ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ស្រី​ៗ​ស្រែក​ឱ្យ​គេ​ជួយ រួច​ទន់​ដៃជើង​សន្លប់​ជា​បន្តបន្ទាប់ ក្រោយ​រើ​គំនរ​ថ្ម​មួយ​កន្លែង​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

សិស្សសាលា​ស្រី​ៗ​ចំនួន​៤​នាក់​ដែល​កំពុង​តែ​សិក្សា​នៅ​សាលា​បឋម​សិក្សា​ក្រាំង​ស្គា ស្ថិត​នៅ​ក្នុង​ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បាន​រវើរវាយ​ស្រែក​ឲ្យ​គេ​ជួយ និង​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​

ខេត្តកំពង់ឆ្នាំង ៖ សិស្សសាលា​ស្រី​ៗ​ចំនួន​៤​នាក់​ដែល​កំពុង​តែ​សិក្សា​នៅ​សាលា​បឋម​សិក្សា​ក្រាំង​ស្គា ស្ថិត​នៅ​ក្នុង​ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បាន​រវើរវាយ​ស្រែក​ឲ្យ​គេ​ជួយ និង​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២២​។ ហើយ​សិស្ស​ស្រី​ៗ​ទាំងនោះ ក៏​ត្រូវ​បាន​រថយន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ឃុំ​ក្រាំង​ស្គា ដែល​នៅ​ជិត​នោះ​ភ្លាម​ៗ​ផង​ដែរ​។

បើ​តាម​លោក កែវ យ៉ិ​ន នាយក​សាលា​បឋម​សិក្សា​ក្រាំង​ស្គា បាន​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ គឺ​ធ្លាប់​បាន​កើតឡើង​ចំនួន​៤​ដង​រួច​មក​ហើយ​ទៅ​លើ​សិស្ស​ស្រី​ទាំង​៤​នាក់​នេះ​។ ហើយ​ក៏​មិនដឹង​ថា តើ​បណ្តាល​មក​ពី​អ្វី​ឱ្យ​ច្បាស់លាស់​ដែរ? តែបើ​ខាង​គ្រូពេទ្យ​បញ្ជាក់​ថា សុខភាព​ក្មេង​ស្រី​គឺ​ធម្មតា​ទាំងអស់ ប៉ុន្តែ​តាម​បែប​អបិយ​ជំនឿ​វិញ​ថា ខ្មោច​សន្ធិ​ត ព្រោះ​មុន​ពេល​កើតហេតុ ក្មេង​ស្រី​ទាំងនោះ មាន​សភាព​ស្លេកស្លាំង​ញ័រ​ខ្លួន ហើយ​ស្រែក​ខ្លាំង​ៗ​ថា «​មិន​ទៅ​ទេ​ៗ» និង​ស្រែក​ឱ្យ​គេ​ជួយ បន្ទាប់​មក​បាន​ដួល​សន្លប់​។

លោកនាយក​សាលា​ដដែល​បាន​បន្ត​ថា នៅ​ពេល​មាន​បញ្ហា​ម្តង​ៗ ក្មេង​ៗ​ទាំង​អស់នោះ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ​ក្រាំង​ស្គា និង​ខ្លះ​ដឹក​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្ត រហូត​មាន​ខ្លះ​ទៀត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គ​ន្ឋ​បុប្ផា​ភ្នំពេញ ព្រមទាំង​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បូម​ឈា​.​ម​យក​ទៅ​ពិនិត្យ​ដល់​វិទ្យាស្ថាន​ប៉ាស្ទ័រ​ទៀត​ផង ប៉ុន្តែ​មិន​មាន​ឃើញ​សញ្ញា​អ្វី​ដែល​បញ្ជាក់​ថា ក្មេង​ទាំងនោះ​មាន​ជំងឺ​ទេ គឺ​សុខភាព​ធម្មតា ហើយ​ត្រូវ​បាន​គ្រូពេទ្យ​អនុញ្ញាត្តិ​ឱ្យ​ត្រឡប់​មក​ផ្ទះ​វិញ ជា​រៀង​រាល់​លើក​។

ដោយឡែក​តាម​បែប​ជំនឿ​អ​រូបិយ​វិញ ត្រូវ​បាន​លោក កែវ យ៉ិ​ន នាយក​សាលា​បឋម​សិក្សា​ក្រាំង​ស្គា បញ្ជាក់​ថា កាលពី​ជាង​មួយ​ខែ​មុន ដោយសារ​រៀបចំ​សោ​ភណ្ឌ​ភាព​នៅ​ក្នុង​ទី​ធា្ល​សាលា លោក​បាន​ឲ្យ​សិស្សសាលា​ទាំងអស់​រៀបចំ​បោសសម្អាត​ក្នុង​ទីធ្លា​សាលា ក្នុង​នោះ​បាន​ឲ្យ​រើ​គំនរ​ថ្ម​មួយ​កន្លែង​មានកំ​ពស់​ប្រមាណ​ជាង​១​ម៉ែត្រ​។

នាយក​សាលា​បឋម​សិក្សា​ក្រាំង​ស្គា បញ្ជាក់​បន្ត​ថា ក្រោយ​ពី​រៀបចំ​ហើយ​បាន​ប៉ុន្មាន​ថ្ងៃ ស្រាប់តែ​មាន​ក្មេង​ជា​ច្រើន​នាក់​បាន​ផ្អើល​ស្រែក​ពេញ​ថ្នាក់រៀន (​ថ្នាក់​ទី​៥)​។ ពួក​គេ (​សិស្ស​)​ប្រាប់​ថា «​បានឃើញ​មនុស្ស​ស្រី​ស្លៀកពាក់​.​ស សក់​វែង និង​បក់ដៃ​ហៅ​ឲ្យ​ទៅ​ជាមួយ​» ពួក​គេ (​សិស្ស​) ប្រកែក ហើយ​ស្រែក​ឱ្យ​គេ​ជួយ​។ បន្ទាប់​មក​ក្មេង​ទាំង​អស់នោះ​ក៏​មាន​អាកា​រៈ​ទន់ដៃទន់ជើង រហូត​ដួល​សន្លប់​តែ​ម្តង​។

នាយក​សាលា​បឋម​សិក្សា​ក្រាំង​ស្គា បញ្ជាក់​បន្ត​ទៀត​ថា ក្មេង​ៗ​ទាំង​អស់នោះ​បាន​កើត​អាកា​រៈ បែប​នេះ​ម្តង​ហើយ​ម្តងទៀត បើ​គិត​ទាំង​ព្រឹក​នេះ (​ថ្ងៃ​ទី​១០ ខែវិច្ឆិកា​) ផង គឺ​ចំនួន​៤​ដង​ហើយ ។ ប៉ុន្តែ​ក្មេង​ស្រី​ដែល​កើត​អាកា​រៈ​នេះ​ញឹក​ជាងគេ គឺ​ទី​១- ឈ្មោះ ម៉ុ​ត ច​ន្ឋូ អាយុ​១២​ឆ្នាំ ទី​២- ឈ្មោះ ជិន ល​ក្ខិ​ណា អាយុ​១២​ឆ្នាំ ទី​៣- ឈ្មោះ ប៊​ន សុខ​ណា អាយុ​១២​ឆ្នាំ និង​ទី​៤- ឈ្មោះ អឿ​ន ផា​រី អាយុ​១២​ឆ្នាំ ពួក​គេ​រៀន​ថ្នាក់​ទី​៥ និង​មាន​ទីលំនៅ​ភូមិ​ចាន់​ត្រក ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស​។

លោកនាយក​សាលា​បាន​បន្ត​ថា ឪពុក​ម្ដាយ​ក្មេង​ស្រី​ទាំងនោះ បាន​ទៅ​រក​គ្រូមន្តអាគម ហើយ ត្រូវ​បាន​គ្រូ​នោះ​បញ្ជាក់​ថា ពួកក្មេង​ៗ​ទាំងនោះ​បាន​ទៅ​រុះរើ​លំនៅ​ឋាន​របស់​គេ ទើប​គេ​មិន​សុខចិត្ត ហើយ​ត្រូវ​មក​យក​ក្មេង​ៗ​ទាំងនោះ​ទៅ​ជាមួយ​»​។ ប៉ុន្តែ​បើ​ទោះបីជា​ឪពុក​ម្ដាយ​ក្មេង​ៗ រួម​ទាំង​លោកគ្រូ​អ្នកគ្រូ​ផង បាន​ធ្វើ​រោង និង​សង់​ខ្ទម ព្រមទាំង​មាន​ជ្រូក​ខ្វៃ មាន់ ទា សែនព្រេន​ជូន​វិញ​យ៉ាងណា​ក្តី ក៏​ក្មេង​ស្រី​ទាំងនោះ​នៅ​តែ​ដដែល ជាក់ស្តែង​គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា នេះ​តែ​ម្តង​។

ជា​ចុង​ក្រោយ លោកនាយក​សាលា​និយាយ​បែប​កំប្លែង​ថា «​សែន​នេះ​មិន​ត្រូវ សែន​នោះ​មិន​ត្រូវ ចង់​តែ​ដុត​រោង​នោះ​ចោល​វិញ​ទេ​»​។ ទោះបីជា​យ៉ាងនេះ​ក្តី លោក​បញ្ជាក់​ថា ព្រឹក​នេះ​ក្រោយ​ពី​ចេញពី​មណ្ឌល​សុខភាព​ហើយ ក្មេង​ស្រី​ទាំង​៤​នាក់​ត្រូវ​បាន​ឪពុក​ម្តាយ​នាំ​យក​ទៅ​ជួប​គ្រូមន្តអាគម ដើម្បី​ព្យាបាល​វិញ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ