ខេត្តព្រះសីហនុ ៖ បន្ទាប់ពីកោះសន្តិភាព បានចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ (ឆ្នាំទី៥៥ លេខផ្សាយ១០៦៨៣) កន្លងមកនេះ និងបន្ទាប់ពីលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំអាជ្ញាធរមូលដ្ឋានស្រុកព្រៃនប់ មន្ទីរអង្គភាពជំនាញ ពាក់ព័ន្ធកងកម្លាំងប្រដាប់អាវុធ យុវជនកាកបាទក្រហម, យុវជន (ស,ស.យ.ក ) បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ស្ថិតក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចុះដាំកូនឈើកោងកាងចំនួន២០០០ដើម នៅលើផ្ទៃដីទំហំ២,៥០ហិកតា នៅក្នុងទំហំដីចំនួ៥ហិកតា ដែលបានរងការទន្ទ្រានកា.ប់ឆ្ការព្រៃធម្មជាតិ (កោងកាង) ផ្តើមចេញពីការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធពីសំណាក់ជនឆ្លៀតឱកាសខិលខូច ដែលសង្ស័យជាក្រុមរបស់មេមន្ទីរការពារព្រៃ។

លោក ឯម ភា នាយខណ្ឌរដ្ឋបាលស្តីទីជលផលកំពង់សោម បានឲ្យដឹងកាលពីចុងខែតុលា ឆ្នាំ២០២២ កន្លងមកនេះថា បន្ទាប់ពីមានបទបញ្ជាពីលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឲ្យសមត្ថកិច្ចមន្ទីរជំនាញពាក់ព័ន្ធ ត្រូវតែស្វែងរកអត្តសញ្ញាណអ្នកដៃដល់ដែលបានកា.ប់បំផ្លាញព្រៃពីធម្មជាតិ ដើម្បីរំលោ.ភយកដីអចលនៈទ្រព្យរបស់រដ្ឋ មកធ្វើជាកម្មសិទ្ធិឯកជន ត្រូវតែស្វែងរកឲ្យឃើញ ដើម្បីឈានទៅអនុវត្តនីតិវិធីច្បាប់ និងអាចឈានដល់ការដកហូតទ្រព្យសម្បត្តិ ដែលទាក់ទងទៅនឹងបទល្មើសកន្លងមកនេះ។

លោកនាយខណ្ឌស្តីទីជលផលកំពង់សោម បានបន្តឲ្យដឹងបន្ថែមទៀតថា បទបញ្ជាខាងលើ ត្រូវបានដាក់ចេញកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២កន្លងមក នៅក្នុងពិធីលោកអភិបាលខេត្តដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធចុះស្តារដាំកូនឈើធម្មជាតិ (កូនឈើកោងកាង) ឡើងវិញនៅចំណុចព្រែកប្រស់ ស្ថិតក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលកន្លងមក ត្រូវបានជនមិនស្គាល់អត្តសញ្ញាណចូលទន្ទ្រានកា.ប់ឆ្ការបំផ្លិចបំផ្លាញប៉ុនប៉ងយកដីព្រៃលិចទឹកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយពេលនេះជនដៃដល់ក្នុងការកា.ប់បំផ្លាញដែនព្រៃពីធម្មជាតិ (កោងកាង) ត្រូវបានបង្ហាញពីអត្តសញ្ញាណពិតប្រាកដហើយ គឺឈ្មោះ ឡាវ ម៉េងឃាង មានទីលំនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរជួលគ្រឿងចក្រឈូសឆាយពង្រាបដី បានចូលខ្លួនមកសារភាពពីទោសកំហុសដែលខ្លួនបានប្រព្រឹត្ត និងបានស្ម័គ្រចិត្តប្រគល់ដីជូនអង្គភាពមន្ទីរជំនាញពាក់ព័ន្ធ និងរដ្ឋបាលខេត្ត ហើយបានចុះកិច្ចសន្យាជាមួយមន្ទីរជំនាញ និងរដ្ឋបាលខេត្ត ក្នុងការចូលរួមរុះរើសំណង់ផ្សេងៗ ដើម្បីឈូសឆាយពង្រាបដីស្តារដាំកូនឈើកោងកាងឡើងវិញ នៅលើទំហំដីចំនួន៥ហិកតា ស្ថិតនៅចំណុចព្រែកប្រស់ ក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលខ្លួនបានចូលទន្ទ្រានកា.ប់ឆ្ការនាពេលកន្លងមកនេះ។

លោកបានបញ្ជាក់ថា ដោយសារតែជនដៃដល់ក្នុងការកា.ប់ឆ្ការព្រៃកោងកាង បានចូលខ្លួនមកសារភាព និងស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញ ហើយចូលរួមក្នុងការស្តារដាំកូនកោងកាងលើទំហំដីរួមចំនួន៥ហិកតាឡើងវិញ ទើបមន្ទីរជំនាញ ក៏ដូចជាអាជ្ញាធរស្រុក និងរដ្ឋបាលខេត្ត មានការយោគយល់។

ប្រជានេសាទនៅក្នុងសហគមន៍ភូមិព្រែកប្រស់ ក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាច្រើននាក់សុំមិនបញ្ចេញអត្តសញ្ញាណបានខ្សឹបប្រាប់បែបមាត់ចាប មាត់ព្រាបថា ជនឆ្លៀតឱកាសកា.ប់បំផ្លាញព្រៃកោងកាង បានចូលខ្លួនសារភាពខាងលើ គឺជាមនុស្សដែលស្និទ្ធស្នាលជាមួយលោកប្រធានមន្ទីរកសិកម្មខេត្តព្រះសីហនុនាពេលកន្លងមក ហើយបើមិនមានការបើកភ្លើងខៀវពីមន្ត្រី និងថ្នាក់ដឹកនាំមន្ទីរជំនាញកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទេ ស្មានថា ជនឆ្លៀតឱកាសអាចធ្វើសកម្មភាពកា.ប់បំផ្លាញព្រៃកោងកាង រហូតដល់៤ទៅ៥ហិកតា ដោយយកគ្រឿងចក្រទៅឈូសឆាយ និងជីកស្រះជាច្រើនស្រះសម្រាប់ចិញ្ចឹមត្រីថែមទៀតផង មិនដែលរកឃើញមានថ្នាក់ដឹកនាំ នៃមន្ទីរជំនាញខាងលើនេះ ចុះទៅហាមឃាត់ផងហ្នឹង។

ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា បើកុំតែបានថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មានការឈ្លាសវៃ និងទប់ស្កាត់ទាន់ពេលវេលា កុំអីអង្ករត្រូវបានក្លាយទៅជាបាយអស់ទៅហើយ ដែលសង្ស័យត្រូវគ្នាជាមួយប្រធានមន្ទីរការពារព្រៃនេះ។ ហើយអ្នកដែលរងទុក្ខលំបាក គឺប្រជានេសាទនៅក្នុងសហគមន៍ ដែលរស់ពឹងផ្អែកលើការនេសាទជាលក្ខណៈគ្រួសារ ដូចជាការដាក់លបក្តាមថ្មតាមដងព្រែក តាមដែនព្រៃកោងកាង ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ល។ ចុះបើគេកា.ប់បំផ្លាញធ្វើឲ្យបាត់បង់ជម្រកមច្ឆាជាតិ និងគ្រប់គ្រងជាកម្មសិទ្ធិឯកជនអស់ទៅហើយ កុំថាឡើយដល់ការនេសាទរបស់ពួកគាត់ សូម្បីតែធ្វើដំណើរឆ្លងកាត់ បើមិនមានការអនុញ្ញាតិពីម្ចាស់ទីតាំង ត្រូវគេចោទថាជាជនសង្ស័យហើយថែមទៀតផង។

ប្រជានេសាទនៅក្នុងសហគមន៍ខាងលើ ក៏បានសំណូមពរដល់លោកអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏ដូចជាការសំណូមពរដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលរាជរដ្ឋាភិបាល និងព្រះមហាក្សត្រ បានផ្តល់ទំនុកចិត្តផ្តល់មុខតំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម សុំឲ្យជួយ (មុជទឹក, ដុសក្អែល, វះកាត់ ឬព្យាបាល) លោកប្រធានមន្ទីរកសិកម្មខេត្តព្រះសីហនុផង កុំឲ្យមេរោគឆ្លងរាលដាលក្លាយទៅជាដំបៅមហារីកដល់មន្ត្រីក្រោមឱវាទ និងមន្ទីរដទៃទៀត។

ដោយឡែកលោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ កន្លងមក បើតាមការបង្ហើបឲ្យដឹងពីមន្ត្រីក្រោមឱវាទ សុំមិនបញ្ចេញអត្តសញ្ញាណ បានឲ្យដឹងថា លោកប្រធានមន្ទីរកសិកម្ម គាត់មានការរើសអើងជាមួយប្រព័ន្ធផ្សព្វផ្សាយណាស់។

ហើយជុំវិញបញ្ហាការចូលខ្លួនមកសារភាពពីទោសកំហុសរបស់លោក ឡាវ ម៉េងឃាង កន្លងមក អ្នកយកព័ត៌មានយើងបានទំនាក់ទំនងសុំការបំភ្លឺបន្ថែមពីលោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានឲ្យដឹងតាមទូរស័ព្ទយ៉ាងខ្លីថា «ឲ្យទៅសួរលោក លៀម សូដា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទទួលបន្ទុកកិច្ចការខាងលើនេះ»។ ដោយឡែកលោក លៀម សូដា អភិបាលរងខេត្ត មិនអាចទំនាក់ទំនងសុំការពន្យល់បានទេ ដោយសារលេខទូរស័ព្ទដែលបិទផ្សាយសម្រាប់ពលរដ្ឋ ឬមន្ត្រីរាជការទំនាក់ទំនងនៅសាលាខេត្ត ពេលទូរស័ព្ទចូលលោកក៏បានលើក តែលោកបដិសេដថា «ច្រឡំលេខហើយណា…?»។

គួររំលឹកឲ្យដឹងឡើងវិញដែរថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅក្នុងឱកាសឯកឧត្តម គួច ចំរើន បានដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ប្រជានេសាទនៅក្នុងសហគមន៍ភូមិព្រែកប្រស់ ចុះស្តារដាំកូនកោងកាងចំនួន២០០០ដើម នៅលើផ្ទៃដី២,៥០ហិកតា ស្ថិតក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលកន្លងមក បានរងការកា.ប់បំផ្លាញ ហើយក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានដាក់បណ្ដាសាតាមឧឃោសនស័ព្ទឲ្យអ្នកដែលបានកា.ប់បំផ្លាញព្រៃកោងកាង (ក្រររហេមរហាម…!)។
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព។







ចែករំលែកព័តមាននេះ