ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កប៉ាល់​ដឹក​ប្រេង​ចេញពី​ឃ្លាំង​បម្រុង​យុទ្ធសាស្ត្រ​អា​មេ​រិ​ក ធ្វើ​ដំណើរ​ឆ្ពោះទៅ​អាស៊ី​លើក​ដំបូង​ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ

1 នាទី មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​ទិន្នន័យ​តាមដាន​កប៉ាល់​បាន​បង្ហាញ​ថា កប៉ាល់​ដឹក​ប្រេង ១​គ្រឿង​ចេញពី​ឃ្លាំង​ប្រេង​បម្រុង​យុទ្ធសាស្ត្រ​របស់​សហរដ្ឋអាមេរិក កំពុង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​ប្រទេស​ហ្វី​លី​ពី​ន ដែល​នេះ​គឺជា​ការ​ដឹក​ជញ្ជូន​ប្រេង​បម្រុង​សង្គ្រោះ​បន្ទាន់​របស់​សហរដ្ឋអាមេរិក​ទៅ​អាស៊ី​លើក​ដំបូង​ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ ពោល​គឺ​ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០២២​មក​ម្ល៉េះ​។ នេះ​បើ​តាម​ប្រភព​ពី Reuters បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៦​។

សកម្មភាព​នេះ​កើតឡើង ចំ​ពេល​តំបន់​អាស៊ី​ដែល​ទទួល​បាន​ប្រេង​ឆៅ​ប្រមាណ ៨០% តាម​រយៈ​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) បាន​និង​កំពុង​តែ​ជួប​ប្រទះ​វិបត្តិ​លើ​ការ​ផ្គត់ផ្គង់​ដោយសារ​ការ​បិទ​ច្រក​ដឹក​ជញ្ជូន​ដ៏​សំខាន់​នេះ អំឡុង​ពេល​សង្គ្រាម​អ៊ី​រ៉​ង់​ដែល​មាន​រយៈពេល​៣​ខែ​មក​ហើយ​។ ការ​បិទ​ច្រក​ដឹក​ជញ្ជូន​ដ៏​តូច​ចង្អៀត​នេះ​ទៀត​សោត ក៏​បាន​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​ប្រេង​សកល​មានការ​ប្រែប្រួល​ខ្លាំង និង​រុញច្រាន​តម្លៃ​ប្រេង​ឆៅ​ជាក់ស្តែង​ឱ្យ​ឡើងថ្លៃ​ខ្ពស់​បំផុត​ជា​ប្រវត្តិសាស្ត្រ ដែល​បង្ខំ​ឱ្យ​ប្រទេស​នាំ​ចូល​មួយ​ចំនួន​ត្រូវ​ស្វែងរក​ប្រភព​ផ្គត់ផ្គង់​ថ្មី​។

តាម​ទិន្នន័យ​របស់​ក្រុមហ៊ុន Kpler ដែល​វិភាគ​ទិន្នន័យ និង​តាមដាន​ការ​ដឹក​ជញ្ជូន​សមុទ្រ​បាន​បង្ហាញ​ថា កប៉ាល់​ខា្ន​ត​យក្ស Arosa ដោត​ទង់ជាតិ​ប្រទេស​ក្រិ​កបាន​ផ្ទុក​ប្រេង​ឆៅ​ចំនួន ៦១៦ ០០០ បារ៉ែល​ពី​ឃ្លាំង​បម្រុង​ប្រេង​យុទ្ធសាស្ត្រ Bryan Mound ក្នុង​រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក កាលពីដើម​ខែឧសភា ហើយ​គ្រោង​នឹង​មក​ដល់ទី​ក្រុង​បា​តាន (Bataan) ប្រទេស​ហ្វី​លី​ពី​ន នៅ​ដើមខែ​កក្កដា​។ កប៉ាល់​១​គ្រឿង​នេះ ត្រូវ​បាន​ជួល​ដោយ​ក្រុមហ៊ុន Shell ហើយ​ក៏​មាន​ផ្ទុក​បន្ថែម​នូវ​ប្រេង​ឆៅ​អា​មេ​រិ​ក​ប្រភេទ Thunder Horse ប្រមាណ ៧០ ម៉ឺន​បារ៉ែល​ផង​ដែរ​។

យោង​តាម​របាយការណ៍​ពី Kpler បានឱ្យ​ដឹង​ថា ប្រទេស​ហ្វី​លី​ពី​ន​មិន​ដែល​ទទួល​បាន​ប្រេង​ឆៅ​ពី​សហរដ្ឋអាមេរិក ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០២០​មក​ម្ល៉េះ ហើយ​ជា​ធម្មតា​ការ​ផ្គត់ផ្គង់​ភាគច្រើន​របស់​ខ្លួន​ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត អេ​មី​រ៉ាត​អា​រ៉ាប់​រួម និង​អ៊ី​រ៉ា​ក់​។

ក្រឡេក​មក​សហរដ្ឋអាមេរិក​វិញ បាន​ដឹក​ជញ្ជូន​ប្រេង​ចេញពី​ឃ្លាំង​បម្រុង​បន្ទាន់​របស់​ខ្លួន​ទៅ​កាន់​អាស៊ី​ចុង​ក្រោយបង្អស់​នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ពេល​ដែល​រដ្ឋបាល​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន (Joe Biden) បញ្ចេញ​ប្រេង​ចំនួន ១៨០ លាន​បារ៉ែល ដើម្បី​កាត់​បន្ថយ​វិបត្តិ​ថាមពល បន្ទាប់​ពី​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។

សហរដ្ឋអាមេរិក​ក៏​កំពុង​តែ​ស្ថិត​ក្នុង​ដំណើរការ​បញ្ចេញ​ប្រេង​ចំនួន ១៧២ លាន​បារ៉ែល​ពី​ឃ្លាំង​បម្រុង​យុទ្ធសាស្ត្រ​របស​ខ្លួន ដើម្បី​ប្រយុទ្ធ​ទប់ស្កាត់​ការ​កើនឡើង​នៃ​តម្លៃ​ប្រេង​ឆៅ ចំ​ពេល​សង្គ្រាម​អ៊ី​រ៉​ង់​បាន​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​សកល​ធ្លាក់​ចុះ ដោយ​ច្រក​សមុទ្រ​ហ័​រ​មូស​ភាគច្រើន​ត្រូវ​បាន​បិទ​។ សកម្មភាព​នេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​សម្របសម្រួល​ដោយ​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA) ដើម្បី​បញ្ចេញ​ប្រេង​ចំនួន ៤០០ លាន​បារ៉ែល ដែល​ជា​កំណត់​ត្រា​ថ្មី​បំផុត ដើម្បី​ទប់ស្កាត់​ការ​កើនឡើង​តម្លៃ​ប្រេង​៕