ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អគ្គី​លេប​ត្របាក់​យ៉ាង​សន្ធោសន្ធៅ ឆក់​យក​ជីវិត​លោកតា​ម្ចាស់ផ្ទះ​នៅ​ភ្នក់ភ្លើង​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ស្វាយរៀង

អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​អស់​មួយ​ខ្នង និង​បណ្តាល​ឱ្យ​ឆេះ​លោកតា​ម្ចាស់ផ្ទះ​ម្នាក់​អាយុ​៧០​ឆ្នាំ ស្លា​.​ប់​នៅ​ក្នុង​ភ្លើង​គួរ​ឲ្យ​អាសូរ​

ខេត្តស្វាយរៀង ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​អស់​មួយ​ខ្នង និង​បណ្តាល​ឱ្យ​ឆេះ​លោកតា​ម្ចាស់ផ្ទះ​ម្នាក់​អាយុ​៧០​ឆ្នាំ ស្លា​.​ប់​នៅ​ក្នុង​ភ្លើង​គួរ​ឲ្យ​អាសូរ​។ ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ចំណុច​ខាងលិច​ក្លោ​ង​ទ្វារ​វត្ត​ស្វាយ​ជ្រំ ស្ថិត​ក្នុងភូមិ​ស្វាយ​ក្ងោ ឃុំ​ស្វាយ​ជ្រំ ស្រុក​ស្វាយ​ជ្រំ​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ថា​មាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​របស់​ប្រជាជន​ភ្លាម សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ធ្វើ​អន្តរាគមន៍​ភ្លាម​ៗ ដោយ​មាន​កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​ស្វាយ​ជ្រំ កម្លាំង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ចែវ សុគន្ធ នាយ​រង​សេនាធិការ និង​លោក​វរសេនីយ៍ត្រី កែវ ធី មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អ​វុ​ធ​ហត្ថ​ស្រុក​ស្វាយ​ជ្រំ សហការ​ជាមួយ​លោក​អភិបាលស្រុក និង​កម្លាំង​ស្នងការ​នគរបាល​ខេត្ត អធិការ​នគរបាល​ស្រុក កម្លាំង​ផ្នែក​សឹក​រង​ស្រុក ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​កងរាជអាវុធហត្ថ​ខេត្ត​០១​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​៤​គ្រឿង​។

ប្រភព​ដដែល​បន្ត​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ខាងលើ​នេះ មានឈ្មោះ កៅ យាន ភេទ​ប្រុស អាយុ​៧០​ឆ្នាំ រស់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ បាន​ស្លា​.​ប់​នៅ​ក្នុង​ភ្លើង​។ ហើយ​ចំពោះ​សម្ភារៈ​ខូចខាត​រួម​មាន ៖ ១- ផ្ទះ​០១​ខ្នង​ទំហំ ៧​ម៉ែត្រ​x៩​ម៉ែត្រ ដំបូល​ក្បឿង​ថ្ម​ក្រោម ឈើ​លើ​ជញ្ជាំង​ក្តា​រនាប ឆេះ​អស់​សល់​តែ​ផេះ​, ២- រថយន្ត​សាំ​យ៉ុ​ង​០១​គ្រឿង​, ៣- ប្លង់​ដី ១៥​ប្លង់​, ៤- ប្រាក់ ១,០០០,០០០​រៀល​, ៥- ប្រាក់​ដុល្លារ ១,០០០​ដុល្លារ​, ៦- ទូ​ដាក់​ខោអាវ​ចំនួន​០៤ និង​ខោអាវ​០៤​ទូ​, ៧- អត្តសញ្ញាណប័ណ្ណ​១​សន្លឹក​, ៨- គ្រែ​ចំនួន​៥​គ្រឿង​, ៩-​សា​ឡុ​ង​១​ឈុត​, ១០- សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។ ហើយ​បើ​តាម​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា មូលហេតុ​គឺ​បណ្តាល​មក​ឆ្លង​ចរន្តអគ្គិសនី ។

ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​បិទទ្វារ ចាក់សោ​ផ្ទះ​ខាងក្នុង រួច​ដេក​នៅ​ក្នុង​បន្ទប់​ម្នាក់ឯង ដោយ​កូន​ៗ​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​អស់ បន្សល់​ទុក​តែ​លោកតា​ឲ្យ​នៅ​ចាំផ្ទះ​។ លុះ​នៅ​ព្រឹក​កើតហេតុ ទំនងជា​លោកតា​មិន​ស្រួលខ្លួន​ក៏​បាន​ចាក់សោ​ផ្ទះ​ដេក​ទៅ ហើយដោយ​សារ​ប្រព័ន្ធ​ខ្សែភ្លើង​ចាស់ ខ្សែ​តូច​ទៀត ទើប​សង្ស័យ​ថា មក​ពី​ខ្សែភ្លើង​រលាត់​ដាច់​ធ្វើ​ឲ្យ​ឆ្លង​ចរន្តអគ្គិសនី បណ្តាល​ឱ្យ​ទុ​ស្សេ​ខ្សែភ្លើង​បង្ក​ក្លាយជា​អគ្គិភ័យ​តែ​ម្តង​។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា ណាមួយ​ផ្ទះ​របស់​ជន​រង​គ្រោះ​មាន​គ្រឿង​ឈើ​ច្រើន និង​រថយន្ត​១​គ្រឿង​នៅ​ក្នុងផ្ទះ​ទៀត ធ្វើ​ឱ្យ​ភ្លើង​ឆាបឆេះ​ខ្លាំង ទើប​អ្នក​ជិតខាង​ឃើញ ក៏​ទូរស័ព្ទ​រាយការណ៍​ប្រាប់​សមត្ថ​កិច្ច​មក​ជួយ​អន្តរាគមន៍ ប៉ុន្តែ​ដោយសារ​កន្លែង​កើតហេតុ​ឆ្ងាយ​ពី​ទីរួមខេត្ត ហើយ​ទម្រាំ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ដល់ គឺ​អណ្ដាតភ្លើង​បាន​ឆាបឆេះ​ពេញបន្ទុក​ទៅ​ហើយ​។ ចំណែក​ម្ចាស់ផ្ទះ​វិញ បាន​ចាក់​សោ​ផ្ទះ​ខាងក្នុង ទម្រាំ​ពន្លត់ភ្លើង​រលត់​ជន​រង​គ្រោះ​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ ពិតជា​គួរ​ឱ្យ​អាសូរ​ណាស់ ពេល​កូន​ៗ​មក​ដល់​គឺ​ផ្ទះ​ឆេះ​អស់​ទៅ​ហើយ ឪពុក​ក៏​បាន​ស្លា​.​ប់​ក្នុង​ភ្លើង​ទៀត តើ​កូន​ៗ​ណា​មិន​ស្លុតចិត្ត?។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ