ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រុងប្រយ័ត្ន! មានក្រុមចោរ ជិះឡាន ចូល​ហាង​សាឡនកក់សក់ រួចនាំគ្នា ដាក់ថ្នាំសណ្តំ យក​លុយ និងទ្រព្យសម្បត្តិអស់ នៅក្រុង​ស្វាយរៀង

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ មានក្រុមចោរស្រីប្រុស ៣នាក់ បាន​ជិះរថយន្តមួយគ្រឿង ចូល​ដាក់ថ្នាំសណ្តំ ប្រជាពលរដ្ឋ រួចយកប្រាក់ និងទ្រព្យសម្បត្តិ​ផ្សេងទៀត ហើយគេច​បាត់ដោយសុវត្ថិភាព។ សមត្ថកិច្ចបានបង្ហើប​ថា…

ខេត្តស្វាយរៀង៖ មានក្រុមចោរស្រីប្រុស ៣នាក់ បាន​ជិះរថយន្តមួយគ្រឿង ចូល​ដាក់ថ្នាំសណ្តំ ប្រជាពលរដ្ឋ រួចយកប្រាក់ និងទ្រព្យសម្បត្តិ​ផ្សេងទៀត ហើយគេច​បាត់ដោយសុវត្ថិភាព។

សមត្ថកិច្ចបានបង្ហើប​ថា មានជនសង្ស័យបីនាក់ ជិះរថយន្តមិនស្គាល់ម៉ាក បានមកឈប់ខាងមុខ​ហាងសាឡនកក់សក់ រួចនាំគ្នាដាក់ថ្នាំសណ្ដំ យកលុយ និងទ្រព្យសម្បត្តិជនរងគ្រោះ អស់មួយចំនួនធំ រួចនាំគ្នាជិះរថយន្តគេចខ្លួនបាត់។ ករណីនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅចំណុចហាង ផាន់ណាសាឡន នៅ​ក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ហាងរងគ្រោះ មានឈ្មោះ កុយ សុផាណា ភេទស្រី អាយុ ៣៦ឆ្នាំ ​​រស់នៅក្នុង​ភូមិកើតហេតុនេះ។  សម្ភារៈ ដែលបាត់បង់ រួមមាន ប្រាក់ដុល្លារចំនួន ១៧.៥០០ដុល្លារ ចិញ្ចៀនផ្លាទីន ចំនួន ២វង់ ទម្ងន់ ៦ហ៊ុន ខ្សែដៃកូនផ្លាទីនចំនួន ១ជីកន្លះ និងក្រវិលមាសទំហំ ១ហ៊ុន។

ប្រភពបានបន្តទៀតថា នៅមុនពេលកើតហេតុ មានក្រុមជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ​ មានគ្នាបីនាក់ បានជិះរថយន្ត មិនស្គាល់ម៉ាកមួយគ្រឿង មកចូលហាងរបស់ខ្លួន ដោយប្រាប់ថា មកកក់សក់​។ បន្ទាប់មក ជនសង្ស័យម្នាក់ ក្នុងចំណោម ៣នាក់នោះ បានសុំឱ្យកក់សាប៊ូរបស់ខ្លួន ដែលយកមកជាមួយ ហើយបានចាក់ដាក់បាតដៃឱ្យហិត រួចក្រុមជនសង្ស័យ ក៏ប្រាប់រូបខ្លួនថា ឱ្យទៅយកលុយមកដូរ ខណៈនោះ ខ្លួនបានត្រូវថ្នាំសណ្ដំ វង្វេងស្មារតី ក៏ដើរចូលក្នុងផ្ទះចាក់​សោយកលុយទាំងអស់ ទើបតែដកពីធនាគារ ABA កាលពីថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២ ឱ្យពួកគេទាំងអស់។

ក្រោយពីបានលុយ និងគ្រឿងអលង្ការហើយ ក្រុមជនសង្ស័យបានបើករថយន្ត ចេញពីហាងបាត់ ទើបគាត់បានដឹងខ្លួនវិញ និងផ្អើលឆោឡោឡើងតែម្ដង។

សមត្ថកិច្ច បានបន្តទៀតថា ក្រោយមក ម្ចាស់ហាងរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ព្រោះមានអាការៈខុសធម្មតា ដោយរវើរវាយ ក្រោយត្រូវថ្នាំសណ្ដំរបស់ក្រុមជនសង្ស័យ។

សមត្ថកិច្ចមូលដ្ឋាន បានធ្វើកំណត់ហេតុ និងសាកសួរម្ចាស់ហាង ដើម្បីស្រាវជ្រាវ ស្វែងរកជនសង្ស័យ យកមកចាត់ការតាមផ្លូវច្បាប់៕ វ៉ាន់ ប៊ុនធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ