ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ថ្នាំ​អាចម៍​ទន្សាយ​» ផលិត​តាម​ការ​នឹកឃើញ​របស់​ខ្មែរក្រហម

6 ឆ្នាំ មុន

ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ជា​កាលបរិច្ឆេទ​ប្រវត្តិសាស្ត្រ​មិន​អាច​បំភ្លេច​បាន ដែល​កម្ពុជា​ធ្លាក់​ចូល​ក្នុង​របប​ប្រល័យពូជសាសន៍​។ ពី​បណ្តា​រឿងរ៉ាវ​ជា​ច្រើន​នៃ​របប​នោះ ក្នុង «​ខែមេសា ឆ្នាំ​២០១៧» នេះ​យើង​សូម

ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ជា​កាលបរិច្ឆេទ​ប្រវត្តិសាស្ត្រ​មិន​អាច​បំភ្លេច​បាន ដែល​កម្ពុជា​ធ្លាក់​ចូល​ក្នុង​របប​ប្រល័យពូជសាសន៍​។ ពី​បណ្តា​រឿងរ៉ាវ​ជា​ច្រើន​នៃ​របប​នោះ ក្នុង «​ខែមេសា ឆ្នាំ​២០១៧» នេះ​យើង​សូម​បង្ហាញ​ជូន «​ថ្នាំ​អាចម៍​ទន្សាយ​» របស់​ពួក​ខ្មែរក្រហម​ដោយ​យោង​តាម​ទស្សនាវដ្តី «​ស្វែងរក​ការ​ពិត » ។

ថ្នាំ​អាចម៍​ទន្សាយ​ជា​ថ្នាំ​ដែល​ផលិត​ឡើង​ដោយ​ឱសថការិនី​មិនសូវ​ចេះអក្សរ​របស់​ខ្មែរ ក្រហម ។ ថ្នាំ​អាចម៍​ទន្សាយ​ផ្សំ​ចេញពី​ឫស​ឈើ សំបកឈើ ផ្សេង​ៗ​តាម​ការ​នឹកឃើញ​របស់​អង្គការ​ខ្មែរក្រហម ។ ការ​ផលិត​ថ្នាំពេទ្យ​ដោយ​គ្មាន​ការ​ពិសោធ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​ធ្វើ​ឲ្យ​បាត់បង់​ជីវិត និង​ខូចសុខភាព​ប្រជាជន​អស់​មួយ​ចំនួន​ធំ ។

ថ្នាំ​អាចម៍​ទន្សាយ​ជា​ថ្នាំ​ដែល​ប្រជាជន​កម្ពុជា​បាន​ដាក់​ឈ្មោះ​ឲ្យ​បញ្ជាក់​ពី​រូប​លក្ខណៈ និង​អសមត្ថភាព​នៃ​ថ្នាំ ។ លោកពូ​អ៊ុ​ក ឡាយ​អ៊ី​ម បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ប្រជាជន​ដាក់​ឈ្មោះ​ថ្នាំ​នេះ​ថា​ថ្នាំ «​អាចម៍​ទន្សាយ​» ព្រោះថ្នាំ​ទាំងនេះ​ធ្វើ​ឡើង​ពី​ឫស​ឈើ​ព្រៃ​មួយ​ចំនួន​កិន​ឲ្យ​ម៉ដ្ឋ​លាយ​ជាមួយ​ជ័រ​ធ្នង់​ពណ៌​ខ្មៅ រួច​សូន​ជា​គ្រាប់ តូច​ៗ​មាន​សណ្ឋាន​ដូច​អាចម៍​ទន្សាយ​។ ម្យ៉ាងទៀត​ថ្នាំ​នេះ​គ្មាន​ប្រសិទ្ធភាព​ទេ ប្រៀប​ដូច​ជា​លេប​អាចម៍​ទន្សាយ ហេតុ​ដូច្នេះ​ហើយ​ទើប​ប្រជាជន​កម្ពុជា ហៅ​ថា «​ថ្នាំ​អាចម៍​ទន្សាយ​ៗ»​។

ថ្នាំ​អាចម៍​ទន្សាយ​ត្រូវ​បាន​អគ្គលេខាបក្ស​កុម្មុយនីស្ត​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ទី​១​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ «​ប៉ុ​ល ពត​» ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។ ថ្នាំ​អាចម៍​ទន្សាយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ឲ្យ​ផលិត​នៅ​គ្រប់​មន្ទីរពេទ្យ​ទាំងអស់​ទូ​ទាំង​កម្ពុជា​ប្រជាធិបតេយ្យ ដើម្បី​បម្រើ​ផ្នែក​សុខភាព​ជូន​ប្រជាជន​ដោយ​ឥត​លក្ខខណ្ឌ ។ ទ្រឹស្តី​របស់​អង្គការ​ខ្មែរក្រហម​បាន​អះអាង​យ៉ាង​ច្បាស់​ថា «​យើង​មិន​ផ្អែក​លើ​បច្ចេកទេស​ទេ យើង​ឈរ​លើ​គោល​ជំហរ​បដិវត្តន៍​ដើម្បី​កសាង​ប្រទេស អ្វី​ៗ​មិន​បដិវត្តន៍ មិន​ធ្វើ​» ។

«​ពេទ្យ​សង្គមនិយម​ត្រូវ​កម្ចាត់​កាក​សំណល់​ពី​សង្គមចាស់ កម្ចាត់​ទស្សនៈ​សតិអារម្មណ៍​គោល​ជំហរ​ប្រើប្រាស់​ថ្នាំ​សម័យ​សំបូរ​បែប​» ។ ប៉ុ​ល ពត បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា «​យើង​ត្រូវ​រៀបចំ​ចាត់តាំង​ក្រុម​ស្រាវជ្រាវ​ដោយ​រួម​ផ្សំ​វិជ្ជា យើង​រួម​ផ្សំ​ចលនា​ជាក់ស្តែង និង​ពិសោធ​សាកល​ផង ។ ទោះបី​រូបមន្ត​មិន​ទាន់​ចងក្រង​ក៏​ដោយ ក៏​យើង​អាច​ផលិត​ថ្នាំ​បាន​ដែរ ។ យើង​អនុវត្ត​គោល​ជំហរ​ឯករាជ្យ​ម្ចាស់​ការ ខ្លួន​ទីពឹង​ខ្លួន​ខាង​ថ្នាំសង្កូវ​» ។

បងស្រី​សុក គឹ​ម អតីត​នារី​ពេទ្យ​របស់​ខ្មែរក្រហម​នៅ​ខេត្តតាកែវ បាន​និយាយ​ថា អង្គការ​ឲ្យ​ផលិត​ថ្នាំបុរាណ «​ថ្នាំ​អាចម៍​ទន្សាយ​» ព្រោះ​អង្គការ​ចង់​ឲ្យ​ប្រជាជន​ប្រើ​ថ្នាំពេទ្យ​ផលិត​ក្នុងស្រុក ។ អង្គការ​មិន​ចង់​ពឹងពាក់​បរទេស​។ ម្យ៉ាងទៀត​អង្គការ​និយាយ​ថា «​បើ​ប្រើ​តែ​ថ្នាំ​បរទេស យើង​អត់​ចេះ​ផលិត​ថ្នាំពេទ្យ​ប្រើ​ដោយ​ខ្លួនឯង​ឡើយ​» ទោះបី​មាន​ថ្នាំពេទ្យ​មក​ពី​បរទេស​ក៏​ដោយ ក៏​អង្គការ​មិន​ឲ្យ​ប្រើ​ដែរ ។ អង្គការ​ចង់​ឲ្យ​ឯករាជ្យ​ម្ចាស់​ការ​ដោយ​ខ្លួនឯង ។

រូបមន្ត​ថ្នាំ​ដែល​ក្រសួងសុខាភិបាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​បង្រៀន​ឱសថការី​ខ្មែរក្រហម​ឲ្យ​ចេះ​ផលិត​មាន​ជា​អាទិ៍ គឺ​ថ្នាំ​គ្រុនក្តៅ ថ្នាំ​ឈឺក្បាល ថ្នាំ​ឈឺពោះ ថ្នាំ​គី​នី​ន និង​ថ្នាំ​ខ្យល់​។ ឧទាហរណ៍​រូបមន្ត​ថ្នាំ​បំបាត់​គ្រុនក្តៅ​គឺ​យក​ដំឡូង​មី ដើម​កំប៉ោយ​ចិន និង​ដើម​ប្រមោយដំរី​ហាល​ឲ្យ​ស្ងួត រួច​កិន​បញ្ចូល​គ្នា​ឲ្យ​ម៉ដ្ឋ​ទើប​យក​មក​លញ់​ជាមួយ​ទឹក​ដើម្បី​សូន​ជា​ថ្នាំ​គ្រាប់ ។ បងស្រី​ញឹ​ម ហាន អតីត​នារី​ពេទ្យ​នៅ​ភូមិភាគ​ពាយ័ព្យ​បាន​ឲ្យ​ដឹង​ថា រូបមន្ត​ធ្វើ​ថ្នាំ​បំបាត់​គ្រុនក្តៅ​មាន​លក្ខណៈ ខុស​ៗ​គ្នា​នៅ​កន្លែង​របស់​គាត់ របៀប​ធ្វើ​ថ្នាំ​គ្រុនក្តៅ គឺ​យក​ដើម​បណ្តូល​ពេ​ច និង​គ្រាប់​ស្លែង​ទៅ​លីង​បុក​ច្របល់​ឲ្យ​ម៉ដ្ឋ​ជាមួយ​ដំឡូង​មី រួច​ទើប​យក​ទៅ​លាយ​ស្ករ​ក្រហម  តិច​ៗ​ហើយ​បោះពុម្ព​ចេញ​ជា​ថ្នាំ​គ្រាប់​ដែល​មាន​ពណ៌ ស​ៗ ។

បងស្រី​បន្ថែម​ថា ថ្នាំ​ទាំងនោះ​ស័ក្តិសិទ្ធិ ឬ​មិន​ស័ក្តិសិទ្ធិ​គាត់​មិនដឹង​ទេ គាត់​ធ្វើ​តាមតែ​បញ្ជា​អង្គការ​ប៉ុណ្ណោះ ។ ចំពោះ​រូបមន្ត​ថ្នាំ​ឈឺក្បាល គឺ​ពេទ្យ​ខ្មែរក្រហម​យក​តែ​ដំឡូង​មី​កិន​ឲ្យ​ម៉ដ្ឋ​លាយ​សាច់ជូរ​ត្រាំ ឬ​ទឹកក្រូច​ឆ្មារ រួច​សូន​ជា​គ្រាប់​ហាល​ឲ្យ​ស្ងួត ។ ថ្នាំ​ត្រជាក់​ធ្វើ​ពី​ទឹកប្រមាត់​មនុស្ស​លាយ​ជាមួយ​ម្សៅ​មី និង​ដើមឈើ​ច្រើន​មុខ​កិន​លាយ​បញ្ចូល​គ្នា រួច​សូន ជា​គ្រាប់​ៗ ។ ថ្នាំ​ដែល​ផលិត​បាន ជួនកាល​មាន​ពណ៌​ស ជួនកាល​មាន​ពណ៌​ខ្មៅ ។ ថ្នាំ​ដែល​មាន​ពណ៌​ខ្មៅ ជា​ថ្នាំ​ដែល​យក​ជ័រ​ធ្នង់​លាយ​បញ្ចូល​គ្នា​ទើប​បណ្តាល​ឲ្យ​មាន​ពណ៌​ខ្មៅ ។

បងស្រី​មៀ​ច ថា​ន នារី​ពេទ្យ​នៅ​មន្ទីរពេទ្យ​ស្រុក​ត្រាំកក់ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​តា​ពូន​។ គាត់​ជា​បុគ្គលិក​ធ្វើ​ថ្នាំបុរាណ​ដែល​មិន​ចេះអក្សរ​ទាល់តែ​សោះ ប៉ុន្តែ​គាត់​អាច​ផលិត​ថ្នាំ​ជូន​អង្គការ​បាន​។ បងស្រី​បញ្ជាក់​ថា កងឈ្លប​ខ្មែរក្រហម​បាន​សម្លាប់​មនុស្ស​នៅ​នារាយណ៍ រួច​បាន​បញ្ជូន​ប្រមាត់​មនុស្ស​ណា​ដែល​ល្អ​មក​ឲ្យ​មន្ទីរពេទ្យ​ស្រុក​ត្រាំកក់​ជា​រៀង​រាល់​ខែ ដើម្បី​ធ្វើ​ថ្នាំ​បំបាត់​គ្រុនក្តៅ ។ នៅ​ក្នុង​សៀវភៅ​ជំនុំជម្រះ​របស់​តុលាការ​ប្រជាជន​បដិវត្តន៍ ខែសីហា ឆ្នាំ​១៩៧៩ ។

សាក្សី​ឈ្មោះ​ខឹ​ម មា​លិ​ស​ច័ន្ទ អាយុ​៣៧​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា កងឈ្លប​ខ្មែរក្រហម​វះ​មនុស្ស​ទាំង​រស់​ដើម្បី​យក​ប្រមាត់​ធ្វើ​ថ្នាំ ។ តា​ហៀ​ង ប្រធាន​ឈ្លប​នៅ​ឃុំ​ស្អាង​ភ្នំ និង​ជា​អតីត​សង្ឃរាជ​នៅ​វត្ត​ស្អាង​ភ្នំ បាន​យក​ប្រមាត់​មនុស្ស​ដែល​ទើប​វះ​រួច​មក​បង្ហាញ​ឲ្យ​បងស្រី​មើល ។ តា​ហៀ​ង និយាយ​ថា ប្រមាត់​មនុស្ស​ដែល​មាន​សុខភាព​ល្អ​គឺ​មានទឹក​ពេញ ឯ​ប្រមាត់​មនុស្ស​មាន​សុខភាព​មិនល្អ​មាន​ទឹកតែ​កន្លះ ឬ​បន្តិចបន្តួច​ប៉ុណ្ណោះ ។

ទោះបី​ពេទ្យ​ខ្មែរក្រហម​សម្លាប់​មនុស្ស​ដើម្បី​យក​ប្រមាត់​មក​ធ្វើ​ថ្នាំ​ព្យាបាល​ឲ្យ​អ្នកជំងឺ​យ៉ាងណា​ក៏​ដោយ ក៏​ថ្នាំពេទ្យ​របស់​ខ្មែរក្រហម​ពុំ​សូវ​មាន​ប្រសិទ្ធភាព​ដដែល​។ ជួនកាល​ថ្នាំពេទ្យ​ជា​មូលហេតុ​បណ្តាល​ឲ្យ​អ្នកជំងឺ​មាន​គ្រោះថ្នាក់​ដល់​ជីវិត ដោយសារ​តែ​ដាក់​លាយ​គ្រាប់​ស្លែង​ច្រើន​ហួសកំណត់ ។

នៅ​ក្នុង​កំណត់ហេតុ​ប្រជុំ​គណៈ​អចិន្ត្រៃយ៍ អៀង ធិ​រិ​ទ្ធ​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច និង​សិក្សាធិការ​បាន​រាយការណ៍​ប្រាប់​អង្គប្រជុំ​អំពី​បញ្ហា​ដែល​ពេទ្យ​ខ្មែរក្រហម​ផលិត​ថ្នាំពេទ្យ​ពុំ​សូវ​មាន​ប្រសិទ្ធភាព ។ ទោះជា​មាន​របាយការណ៍​យ៉ាងនេះ​ក៏​ដោយ ក៏​ប៉ុ​ល ពត នៅ​តែ​បន្ត​ជំរុញ​ឲ្យ​ពេទ្យ​ផលិត​ថ្នាំ​ឲ្យ​ប្រជាជន​ប្រើប្រាស់​ដដែល ។ ប៉ុ​ល ពត បាន​លើក​ហេតុផល​ថា «​ទោះបីជា​ថ្នាំ​មាន​ប្រសិទ្ធភាព ឬ​អត់​ប្រសិទ្ធភាព​ត្រូវ​តែ​ធ្វើ​តទៅ​ទៀត ដើម្បី​ដក​ពិសោធន៍​» ។ លោកយាយ​អឿ​ន វិះ​តែ​នឹង​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទីរពេទ្យ​ព្រៃ​ល្វា ឃុំ​លាយ​បូរ ដោយសារ​តែ​ថ្នាំ​អាចម៍​ទន្សាយ​។ ថ្នាំ​អាចម៍​ទន្សាយ​បាន​ធ្វើ​ឲ្យ​លោកយាយ​វិល​ក្រឡាប់ចាក់​និង​វង្វេងស្មារតី​នៅ​ពេល​លេប​វា​ចូល​ទៅ​ក្នុង​ពោះ​ម្តង​ៗ ។

លោកយាយ​អឿ​ន​បន្ថែម​ថា បើ​ពេទ្យ​ចែក​ថ្នាំ​អាចម៍​ទន្សាយ​ឲ្យ​ហើយ យើង​មិន​ព្រម​លេប យើង​នឹង​ទទួល​ការ​ស្តីបន្ទោស និង​វិន័យ​បណ្តេញ​ចេញពី​ពេទ្យ​ទៅ​ធ្វើការ​នៅ​ការដ្ឋាន​វិញ​។ គាត់​ខំទ្រាំ​លេបថ្នាំ​តាម​បញ្ជា​របស់​ពេទ្យ ទោះបី​ដឹង​ថា​ថ្នាំ​ទាំងនោះ​ធ្វើ​ឲ្យ​សុខភាព​របស់​គាត់​កាន់តែ​ទ្រុឌទ្រោម​ក៏​ដោយ ។ នៅ​ពេល​ដែល​ថ្នាំ​មាន​ប្រតិកម្ម នារី​ពេទ្យ​បាន​យក​ស្ករត្នោត​មក​ឲ្យ​គាត់​ពិសា​ដើម្បី​បន្សាប​ជាតិពុល​របស់​ថ្នាំ ។ នៅ​ក្នុង​មន្ទីរពេទ្យ គ្មាន​អ្នកជំងឺ​ណា​ម្នាក់​ចង់​លេបថ្នាំ​ដែល​អង្គការ​ផលិត​ដោយ​ឫស​ឈើ ឫស​ព្រៃ​នោះ​ទេ​។ ជួនកាល​អ្នកជំងឺ​បាន​លួច​យក​ថ្នាំ​ទាំងនេះ​ទៅ​បោះចោល​តែ​ម្តង ។

សម​មិត្ត គ្រិ​ន ដែល​ជា​ប្រធាន​ពេទ្យ​របស់​ខ្មែរក្រហម​នៅ​ដី​ឆ្នាំង ភូមិភាគ​បស្ចិម ត្រូវ​ស្លាប់​មួយ​រំពេច​ដោយសារ​លេបថ្នាំ​អាចម៍​ទន្សាយ​។ គាត់​លេបថ្នាំ​ចំនួន​៣​គ្រាប់ ផ្ទួន​ៗ​គ្នា​៣​ដង ព្រោះតែ​គាត់​ចង់​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ​គ្រុនញាក់ ប៉ុន្តែ​គ្រិ​ន បែរជា​ស្លាប់​បន្ទាប់​ពី​លេបថ្នាំ​ភ្លាម ។

នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​៣​នាក់​ត្រូវ​រលូត​កូន​ភ្លាម​បន្ទាប់​ពី​ប្រើប្រាស់​ថ្នាំបុរាណ «​អាចម៍​ទន្សាយ​» របស់​ខ្មែរក្រហម ។

ដោយសារ​តែ​យក​ថ្នាំបុរាណ​ធ្វើ​ជា​ថ្នាំ​ដក​ពិសោធន៍​តាម​បញ្ជា​រប​ស់ប៉ុល ពត ទើប​មាន​ប្រជាជន​ជា​ច្រើន​ត្រូវ​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ការ​ពិសោធ​នេះ​។ បើ​តាម​ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា ការ​ផលិត​ថ្នាំ​បែប​បុរាណ​របស់​ខ្មែរក្រហម ធ្វើ​ឡើង​ដោយ​គ្មាន​បច្ចេកទេស ឬ​ក្បួនច្បាប់​ច្បាស់លាស់​ឡើយ​។ អង្គការ​គ្រាន់តែ​ប្រមូល តា​ៗ​សង្គមកិច្ច​ដែល​ចេះ​រូបមន្ត​ថ្នាំបុរាណ ៕