ប្រដាល់សកលរំពឹងទទួលបានលទ្ធផលល្អក្នុងការប្រកួតជើងឯកអាស៊ី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា កាលពីរាត្រីថ្ងៃទី២៩ ខែតុលា បានបញ្ជូន
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា កាលពីរាត្រីថ្ងៃទី២៩ ខែតុលា បានបញ្ជូន
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា កាលពីរាត្រីថ្ងៃទី២៩ ខែតុលា បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករជម្រើសជាតិសរុប៩រូប ទៅចូលរួមប្រកួតកីឡាប្រដាល់សកលជើងឯកអាស៊ី ឆ្នាំ២០២២ នៅប្រទេសហ្ស៊កដានី ខណៈមន្ដ្រីជាន់ខ្ពស់សហព័ន្ធរំពឹងបេសកកម្មមួយនេះ កីឡាករកម្ពុជា នឹងទទួលបានលទ្ធផលល្អប្រសើរ ដើម្បីជាទុនត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធ និងជាប្រធានប្រតិភូដឹកនាំបេសកកម្មខាងលើ បានបញ្ជាក់ថា សហព័ន្ធបានបញ្ជូនកីឡាករ៦រូប ក្នុងនោះ៤រូបហ្វឹកហាត់ និងចាកចេញពីកម្ពុជា រួមមានកីឡាករ សៅ រង្សី, នូវ សុខទី, ទូច ដេវីត និង វ៉ែន រដ្ឋា ខណៈ ២រូបទៀត ហ្វឹកហាត់ និងធ្វើដំណើរពីប្រទេសអ៊ូសបេគីស្ថាន គឺកីឡាករ ណាស្រេឌីនូវ អាន់វ៉ា និងកីឡាករ រ៉ាចាពៅ អាប់ឌុលឡា។ ការប្រកួតនេះ ចាប់ផ្ដើមពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ការប្រកួតនេះ គឺជាការធ្វើតេស្ដយ៉ាងសំខាន់ សម្រាប់កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា ដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាការវាស់ស្ទង់សមត្ថភាពរបស់កីឡាករម្នាក់ៗ ថាតើ
ពួកគេឈានដល់កម្រិតណា បន្ទាប់ពីការហ្វឹកហាត់ជាមួយគ្រូបង្វឹកថ្មីជនជាតិកាហ្សាក់ស្ថាន លោក Kassymkhanov Berikbol Amantayevich ដែលជាគ្រូបង្វឹកជាប់កិច្ចសន្យាឧបត្ថម្ភគាំទ្រដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។
លោក ប៊ុយ សុភ័ណ្ឌ បន្ថែមថា អ្វីដែលជាយុទ្ធសាស្ដ្រសំខាន់សម្រាប់សហព័ន្ធ ការបញ្ជូនកីឡាករចូលរួមព្រឹត្តិការណ៍នេះ គឺជាការវាស់ស្ទង់បច្ចេកទេសដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិរបស់យើង ដែលយើងផ្ដល់ឱកាសឲ្យពួកគាត់បានចូលរួមប្រកួតលក្ខណៈអន្ដរជាតិ ដ្បិតពួកគាត់ មិនសូវមានឱកាសច្រើនក្នុងការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ។ អ៊ីចឹង នេះជាឱកាសសំខាន់ក្នុងការពង្រឹងបច្ចេកទេស ក៏ដូចជាវាស់ស្ទង់កម្រិតរបស់ពួកគាត់ថា ពួកគាត់ឈានដល់កម្រិតណា ដើម្បីឲ្យពួកគាត់ត្រៀមលក្ខណៈបន្ថែមឈានទៅដណ្ដើមមេដាយមាសសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣។
លោកបានបន្តថា ការចូលរួមនេះដែរ យើងជឿជាក់ថា ពួកគាត់នឹងអាចធ្វើបានល្អជាងការប្រកួតជើងឯកអាស៊ីលើកមុនៗ ។ យើងគិតថា ពួកគាត់នឹងទទួលបានជ័យជម្នះលើគូប្រកួតដែលមានកម្រិតបច្ចេកទេសប្រហាក់ប្រហែលគ្នា ក៏ដូចជាក្រោមពួកគាត់ ។ ពួកយើងគិតថា ពួកគាត់នឹងអាចធ្វើបានល្អជាងឆ្នាំមុនៗ ដែលយើងធ្លាប់ចូលរួមប្រកួត ដោយសារប្រវត្តិសាស្ដ្ររបស់ប្រដាល់សកលកម្ពុជា ពុំធ្លាប់ទទួលបានមេដាយកម្រិតអាស៊ី ៕
ចែករំលែកព័តមាននេះ