រាជធានីភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះល្វែងស្តុកសម្ភារៈអីវ៉ាន់ក្មេងលេង បណ្តាលឱ្យរងការខូចខាតមួយចំនួនធំ ខណៈពេលម្ចាស់ផ្ទះចាក់សោទុកចោល ប៉ុន្តែសំណាងល្អមិនបានបណ្ដាលឱ្យឆេះរាលដាលទៅផ្ទះផ្សេង និងមិនបណ្តាលអោយមានអ្នករងរបួសនោះឡើយ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង ១៥ នាទីយប់ថ្ងៃទី ៧ ខែមករាឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២ ផ្ទះលេខ៥ ក្នុងបុរីស៊ុនតូនី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះឈ្មោះ ចេង ប៉ោងអេង ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅកើតហេតុខាងលើ។ ចំណែកផ្ទះរបស់គាត់ដែលត្រូវភ្លើងឆេះនោះសាងសង់ពីថ្មប្រភេទផ្ទះល្វែង ទំហំ ៤ ម៉ែត្រគុណនឹង១៥ម៉ែត្រ ។
ប្រភពព័ត៌មានបានអោយដឹងថា នៅមុនកើតហេតុខាងលើម្ចាស់ផ្ទះបានចាក់សោទុកចោលហើយគាត់បានទៅស្នាក់នៅផ្ទះផ្សេងនៅក្បែរកើតហេតុ ។ បន្ទាប់មកឆ្លងចរន្តអគ្គិសនីចេញពីក្នុងផ្ទះគាត់នោះ ហើយក៏បានឆាបឆេះដល់សម្ភារៈនៅក្នុងផ្ទះហុយផ្សែងនិងចេញអណ្តាតភ្លើងភ្លាមៗនោះអ្នកជិតខាងបានប្រាប់ម្ចាស់ផ្ទះមកដល់បានចាក់សោហើយគាត់បាននាំគ្នាពន្លត់ភ្លើងដែរ ប៉ុន្តែពន្លត់អត់ឈ្នះសោះ ។
សមត្ថកិច្ចបានប្រាប់ថា ក្រោយពេលទទួលបានដំណឹងនោះភ្លាម កម្លាំងអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានចេញអន្តរាគមន៍ ចំណែករថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ក្រុមអ្នកពន្លត់ភ្លើងបានពន្លត់រហូតរលត់ទៅវិញ ។ អគ្គីភ័យនេះឆេះខូចខាតសម្ភារៈអីវ៉ាន់ក្មេងលេងមួយចំនួនធំ ប៉ុន្តែសំណាងល្អមិនបានបណ្ដាលឆេះរាលដាលទៅផ្ទះផ្សេង និង មិនបណ្តាលអោយមានអ្នករងរបួសនោះឡើយ ៕







ចែករំលែកព័តមាននេះ