ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋធម្មនុញ្ញ​ថ្មី​ថៃ​ឡាយព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ​រា​មា​ទី​10

9 ឆ្នាំ មុន

កងទ័ព​បាន​ដណ្តើម​អំណាច​កាលពី​ជិត​៣​ឆ្នាំ​មុន​នៅ​ប្រទេស​ថៃ ។ ថ្ងៃ​ទី​៦ មេ​សា ជា​ទិវា​ពិសេស​មួយ​សម្រាប់​កង​យោធា​ក្នុង​ការ​ក្តោប​ក្តាប់​អំណាច​ដោយ​ព្រះមហាក្សត្រ​ថៃ រា​មា​ទី​១០ ទ្រង់​ឡាយព្រះហស្តលេខា​លើ​រដ្ឋធម្មនុញ្ញ​ដែល​តាក់តែង​ឡើង​ដោយ​ពួ​ួ​ក​យោធា ហើយ​ត្រូវ​បាន​អនុម័ត​កាលពី​ខែសីហា ឆ្នាំ​២០១៦ តាម​រយៈ​ការ​បោះ​ប្រជាមតិ​មួយ ។

នេះ​ជា​រដ្ឋធម្មនុញ្ញ​ទី​២០​របស់​ថៃ​ចាប់តាំងពី​ឆ្នាំ​១៩៣២ ដែល​ប្រទេស​នេះ​មានឈ្មោះ​ថា ស្យាម (​សៀម​) ហើយ​ក្លាយជា​ព្រះរាជាណាចក្រ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​មក ។ រដ្ឋធម្មនុញ្ញ​ថ្មី​នេះ កំណត់​ពី​ការ​ដើរ​ថយក្រោយ ពិសេស​បើ​ប្រៀបធៀប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៧ ដែល​គេ​ហៅ​ថា រដ្ឋធម្មនុញ្ញ​របស់​ប្រជាជន ឬ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៧ ដែល​ស្ថិត​ជា​ធរមាន​មុន​ពេល​ធ្វើ​រដ្ឋប្រហារ ។

ពួក​យោធា​ថៃ​នៅ​តែ​មាន​ឥទ្ធិពល​ខ្លាំងចាក​ឆ្ងាយ​ពី​ការ​សន្យា​នៃ​ការ​វិល​ត្រឡប់​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ ដែល​មាន​ចែង​ក្នុង​បណ្តា​បន្ទាត់​ដំបូង​ៗ​នៃ​រដ្ឋធម្មនុញ្ញ​ថ្មី​តាម​ពិត​ទៅ​វា​នៅ​តែ​ផ្តល់​អំណាច​ខ្លាំង​ដល់​ពួក​យោធា ដែល​គេ​ឃើញ​ក្តាប់​អំណាច​ពិសេស​រយៈពេល​៥​ឆ្នាំ និង​ពី​លទ្ធភាព​គ្រប់គ្រង​ជីវភាព​នយោបាយ​របស់​ប្រទេស​ប៉ុន្មាន​ឆ្នាំ​ថែម​ទៀត ។

ទោះបី​សភាជាតិ​ត្រូវ​បោះ​ឆ្នោត​ជ្រើសរើស​បែប​សមាមាត្រ តែ​បណ្តា​សមាជិក​ព្រឹទ្ធសភា ដែល​នឹង​ពុំ​ស្ថិត​ក្នុង​គណបក្ស​នយោបាយ​ណាមួយ​នឹង​ត្រូវ​ជ្រើសតាំង​ផ្ទាល់​ដោយ​ពួក​យោធា ។ តាម​ពិត​ទៅ ព្រឹទ្ធសភា​អាច​ដើរតួ​នាទី​គន្លឹះ​មួយ​សម្រាប់​ដំណាក់កាល​៥​ឆ្នាំ ។ ប្រសិនបើ​សភាជាតិ ពុំ​អាច​ជ្រើសតាំង​នាយក​រដ្ឋមន្ត្រី​បាន នោះ សភា​ទាំង​២​អាច​ជ្រើសតាំង​ឥស្សរជន​ណាមួយ​រូប ដែល​ចាំបាច់​ឆ្លងកាត់​ការ​បោះ​ឆ្នោត​កាន់កាប់​តំណែង​នោះ ។ នេះ​ហាក់ដូចជា​នាយក​រដ្ឋមន្ត្រី​ត្រូវ​ស្ថិត​ក្រោម​អំណាច​របស់​យោធា​ដូច្នេះ​ដែរ។

ក្រៅពី​នេះ​មានការ​បង្កើត​គណៈកម្មាធិការ​មួយ​ទទួល​បន្ទុក​កំណត់​បណ្តា​ទិស​ដៅ​របស់​រដ្ឋាភិបាល​រយៈពេល​២០​ឆ្នាំ និង​ការ​ពង្រឹង​តុលាការ​ធម្មនុញ្ញ​ដែល​មាន​ទំនោរ​ទៅ​ពួក​យោធា ដូច្នេះ​ពួក​អ្នក​សង្កេតការណ៍​សង្ស័យ​ថា ពួក​ប្រឆាំង​ពិតជា​មិន​ងាយ​បាន​ឡើង​កាន់​អំណាច​ទេ ។

រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​ត្រូវ​បាន​អនុម័ត ដោយ​សំឡេង​៦១% កាលពី​ឆ្នាំទៅ​មិ​ញ ដែល​មានការ​កែប្រែ​ខ្លះ​តាម​ព្រះរាជ​សំណើ​របស់​ព្រះមហាក្សត្រ​ចំពោះ​បណ្តា​មាត្រា​ទាក់ទិន​នឹង​ព្រះរាជ​តំណែង​របស់​ព្រះ​អង្គ ។ នេះ​ជា​រឿង​កម្រ​ក្នុង​ជីវភាព​នយោបាយ​ថៃ ក៏​ប៉ុន្តែ​វា​ហាក់ដូចជា​ព្រះមហាក្សត្រ​រក្សា​ឯករាជ​ភាព​មួយ​ចំនួន​របស់​ព្រះ​អង្គ​ចំពោះ​ពួក​យោធា ។ ព្រះមហាក្សត្រ​ជា​តំណាង​នៃ​ឯកភាព​របស់​សង្គម​ដែល​ត្រូវ​គោរព ដូច​អាទិភាព​ពាក់កណ្តាល ។

ទោះបី​យ៉ាងណា គេ​ពុំ​អាច​និយាយ​ថា រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​នឹង​បញ្ចប់​ជម្លោះ​ក្នុង​សង្គម​ថៃ​ដែល​កើត​មាន​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​បាន​ឡើយ ។ ប្រទេស​នៅ​តែ​មានការ​បែកបាក់​គ្នា រវាង​បណ្តា​អតីត​ពួក​អាវ​លឿង​ដែល​ជា​អ្នកគាំទ្រ​របប​រាជា​និយម​ខ្លាំងក្លា និង​ពួក​យោធា និង​អតីត​ពួក​អាវ​ក្រហម​មាន​ប្រភព​ពី​ប្រជាជន​ជនបទ​នៅ​ភាគ​ខាងជើង និង​ភាគ​ខាងកើត​ប្រទេស ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ព្រមទាំង​ជា​អ្នកគាំទ្រ​គ្រួសារ​ស៊ី​ណា​វ៉ា​ត្រា ដែល​នាយក​រដ្ឋមន្ត្រី​ចេញពី​ត្រកូល​នេះ​២​រូប ត្រូវ​ផ្តួលរំលំ​តាម​រយៈ​រដ្ឋប្រហារ​ឆ្នាំ​២០១៦ និង​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ។ នេះ​ជា​ការ​កត់សម្គាល់​របស់​លោក JARAN DITAPICHAI មេដឹកនាំ​ក្រុម​អាវ​ក្រហម ដែល​រស់នៅ​និរទេស​ឯ​ក្រុងប៉ារីស ។

លោក​អះអាង​ប្រាប់​កាសែត FIGARO ថា ដោយ​ពុំ​មាន​ផែនការ​បង្រួបបង្រួម​ជាតិ​ពិតប្រាកដ វា​អាច​ដែល​ពួក​អា​មាត្រ ព្រមទាំង​ព្រះមហាក្សត្រ​ផង ពុំ​ជ្រើសរើស​មា​គ៌ានៃ​លទ្ធិប្រជាធិបតេយ្យ​សេរី សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ ៕