ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ព្យាករ ៖ តម្លៃ​ខុន​ដូ​នៅ​ប្រទេស​ថៃ​នឹង​កើនឡើង

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ យោង​តាម​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​អចលនទ្រព្យ Knight Frank Thailand ឲ្យ​ដឹង​ថា តម្លៃ​ខុន​ដូ​ក្នុង​តំបន់​បន្ទាប់បន្សំ​នៅ​ក្រុង​បាងកក​នឹង​មាន​ស្ថិរភាព ខណៈ​តម្លៃ​ក្នុង​តំបន់​អាជីវកម្ម​កណ្តាល និង​

ប្រទេស​ថៃ ៖ យោង​តាម​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​អចលនទ្រព្យ Knight Frank Thailand ឲ្យ​ដឹង​ថា តម្លៃ​ខុន​ដូ​ក្នុង​តំបន់​បន្ទាប់បន្សំ​នៅ​ក្រុង​បាងកក​នឹង​មាន​ស្ថិរភាព ខណៈ​តម្លៃ​ក្នុង​តំបន់​អាជីវកម្ម​កណ្តាល និង​ជាយក្រុង​នឹង​កើនឡើង​បន្តិច ព្រោះតែ​ការ​ផ្គត់ផ្គង់​នៅ​មាន​កម្រិត ។

លោកស្រី Potjaman Vorakitpokathorn នាយក​ផ្នែក​ទីផ្សារ​លំនៅ​ឋាន​របស់​ក្រុមហ៊ុន​ខាងលើ​និយាយ​ថា តម្លៃ​ខុន​ដូ​នៅ​តំបន់​ជិត​កណ្តាល​ក្រុង​បាងកក​នឹង​នៅ​ថេរ ប៉ុន្តែ​ក្រុមហ៊ុន​អចលនទ្រព្យ​ត្រូវ​ស្ទង់​មតិ​មុន​ចេញ​គម្រោង​ក្នុង​តំបន់​ទាំងនោះ ។

ខណៈ​តម្លៃ​ខុន​ដូ​ក្នុង​តំបន់​អាជីវកម្ម​កណ្តាល និង​ជាយក្រុង​នឹង​កើនឡើង លោកស្រី​និយាយ​ថា ទីផ្សារ​ខុន​ដូ​លក់​បន្ត​របស់​សង្កាត់​អាជីវកម្ម​កណ្តាល​នឹង​ប្រកួតប្រជែង​ជាមួយ​គម្រោង​ខុន​ដូ​ថ្មី​ៗ ។

យោង​តាម​ការ​ស្រាវជ្រាវ​របស់ Knight Frank Thailand ឲ្យ​ដឹង​ថា ការ​ផ្គត់ផ្គង់​ខុន​ដូ​នៅ​បាងកក​នា​ចុងឆ្នាំ​២០១៦ គឺ​ស្មើនឹង​៤៣៥.៨០៥​យូ​នី​ត ក្នុង​នោះ​៥២.១៩៥​យូ​នី​ត​ត្រូវ​បាន​ដាក់​លក់​ក្នុង​ឆ្នាំ​២០១៦ បង្ហាញ​ថា កើនឡើង​១៣,៦% បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ។

ការ​ដាក់​លក់​ថ្មី​ៗ​សុទ្ធតែ​នៅ​តំបន់​បន្ទាប់បន្សំ​នៃ​ក្រុង​បាងកក ដោយ​៧៦%​នៃ​ការ​លក់​ខុន​ដូ​ថ្មី​ៗ​ក្នុង​ឆ្នាំ​២០១៦ គឺ​នៅ​តំបន់​ទាំងនោះ ខណៈ​១៤%​នៅ​តំបន់​ជាយក្រុង ។

ខុន​ដូ​ថ្មី​ៗ​ក្នុង​តំបន់​អាជីវកម្ម​កណ្តាល​បាន​កើនឡើង​១០% ក្នុង​ឆ្នាំ​២០១៦ ។ ភាគច្រើន​ក្នុង​ឆមាស​ទី​២​ឆ្នាំ​២០១៦ គម្រោង​ថ្មី​ៗ​ចំនួន​៩​ត្រូវ​បាន​ដាក់​លក់​ក្នុង​តំបន់​នេះ ខណៈ​១២​គម្រោង​នៅ​តំបន់​ជាយក្រុង និង​៥០​គម្រោង​នៅ​តំបន់​បន្ទាប់បន្សំ ។

សម្រាប់​តម្រូវការ​វិញ មាន​ខុន​ដូ​ចំនួន ៣១៥.៣៩៣ ត្រូវ​បាន​លក់​ចេញ​ក្នុង​ចំណោម ៤៣៥.៨០៥​យូ​នី​ត ឬ​ស្មើ​៧២,៤% តិច​ជាង​ឆ្នាំ​មុន​ស្មើនឹង​៧៥,៣% ។

មាន​ខុន​ដូ​ចំនួន​២៦.៥៩៥​យូ​នី​ត​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​លក់​ចេញ​ក្នុង​ឆ្នាំ​២០១៦ តិច​ជាង​ឆ្នាំ​២០១៥ ដល់​ទៅ​៥៩%​ឯណោះ ដែល​លក់​បាន​៦៤.១៧០​យូ​នី​ត ។
ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​អចលនទ្រព្យ ក៏​កំពុង​លក់​ក្នុង​តម្លៃ​ពិសេស​ដើម្បី​ជំរុញ​ការ​លក់​របស់​ពួក​គេ រួម​មាន ការ​លក់​បញ្ចុះតម្លៃ និង​បន្ទាប​អត្រា​ការ​ប្រាក់​ជាដើម ។

យ៉ាងណា​ក្តី Knight Frank Thailand និយាយ​ថា តម្លៃ​របស់​គម្រោង​ខុន​ដូ​ថ្មី​ៗ​បាន​បន្ត​កើនឡើង​នៅ​ក្រុង​បាងកក ប៉ុន្តែ​ក្នុង​ល្បឿន​ខុស​ៗ​គ្នា ដោយ​យោង​ទៅ​តាម​ទីតាំង ។
តម្លៃ​លក់​មធ្យម​ក្នុង​តំបន់​អាជីវកម្ម​កណ្តាល គឺ​២២៩.១៨០​បាត​ក្នុង​១​ម៉ែត្រការ៉េ កើនឡើង​៥,៣% ខណៈ​តំបន់​ជាយក្រុង​កើនឡើង​៤,៨% ស្មើ​១៣៤.៨៤២​បាត​ក្នុង​១​ម៉ែត្រការ៉េ ។

ចំណែក​តម្លៃ​លក់​មធ្យម​របស់​ខុន​ដូ​ក្នុង​តំបន់​បន្ទាប់បន្សំ​របស់​ក្រុង​បាងកក​បាន​កើនឡើង​៣,៦% ស្មើ​៧៦.០០២​បាត​ក្នុង​១​ម៉ែត្រការ៉េ ៕