ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​ខ្លា ​ឬ​ត្រី​កន្ត្រប់ខ្លា ​មាន​រាងស្អាត​ប្រឈម​នឹង​ការ​ផុត​ពូជ

8 ឆ្នាំ មុន

ខេត្តក្រចេះ ៖ «​ត្រី​ខ្លា ឬ​ត្រី​កន្ត្រប់ខ្លា​ជា​ប្រភេទ​ត្រី​ទឹកសាប​ដ៏​កម្រ និង​ជិត​ផុត​ពូជ​ហើយ​នៅ​សេសសល់​តិចតួច​ក្នុង​ដង​ទន្លេមេគង្គ ត្រូវ​អាជ្ញាធរ​គ្រោង​បង្កើន​ការ​អភិរក្ស​ក្នុង​រដូវ​បិទ​នេសាទ​ឆ្នាំ​នេះ​» ។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី

ខេត្តក្រចេះ ៖ «​ត្រី​ខ្លា ឬ​ត្រី​កន្ត្រប់ខ្លា​ជា​ប្រភេទ​ត្រី​ទឹកសាប​ដ៏​កម្រ និង​ជិត​ផុត​ពូជ​ហើយ​នៅ​សេសសល់​តិចតួច​ក្នុង​ដង​ទន្លេមេគង្គ ត្រូវ​អាជ្ញាធរ​គ្រោង​បង្កើន​ការ​អភិរក្ស​ក្នុង​រដូវ​បិទ​នេសាទ​ឆ្នាំ​នេះ​» ។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​វិធានការ​អភិរក្ស​របស់​លោក​ប្រធាន​ឆ្មាំ​អភិរក្ស​ទន្លេមេគង្គ​ខេត្តក្រចេះ គឺ​លោក​ម៉ុ​ក ពន្លក ។ ត្រី​ខ្លា ឬ​ត្រី​កន្ត្រប់ខ្លា ស្ថិត​នៅ​ក្នុង​បញ្ជី​អភិរក្ស​ស្តី​ពី​ការ​កំណត់​ធន​ធាន​ធម្មជាតិ​ទឹកសាប​ដែល​កំពុង​រង​គ្រោះ​ទាំង​៣០​ប្រភេទ ។

ប្រភេទ​ត្រី​ខ្លា ឬ​ត្រី​កន្ត្រប់ខ្លា​គេ​កត់សម្គាល់​ឃើញ​ថា នៅ​មាន​សេសសល់​តិចតួច​បំផុត ក្នុង​ដង​ទន្លេមេគង្គ ក្នុង​នោះ​ភាគច្រើន​មាននៅ​បឹង​ទន្លេសាប ក៏​ដូច​ជា​ទន្លេមេគង្គ​នៅ ខេត្តក្រចេះ ដែល​សម្បូរ​តំបន់​ទឹក​ជួរ និង​តំបន់​អន្លង់​ថ្ម ។

នៅ​ថ្ងៃ​ទី​២៥ មេ​សា ២០១៧ ប្រធាន​ឆ្មាំ​អភិរក្ស និង​ជា​អនុប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​លោក​ម៉ុ​ក ពន្លក ឱ្យ​ដឹង​ថា ត្រី​ខ្លា​ឬ​ត្រី​កន្ត្រប់ខ្លា ដែល​ជា​ប្រភេទ​ត្រី​កម្រ និង​ជិត​ផុត​ពូជ​ទៅ​ហើយ​នោះ គឺ​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​សេ​សល់​តិចតួច​ក្នុង​តំបន់​ខ្លះ​ក្នុង​ទន្លេមេគង្គ​ខេត្តក្រចេះ​។ ត្រី​នេះ​មាន​ទំហំ​ប៉ុន​បាតដៃ មាន​ទម្ងន់​ចាប់ពី​២​ទៅ​៤​ខាំ និង​មាន​រូបរាង​ស្រស់​ស្អាត​ស្រ​ដៀង​ទៅ​នឹង​ត្រី​ទឹកប្រៃ​ដោយ​មាន​សម្បុរ​ពណ៌​ទឹកមាស​លាយ​និង​ឆ្នូត​ពណ៌​ខ្មៅ ។

លោក​ម៉ុ​ក ពន្លក កត់សម្គាល់​ឃើញ​ថា ត្រី​ខ្លា​ឬ​ត្រី​កន្ត្រប់ខ្លា ប្រឈម​ការ​បាត់បង់​ពូជ​តាំងពី​នៅ​អំឡុង​ទស​វត្ស​ទី​៩០ ព្រោះតែ​កាលនោះ​ច្បាប់​ជលផល​ពុំ​ទាន់​មាន​ផែនការ​អភិរក្ស ហើយ​ក៏​សម្បូរ​ទៅ​ដោយ​បទល្មើស​នេសាទ ។

ស្រប​ទៅ​នឹង​ការ​ឲ្យ​តម្លៃ​ទៅ​លើ​ត្រី​ខ្លា ឬ​ក៏​ត្រី​កន្ត្រប់ខ្លា​ពី​ប្រទេស​ជិតខាង ដូច​ជា​វៀតណាម និង​ថៃ​ជាដើម​ដែល​ចង់បាន​ត្រី​ប្រភេទ​នេះ​សម្រាប់​យក​ទៅ​បង្កាត់​ពូជ និង​ចិញ្ចឹម​ដើម្បី​តាំង​លម្អ​ផង​ដែរ​នោះ ប្រធាន​ឆ្មាំ​អភិរក្ស​លោក​ម៉ុ​ក ពន្លក អះអាង​ថា អាជ្ញាធរ​ខេត្ត​នឹង​ពង្រឹង​ផែនការ​អភិរក្ស​បន្ថែម​លើ​ពពួក​ត្រី​កម្រ​ជិត​ផុត​ពូជ​ទាំងនេះ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ឱ្យ​កាន់តែ​គង់វង្ស ។

ចំពោះ​ផែនការ​អភិរក្ស​សម្រាប់​រដូវ​បិទ​នេសាទ​ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ក្នុង​រដូវ​ទឹកធំ ខាង​មុខ​នេះ គឺ​ត្រូវ​លោក​ម៉ុ​ក ពន្លក បង្ហាញ​ពី​ផែនការ​មួយ​ចំនួន​ដូច​ជា ការ​ផ្សព្វផ្សាយ ការ​ទប់ស្កាត់​ការ​នេសាទ​ក្នុង​តំបន់ ហាមឃាត់​និង​ចុះ​ល្បាត​ពី​កម្លាំង​ឆ្មាំ​ទន្លេ​ជាប់​ជា​ប្រចាំ ។

ក្រុម​មន្ត្រី​ជំនាញ​លើក​ឡើង​ថា ការ​អភិរក្ស​ប្រភេទ​ពូជ​ត្រី គឺ​នៅ​តែ​មាន​ភាព​ស្មុគស្មាញ និង​ការ​ប្រឈម​ច្រើន ខណៈ​ដែល​ពលរដ្ឋ ឬ​ប្រជា​នេសាទ​នៅ​មិន​ទាន់​យល់​ដឹង​ច្បាស់​អំពី​សារ​ប្រយោជន៍​ដ៏​សំខាន់​របស់​ពូជ​ត្រី​ទាំងនោះ​មិនតែប៉ុណ្ណោះ​ពួក​គាត់​ក៏​នៅ​មិន​ទាន់​យកចិត្តទុកដាក់​ចូលរួម​អភិរក្ស​លើ​ត្រី​មេ​ពូជ​ឲ្យ បាន​ផុលផុស​ទាំងអស់​គ្នា​នៅឡើយ​ទេ ។ ក៏​ព្រោះតែ​ខេត្តក្រចេះ​មាន​ទីតាំង​លាត​សន្ធឹង​តាម​បណ្តោយ​ដង​ទន្លេមេគង្គ ទើប​ធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ​សម្បូរ​ទៅ​ដោយ​ធនធាន​មច្ឆជាតិ​ជា​ច្រើន​ប្រភេទ​ដែល​កំពុង​រស់នៅ​ទាំង​ក្នុង​ដង​ទន្លេ និង​តាម​ព្រែក​និង បឹងបួរ​ជាដើម ។ 

ខេត្តក្រចេះ​មានស្រុក​ចំនួន​៥ និង​ក្រុង​ចំនួន​១​ចែក​ចេញ​ជា​៤១​ឃុំ​-​សង្កាត់ និង​មាន​២៥៣​ភូមិ ។ ខេត្ត​នេះ​េ​ប្រជាពលរដ្ឋ​រស់នៅ​ជាង​៣៧​ម៉ឺន​នាក់ ក្នុង​នោះ​ពលរដ្ឋ​ជិត​ពាក់កណ្តាល​ប្រកប​របរ​នេសាទ ជា​ប្រភព​ចំណូល​ចំបង​បន្ទាប់​ពី​របរ​កសិកម្ម ៕