ប្រទេសថៃ ៖ បើយោងតាមរបាយការណ៍ថៃ បានឱ្យដឹងថា លោកវរសេនីយ៍ឯកមួយរូប ដែលជាយោធានៅភ្នំពេញ (មិនទាន់ដឹងពីអង្គភាព) បានចេញពីកម្ពុជាតាមច្រកខៅឌីន ស្រុកខ្លងហាត ខេត្តស្រះកែវ (ខាងថៃ) ដែលឈមនឹងស្រុកសំពៅលូន ខេត្តបាត់ដំបង (ខាងខ្មែរ) កាលពីម៉ោង១៨និង០០នាទីល្ងាច ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានភាគីថៃឃាត់ខ្លួនជាមួយនឹងរថយន្តទំនើប១គ្រឿង ដែលមានស្លាកលេខ កម្ពុជា PICH NIK ខណៈបើករថយន្តទំនើបគេចប៉ារ៉ាស់វៀងចូលទឹកដីថៃ ទោះភាគីថៃដាក់បារ៉ាសបិទផ្លូវក៏ដោយ។

ហេតុការណ៍ខាងលើនេះ ត្រូវបានភាគីថៃឃាត់នៅចំណុចភ្លើងក្រហម ផ្លូវបំបែកជា៤ ស្ថិតក្នុងស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវ ជាមួយអាវុធខ្លី១ដើម ហើយនៅក្នុងរថយន្ត គឺមានតែលោកវរសេនីយ៍ឯកម្នាក់ឯងតែប៉ុណ្ណោះ។
ប្រភពដដែលបន្តថា លោកវរសេនីយ៍ឯកខាងលើមានឈ្មោះ សុខ បានផល អាយុជាង៣០ឆ្នាំ ដែលជាយោធាម្នាក់នៅរាជធានីភ្នំពេញ ដែលមិនទាន់ដឹងពីអង្គភាពនោះ ។

ប្រភពដដែលបន្តថា ពាក់ព័ន្ធករណីខាងលើនេះ ភាគីថៃជនសង្ស័យថា លោកវរសេនីយ៍ឯកមានវិបត្តិគ្រួសារ។ ហើយខណៈពេលនេះ ម្តាយ និងសាច់ញាតិរបស់លោកវរសេនីយ៍ឯក កំពុងតែធ្វើដំណើរមកព្រំដែន ដើម្បីរកការអន្តរាគមន៍ជួយពីមន្ត្រីកម្ពុជាហើយ។

ពាក់ព័ន្ធករណីសមត្ថកិច្ចថៃឃាត់ខ្លួនមន្ត្រីយោធាខ្មែរនៅខេត្តស្រះកែវនេះ មន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត មិនអាចទាក់ទងសុំកាបំភ្លឺបានទេ ដោយមន្ត្រី២នាក់ចុចទូរស័ព្ទមិនចូល ខណៈលោក នេត្រ សេរី អគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ ប្រទេសថៃ ក៏មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានដែរ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅពេលក្រោយ ។



ចែករំលែកព័តមាននេះ