ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​សង្វេគ​ពលករ​2​នាក់ ជិះ​កង់​ឌុ​ប​គ្នា​ពី​ខេត្ត​ឈុ​ន​បូ​រី រយៈពេល​4​ថ្ងៃ​ដល់​ព្រំដែន

6 ឆ្នាំ មុន

ខេត្ដបន្ទាយមានជ័យ ៖ ពលករ​២​នាក់​បងប្អូនជីដូនមួយ ព្រោះតែ​ជួប​កង្វះខាត​ប្រាក់​កាស បាន​ជិះ​កង់​ឌុ​ប​គ្នា​ពី​ខេត្ត​ឈុ​ន​បូ​រី ប្រទេស​ថៃ

ខេត្ដបន្ទាយមានជ័យ ៖ ពលករ​២​នាក់​បងប្អូនជីដូនមួយ ព្រោះតែ​ជួប​កង្វះខាត​ប្រាក់​កាស បាន​ជិះ​កង់​ឌុ​ប​គ្នា​ពី​ខេត្ត​ឈុ​ន​បូ​រី ប្រទេស​ថៃ វិល​ត្រឡប់​មក​កម្ពុជា​វិញ​អស់​រយៈពេល​៤​ថ្ងៃ​ទើប​ដល់​ព្រំដែន ហើ​យ​ឆ្លង​ដែន​ដោយ​ខ្លួនឯង​ក្រោមស្ពាន​ត​ភ្ជាប់​ផ្លូវ​រថ​ភ្លើ​ង​ខាង​ជើង​ជាប់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត នា​រសៀល​ថ្ងៃ​ទី​២៥ ខែមេ​សា ដែល​ពិតជា​គួរ​ឲ្យ​សង្វេគ និង​អាណិត​ជា​ពន់ពេក ។

ពលករ​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ គឹ​ម ហ័​រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ កោត រក្សា ភេទ​ស្រី អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​រំចេក ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។ ជាមួយនឹង​កាបូប​ខោអាវ​២​ការុង និង​អីវ៉ាន់​មួយ​ចំនួន ពលករ​ទាំង​២​នាក់​អះអាង​ថា ពួក​គេ​បាន​ចូល​ទៅ​ប្រទេស​ថៃ​ជាមួយ​អ្នកស្រុក​ភូមិ​ជាមួយ​គ្នា​មួយ​ក្រុម​តាម​ច្រករបៀង កាលពី​ថ្ងៃ​ទី​១៤ ខែមករា​កន្លង​ទៅ ដោយ គឹ​ម ហ័​រ ទៅ​ធ្វើការ​ជា​សន្តិសុខ ឯ​នាង​តូច​ធ្វើការ​ជា​អ្នក​បាញ់ថ្នាំ​ស្មៅ​ចម្ការ​ឲ្យ​គេ ។

បុរស​ឈ្មោះ គឹ​ម ហ័​រ និយាយ​ថា ដោយសារ​ប្អូនជីដូនមួយ គេ​ឈប់​ទទួលយក​ទៅ​ធ្វើការ​ផ្នែក​បាញ់ថ្នាំ ណាមួយ​ឃើញ​ថា​ការងារ​ពិបាក​ផង​ក៏​នាំ​បងប្អូន​ជិះ​កង់​ត្រឡប់​មក​ស្រុក​វិញ​ពី​ខេត្ត​ឈុ​ន​បូ​រី គឺ​យប់​ត្រង់​ណា​ដេក​ត្រង់​ហ្នឹង ។ ការ​ធ្វើ​ដំណើរម​កតាម​ផ្លូវ ត្រូវ​សមត្ថកិច្ច​ថៃ​ឃាត់​សួរ​ម្តង តែ​ពេល​ប្រាប់​ថា​ជា​ខ្មែរ​និង​វិល​ត្រឡប់​មក​ប្រទេស​វិញ សមត្ថកិច្ច​ថៃ​ក៏​ឲ្យ​បន្ត​ដំណើរ​រហូត​អស់​រយៈពេល​៤​ថ្ងៃ​ទើប​ដល់​ព្រំដែន ។ ដំបូង​ពួក​គេ​២​នាក់​បងប្អូន​មាន​ប្រាក់​ជាប់​ខ្លួន​តែ​១២​បាត​ប៉ុណ្ណោះ ប៉ុន្តែ​តាម​ផ្លូវ​ពលរដ្ឋ​ថៃ​ចិត្ត​បុណ្យ​បាន​ឲ្យ​បាយ​ម្ហូប​ខ្លះ​ហូប និង​ជួយ​ដូរ​សម្បក​និង​ពោះវៀន​កង់​ឲ្យ​ថែម​ទៀត ទើប​មាន​លទ្ធភាព​មក​ដល់​ស្រុក​វិញ ។

ពលករ​ទាំង​២​នាក់ ពេល​មក​ដល់​ព្រំដែន​បាន​ព្យាយាម​ឆ្លង​ទឹកអូរ​ដ៏​ខ្មៅ​កខ្វក់ ស្រាប់តែ​ទាហាន​ឈុត​ខ្មៅ​ថៃ​ហៅ​សួរនាំ ប៉ុន្តែ​មិន​ចាប់​ឃាត់ខ្លួន​ទេ ថែម​ទាំង​ទាក់ទង​ប្រាប់​កង​សន្តិសុខ​ខ្មែរ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ឲ្យ​ដឹង​ទៀត​ផង ។ ទាំង​២​នាក់​បងប្អូន គ្រោង​ធ្វើដំណើរ​ដោយ​ជិះ​កង់​ទៅ​ដល់​ស្រុក​កំ​ណើត​ឯ​ខេត្តតាកែវ ប៉ុន្តែ​ដោយ​មើល​ឃើ​ញ​ពី​ទុក្ខ​លំបាក​គួរ​ឱ្យ​សង្វេគ ក្រុម​អ្នក​រត់​ម៉ូតូឌុប​ចិត្តធម៌ និង​អ្នកស្រុក​បាន​រៃ​អង្គាសប្រាក់​គ្នា​បាន​មួយ​ចំនួន ជួយ​ដល់​ពលករ​កម្សត់​ទាំ​២​នាក់​បងប្អូន ។

មិនតែប៉ុណ្ណោះ លោក​ឧត្តមសេនីយ៍ត្រី ស៊ឹ​ម សំអាត នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក៏​បាន​ជួយ​ឧបត្ថម្ភ​ពលករ​ទាំង​២​នាក់ ម្នាក់​១០​ម៉ឺន​រៀល សរុប​២០​ម៉ឺន​រៀល ដើម្បី​បានជា​សោ​ហ៊ុ​យ​ជិះ​រថយន្ត​ទៅ​ស្រុក​កំ​ណើត​វិញ ៕