ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​មួយប៉ប្រិចភ្នែក​! អណ្ដាតភ្លើង​លេប​ត្របាក់​អស់​ជិត​៣​ម៉ឺន​ដុល្លារ ផ្អើល​តំបន់​សេដ្ឋកិច្ច​ពិសេស

1 ឆ្នាំ មុន
  • ភ្នំពេញ

តូប​លក់​ចាប់ហួយ​មួយ​កន្លែង​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​កំ​បូល ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​កម្មករ កម្មការិនី ភ័យ​ស្លន់ស្លោរ​រត់​ចែក​ជើង​គ្នា

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា តូប​លក់​ចាប់ហួយ​មួយ​កន្លែង​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​កំ​បូល ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​កម្មករ កម្មការិនី ភ័យ​ស្លន់ស្លោរ​រត់​ចែក​ជើង​គ្នា និង​រាយការណ៍​សុំ​រថយន្ដ​ពន្លត់​អគ្គិភ័យ​នៃ​អង្គភាព​រុករក និង​សង្គ្រោះ​៧១១ ចេញ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ​។ ហេតុការណ៍​អគ្គិភ័យ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២២ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស្ថិត​ក្នុងភូមិ​កំ​រៀង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល​។

សេចក្តីរាយការណ៍​បន្ត​ថា ម្ចាស់​តូប​រង​គ្រោះ​ខាងលើ មានឈ្មោះ ហែម ចំណាន អាយុ​៤១​ឆ្នាំ ចំណែក​តូប​លក់​អីវ៉ាន់​ចាប់ហួយ​ដែល​រង​ការ​ខូចខាត មាន​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​១០​ម៉ែត្រ ប្រភេទ​ដែក​ស័ង្កសី ដែល​មាន​ស្តុក​អីវ៉ាន់​ពេញ​ក្នុង​តូប ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង រួម​នឹង​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ខ្លះ​ទៀត សរុប​ការ​ខូចខាត​គិត​ជា​ទឹកប្រាក់​ប្រមាណ ២៨០០0 ដុល្លារ​។

បើ​តាម​ប្រភព​ពី​ម្ចាស់​តូប​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុន​កើតហេតុ គាត់​កំពុង​តែ​ងូតទឹក​នៅ​ខាងក្រោយ​តូប ស្រាប់តែ​កូន​របស់​គាត់​លឺ​សម្លេង​ឆ្លង​ចរន្តអគ្គិសនី និង​ផ្ទុះ​បែក​ផ្កាភ្លើង​ទៀត​ផង ក៏​ប្រញាប់ប្រញាល់​ស្ទុះរ​ត់ទៅ​ប្រាប់​គាត់​។ ភ្លាម​ៗ​នោះ គាត់​ក៏​រត់​មក​មើលឃើញ​ភ្លើង​ឆាប​ឆេះ​រាលដាល​ដល់​អីវ៉ាន់​ចាប់ហួយ​ពេញ​ក្នុងផ្ទះ​បាត់​ទៅ​ហើយ ទោះ​ប្រឹង​សង្គ្រោះ​ទប់ស្កាត់​យ៉ាងណា ក៏​មិន​ឈ្នះ​ដែរ និង​បាន​ត្រឹមតែ​នាំ​សមាជិកគ្រួសារ​រត់​ចេញពី​តូប​យក​រួច​អាយុជីវិត​តែ​ប៉ុណ្ណោះ​។ ពេល​ភ្លាម​ៗ​នោះ​ដែរ ក្រុម​សន្តិសុខ​យាម​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច ដើម្បី​សុំ​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ទប់ស្កាត់​ផង​ដែរ​។

គួរ​បញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ខាងលើ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​០៩​គ្រឿង ក្នុង​នោះ​រថយន្ត​មក​ពី​អង្គភាព​រុករក និង​ជួយ​សង្គ្រោះ​៧១១ ចំនួន​០៤​គ្រឿង រថយន្ត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចំនួន​០៣​គ្រឿង រថយន្ត​អង្គភាព​៩១១ ចំនួន​០១​គ្រឿង និង​រថយន្ត​ជំនួយ​របស់​បុរី​ក្តី​សង្ឃឹម​ចំនួន​០១​គ្រឿង​ផង​ដែរ​។ លុះ​រហូត​ដល់​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ទើប​អណ្ដាតភ្លើង​រលត់​ទៅ​វិញ ចំណែក​សម្ភារៈ​ដែល​ខូចខាត គឺ​មាន​តូប​លក់​ចាប់ហួយ​សង់​ពី​ដែក ប្រក់​ស័ង្កសី ដែល​មាន​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​១០​ម៉ែត្រ​បាន​ឆេះ​ខូចខាត​ទាំងស្រុង តែ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស​ឡើយ​។ ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ