ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ! វៀតណាម​គ្រោង​ដាក់​លក់​រថយន្ត​ហោះ​លើក​​​ដំបូង​នៅ​ឆ្នាំ​២០២៤

1 ឆ្នាំ មុន

វៀតណាម ៖ ក្រុមហ៊ុន​វៀតណាម Airlios ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ហាណូយ បាន​បង្ហាញ​រថយន្ត​

វៀតណាម ៖ ក្រុមហ៊ុន​វៀតណាម Airlios ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ហាណូយ បាន​បង្ហាញ​រថយន្ត​អគ្គិសនី​អាច​ហោះហើរ​បាន ដែល​ខ្លួន​គ្រោង​ដាក់​លក់​ជា​លក្ខណៈ​ពាណិជ្ជកម្ម​នៅ​ក្នុង​ឆ្នាំ​២០២៤ ខាង​មុខ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន VnExpress ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២២​។

ក្រុមហ៊ុន​បាន​លើក​ឡើង​នៅ​ឯការ​តាំងពិព័រណ៍​នា​ពេល​ថ្មី​ៗ​នេះ​ថា The Single Seater (​កៅអី​ទោល​) ឬ​ហៅ​ថា Airlios អាច​ហោះហើរ​នៅ​កម្ពស់​១០​ម៉ែត្រ ក្នុង​រយៈពេល ១០​វិនាទី នៅ​ក្នុង​ល្បឿន ១០០​គីឡូ​ម៉ែត្រ​​ក្នុង​មួយ​ម៉ោង​។

ជាមួយ​គ្នា​នោះ ក្រុមហ៊ុន​បន្ថែម​ថា Airlios មាន​សមត្ថភាព​អាច​ហោះហើរ​នៅ​កម្ពស់ ១២០​ម៉ែត្រ ដែល​មាន​កម្ពស់​ដូចនឹង​អគារ​៤៤​ជាន់​។ Airlios មាន​ថ្ម​ចំនួន ៨​គ្រាប់ ដែល​សាក​ពេញ​ក្នុង​រយៈពេល ៧ ទៅ ៩​នាទី នៅ​ស្ថានីយ៍​សាក​ថ្ម ៣០ គីឡូវ៉ាត់​។ Airlios ភាគច្រើន​ផលិត​ចេញពី​អាលុយមីញ៉ូម និង​សរសៃ​កាបូន លក្ខណៈ​ពិសេស​របស់​វា គឺ​អាច​ហោះហើរ​បាន​ទាំង​ដោយ​ស្វ័យប្រវត្តិ និង​ការ​បញ្ជា​ដោយ​ផ្ទាល់​។

គំរូ​មួយ​ត្រូវ​បាន​ធ្វើតេស្ត ដោយ​ហោះ​បាន​យ៉ាង​ជោគជ័យ​ក្នុង​រយៈ​ចម្ងាយ ៣៣​គីឡូម៉ែត្រ​ក្នុង​រយៈពេល ២០​នាទី នៅ​កម្ពស់​ក្រោម ១២០​ម៉ែត្រ​។ ដោយ​ត្រូវ​បាន​សាកល្បង​នៅ​រយៈពេល ១​រយ​ម៉ោង និង ១​ពាន់​គីឡូម៉ែត្រ​ផង​ដែរ​។

លោក Mai Thien Vu ប្រធាន​ផ្នែក​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​បាន​ប្រាប់​សារព័ត៌មាន VnExpress ថា «​ឥឡូវនេះ គម្រោង​នេះ​បាន​បញ្ចប់ ៧០ ទៅ ៨០% ហើយ ។ យើង​គ្រោង​នឹង​ចាប់ផ្តើម​ការ​ហោះហើរ​លើក​ដំបូង​នៃ​កំណែ​ពាណិជ្ជកម្ម​របស់ Airlios នៅ​ចុងឆ្នាំ​២០២៣»​។

លោក​បាន​បន្ថែម​ទៀត​ថា អ្នកគ្រប់គ្រង និង​វិស្វករ​ក្រុមហ៊ុន Airlios បាន​ចាប់ផ្តើម​គិត​អំពី​ការ​ផលិត​រថយន្ត​អាច​ហោះហើរ​បាន កាលពី​៥​ឆ្នាំ​មុន​។ ប្រសិនបើ Airlios ត្រូវ​បាន​គេ​ដាក់​ឱ្យ​ដំណើរការ​តាម​ការ​គ្រោងទុក នោះ​វា​អាច​នឹង​ក្លាយជា​រថយន្ត​ហោះ​ហើយ​ដំបូង​គេ​នៅ​អាស៊ី​អាគ្នេយ៍​។

ចំពោះ​កំណែ​ស្តង់ដារ Airlios នឹង​មាន​តម្លៃ​ប្រហែល ៨១,០០០​ដុល្លារ ដោយ​មាន​តម្លៃ​ទាប​ជាង​បើ​ប្រៀបធៀប​នឹង Jetson ផលិតផល​របស់​ប្រទេស​ស៊ុ​យ​អែ​ត ដែល​មាន​តម្លៃ ៩២,០០០​ដុល្លារ​។ ប៉ុន្តែ Airlios ក៏​នឹង​ផ្តល់​ជូន​ម៉ូ​ដែល​ផ្សេង​ទៀត ដែល​មាន​តម្លៃ​រហូត​ដល់ ៩៩,០០០​ដុល្លារ​។

សូម​ជម្រាប​ថា ការ​ចាប់ផ្តើម​អាជីវកម្ម​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​បាន​ចាប់ផ្តើម​ធ្វើការ​លើ​រថយន្ត​អាច​ហោះហើរ ទោះបីជា​មានការ​បើក​ដំណើរការ​ពាណិជ្ជកម្ម​តិចតួច​យ៉ាងណា​ក៏​ដោយ​។ ក្នុង​នោះ សិង្ហ​បុរី ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​ណេ​ស៊ី គ្រោង​នឹង​បើក​ដំណើរការ​សេវាកម្ម​តាក់ស៊ី​ហោះហើរ​នា​ពេល​អនាគត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ