រាជធានីភ្នំពេញ ៖ បើតាមកំណត់ត្រាស្ថិតិយានយន្ត និងស្ថានភាពចរាចរណ៍ក្នុងរយៈពេល៣១ថ្ងៃនៃការបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ដោយរាប់ចាប់ពីម៉ោង៧:០០នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដល់ម៉ោង២៤:០០នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ មានយានយន្តចំនួន៤៣៧៣៨១គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយចេញចូលតាមស្ថានីយទាំង៨ទីតាំង ខណៈដែលករណីគ្រោះថ្នាក់មានចំនួន១៩ករណី (ស្មើនឹង០,០០៤% បើធៀបទៅនឹងទំហំចរាចរណ៍ដែលបានកត់ត្រា)។
![Picture]()
នេះបើយោងតាមក្រសួងសាធារណការ និងដឹងជញ្ជូន បានបញ្ជាក់បន្ថែមថា ក្នុងចំណោមយានយន្តចំនួនជិត៤៤ម៉ឺនគ្រឿង ដែលបានចរាចរណ៍ក្នុងពេលបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃមួយខែនេះមានករណីប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ សរុបចំនួន ១២៩១ខ្សែ បានធ្វើការទាក់ទងទៅកាន់លេខ ១៣៩៩ ដែលជាលេខទូរស័ព្ទសង្គ្រោះរបស់ក្រុមហ៊ុន។
![Picture]()
សូមជម្រាបជូនដែរថា ៖ ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ នឹងផ្តើមគិតថ្លៃសេវាធ្វើដំណើរ ចាប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៧:០០នាទីព្រឹក នេះតទៅហើយ។ ចំពោះសេវាធ្វើដំណើរ នឹងត្រូវគណនាតាមចម្ងាយជាក់ស្តែងនៃការបើកបរ និងតាមប្រភេទយានយន្ត។ ក្រុមហ៊ុនក៏មានការបញ្ចុះតម្លៃសេវាចំនួន ២០% ជូនដល់បងប្អូនអ្នកធ្វើដំណើរផងដែរ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
![Picture]()
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ ចំពោះគ្រប់លក្ខខណ្ឌក្នុងការបើកបរលើផ្លូវល្បឿនលឿននេះ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការធ្វើដំណើររបស់ប្រកបទៅដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព។«សូមបើកបរដោយស្មារតីទទួលខុសត្រូវ និងការយោគយល់»«ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ