ថា ហ្វ៊ី​លី​ពី​ន​នឹង​បើកចំហ​ទូរស័ព្ទ​សម្រាប់​ការ​ពិភាក្សា​គ្នា​ភ្លាម​ៗ​ជាមួយនឹង​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នៅ​ពេល​មានការ​ចាំបាច់​អ្វីមួយ​ដែល​ត្រូវ​ពិភាក្សា ។

ជាមួយ​គ្នា​នេះ លោក​ប្រធានាធិបតី​បាន បញ្ជាក់​ថា លោក​នឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តី​ពី​អាស៊ាន ពី​ថ្ងៃ​ទី​១០​ដល់​ថ្ងៃ​ទី​១២ ខែឧសភា នៅ​ប្រទេស​កម្ពុជា តប​តាម​ការ​អញ្ជើញ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ។

នៅ​ក្នុង​ជំនួប​ពិភាក្សា​នោះ មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ហ្វ៊ី​លី​ពី​ន ក៏​បាន​ធ្វើការ​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​ទៅ​លើ​ការ​ពង្រឹង​និង​ពង្រីក​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ពិសេស​ការ​ជំរុញ​កា​រវិ​និយោគ និង​ពាណិជ្ជកម្ម ដែល​នឹង​នាំ​មក​នូវផលប្រយោជន៍​ដល់​ប្រជាជាតិ​ទាំង​ពីរ ។ ជាមួយ​គ្នា​នេះ មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ក៏​បាន​ធ្វើការ​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់ ទៅ​លើ​បញ្ហា​តំបន់​និង​អន្តរជាតិ ដែល​មានការ​យកចិត្តទុកដាក់​ដូច​គ្នា ៕      
            ដកស្រង់​អត្ថបទ ទ​ទក