ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិតត្រឹមខែកញ្ញា ឆ្នាំ២០២២ កម្ពុជា​ជំពាក់​បំណុល​បរទេស ជាង ៩៥០០លានដុល្លារ​ ក្នុងនោះ ចិនច្រើនជាងគេ​

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានប្រកាសថា គិតត្រឹមត្រីមាសទី៣ ក្នុងឆ្នាំ២០២២ នេះ កម្ពុជាជំពាក់​បំណុលបរទេស សរុបចំនួន ៩ ៥៧៥.៩៧​លានដុល្លារអាម៉េរិក។ ក្នុងនោះ រួមមាន ជំពាក់ចិន ៤១% ធនាគារអភិវឌ្ឍន៍អាស៊ី ២០% ធនាគារពិភពលោក ៩% បំណុលមរតក ៧% បំណុលទ្វេភាគី​ផ្សេងទៀត ២១% និងបំណុលអហុភាគីផ្សេងទៀត ២%​។

យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ការជំពាក់បំណុលបរទេស​ខាងលើនេះ នឹងមិន​បង្កើត​ជាបន្ទុក​បំណុលវ័ណ្ឌកដល់កម្ពុជាទេ។ ពោលគឺ​ជាទិដ្ឋភាពបច្ចេកទេស ស្ថានភាព​បំណុលសាធារណៈកម្ពុជា នៅតែត្រូវបានវាយតម្លៃថា មាន «ចីរភាព» និង «ហានិភ័យ​កម្រិតទាប» ដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗរបស់កម្ពុជា សុទ្ធតែ​ស្ថិតក្រោម​អនុបាត​គោលទាំងអស់​។

សូមរម្លឹកថា របាយការណ៍បំណុលរបស់កម្ពុជាខាងលើនេះ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសនៅក្នុងខ្លឹមសារ​សង្ខេប​ប្រតិបត្តិ ស្តីពី សេចក្តីព្រាង​ច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់​ការគ្រប់គ្រងឆ្នាំ២០២៣។ សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៣ ត្រូវបានគណៈរដ្ឋមន្ត្រី ប្រជុំអនុម័ត​ កាលពីព្រឹកថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២។

សេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០២៣ ត្រូវបានរាជរដ្ឋាភិបាល គ្រោងចំណាយសរុប ចំនួន ៣៩ ២០៦ ២០៥លានរៀល ស្មើប្រមាណ​ ៩៤០៨​លានដុល្លារអាម៉េរិក ស្មើនឹង ២៩,៨៧% នៃផ.ស.ស។ ថវិកជាតិ ឆ្នាំ២០២៣ មានកំណើន ១៣% ធៀបនឹង​ឆ្នាំ២០២២​។

តាមរាជរដ្ឋាភិបាល ថវិកាជាតិ ឆ្នាំ២០២៣ គ្រោងចំណាយច្រើនដូច្នេះ ដោយសារតែនៅឆ្នាំ២០២៣ កម្ពុជាត្រូវរៀបចំការបោះឆ្នោតជាតិផង និងកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ​ការប្រកួតកីឡាស៊ីហ្គេម ផងដែរ​៕