តាកែវ៖ រដ្ឋបាលខេត្តតាកែវ រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនៅរមណីយដ្ឋានទន្លេបាទី ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ រយៈពេលពីរថ្ងៃ ចាប់ផ្ដើមនៅវេលាម៉ោង ២រសៀល ថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។
លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានប្រាប់កោះសន្តិភាពថា ដំណើការអុំទូក ដែលរដ្ឋបាលខេត្ត បានរៀបចំនៅរមណីយដ្ឋានប្រវត្តិសាស្រ្តទន្លេបាទី ចាប់ផ្ដើម នៅរសៀលថ្ងៃអាទិត្យនេះ ដោយមានទូកចូលរួមប្រកួតចំនួន ២៦ទូក។ ក្នុងចំណោមទូកទាំង២៦ ដែលបានចូលរួមប្រកួត រួមមានទូករដ្ឋបាលក្រុងស្រុកទាំង១០ នៅក្នុងខេត្តតាកែ វចំនួន ២០ទូក និងទូកពិសេសខ្នាតអន្តរជាតិស្រុកគីរីវង់របស់លោក សុខ សូកាន ចំនួន ៦ទូក។
លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានអោយដឹងទៀតថា ការប្រណាំងទូក នៅរមណីយដ្ឋានទន្លេបាទីនេះ រដ្ឋបាលខេត្ត ក៏មានការរៀបចំតាំងពិព័រណ៍ចំណីអាហារ និងផលិតរផលក្នុងស្រុក ការប្រគុំតន្ត្រី និងការបាញ់កាំជ្រួចនៅពេលយប់ផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោក អ៊ូច ភា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តតាកែវ និងប្រជាពលរដ្ឋនៅជាប់ខេត្តតាកែវ ជាពិសេសប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ អញ្ជើញមកចូលរួមលេងកម្សាន្តពិធីបុណ្យអុំទូក នៅរមណីយដ្ឋានទន្លេបាទី ក្នុងស្រុកបាទី ដែលនៅជិត នឹងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ការរៀបចំពិធីប្រណាំងទូកនៅរមណីយដ្ឋានប្រវត្តិសាស្រ្តទន្លេបាទី រយៈពេល២ថ្ងៃ ដែលរដ្ឋបាលខេត្តតាកែវ បានរៀបចំនេះ ក៏មានការផ្សាយបន្តផ្ទាល់ពីវិទ្យុ និងទូរទស្សន៍គោកធ្លក នៃមន្ទីរព័ត៌មានខេត្តតាកែវ ផងដែរ៕







ចែករំលែកព័តមាននេះ