ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រលាក​ត្រចៀក​រ៉ាំរ៉ៃ​ប្រយ័ត្ន​មាន​ដង្កូវ

7 ឆ្នាំ មុន

នៅ​ពេល​ត្រចៀក​មាន​អាការ​រមាស់ ឬ​ឈឺ​បន្តិចបន្តួច សូមកុំ​បណ្តោយ​រហូត​ត្រចៀក​ឈឺចាប់​ខ្លាំង គឺ​ត្រូវ​តែ​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស ។

ភាគច្រើន​អាការ​រមាស់ និង​មានការ​ឈឺចាប់​នេះ គឺ​

នៅ​ពេល​ត្រចៀក​មាន​អាការ​រមាស់ ឬ​ឈឺ​បន្តិចបន្តួច សូមកុំ​បណ្តោយ​រហូត​ត្រចៀក​ឈឺចាប់​ខ្លាំង គឺ​ត្រូវ​តែ​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស ។

ភាគច្រើន​អាការ​រមាស់ និង​មានការ​ឈឺចាប់​នេះ គឺ​អាច​បណ្តាល​មក​ពី​ជំងឺ​រលាក​ត្រចៀក ។ ជំងឺ​នេះ​បណ្តាល​មក​ពី​ការ​ឆ្លង​ចូល​របស់​ពពួក​មេរោគ​បាក់តេរី និង​ពពួក​ផ្សិត ។ មេរោគ​ទាំងនេះ ចូល​តាម​ត្រចៀក​តាម​រយៈ​ការ​ខ្វះ​អនាម័យ ការ​ត្បារ ការ​ខ្វេះ ការ​កាយ​អាចម៍ត្រចៀក ជាមួយ​សម្ភារ​ដែល​មាន​មេរោគ​ទាំងនោះ ។

ការ​កើត​មាន​ជំងឺ​រលាក​ត្រចៀក​លើស​ពី​៣​ខែ​ឡើង​ទៅ អាច​ប្រឈម​ទៅ​នឹង​បញ្ហា​ធ្ងន់​មួយ​ចំនួន​ដូច​ជា ៖
-​ទុក​យូរ​ពេក អាច​បណ្តាល​ឱ្យ​មេរោគ​ស៊ី​ក្រដាសត្រចៀក ។
-​អាច​បណ្តាល​ឱ្យ​កើត​មាន​បញ្ហា​ងាប់​មួយ​ចំហៀង​មុខ ។
-​បាត់​ក្លិន ។
-​វៀច​មាត់ ។
-​អាច​កើត​មាន​ជំងឺរលាកស្រោមខួរ​ក្បាល ដែល​នាំ​ឱ្យ​អ្នកជំងឺ​ប្រកាច់ ហើយ​ស្លាប់​បាន ។
-​រលាក​ត្រចៀក​ទុក​យូរ​ពេក សាច់​ក្នុង​ត្រចៀក​អាច​រលួយ ធ្វើ​ឱ្យ​មាន​ក្លិនស្អុយ ថ្ងៃ​ណាមួយ​បើសិនជា​លោក​អ្នក​ធ្វេសប្រហែស​បណ្តាល​ឱ្យ​សត្វ​រុយ​ពង​ដាក់ ហើយ​អាច​កើត​មាន​ដង្កូវ​ក្នុង​ត្រចៀក ដែល​នេះ​មិនមែន​ជា​រឿង​លេងសើច​ទេ ពោល​គឺ​ករណី​ធ្លាប់​កើត​មាន​រួច​មក​ហើយ ។

ក្នុង​ដំណាក់កាល​នេះ ត្រូវ​ព្យាបាល​ដោយ​ការ​វះកាត់ ។ មាន​តែ​ការ​វះកាត់​យក​សាច់ រលួយ​ៗ​ចេញ និង​ប៉ះ​ក្រដាស់ត្រចៀក​ឡើង​វិញ ។ ដូច្នេះ​លោក​អ្នក​មិន​គួរ​មើល​រំលង​ជំងឺ​នេះ​ទេ ពិសេស​ប្រយ័ត្ន​កើត​មាន​ដង្កូវ​ក្នុង​ត្រចៀក គួរតែ​យក​ទៅ​ព្យាបាល​ឱ្យ​បាន​ទាន់​ពេលវេលា​ទើប​ជា​ការ​ប្រសើរ ។

ដូច្នេះ​ដើម្បី​ការពារ​ការ​កើត​មាន​ជំងឺ​រលាក​ត្រចៀក លោក​អ្នក​គួរតែ​អនុវត្ត​តាម​វិធី​បី​យ៉ាងដូច​ខាងក្រោម​នេះ ៖
១-​ការពារ​កុំឱ្យ​សើម និង​ត្រូវ​ជូត​ផ្តិត​ឱ្យ​បាន​ស្អាត ព្រោះ​កាលណា​ត្រចៀក​សើម អាច​ធ្វើ​ឱ្យ​ដុះ​ផ្សិត ហើយ​រមាស់​ធ្វើ​ឱ្យ​លោក​អ្នក​ទ្រាំ​មិន​បាន រហូត​ដល់​យក​របស់​មិន​ស្អាត ខ្វារ ឆ្កឹះ ដែល​អាច​ធ្វើ​ឱ្យ​មេរោគ​ឆ្លង​ចូល​នាំ​ឱ្យ​កើត​មាន​បញ្ហា​រលាក​ត្រចៀក​បាន​យ៉ាង​ងាយ ។

២-​ត្រូវ​តែ​សម្អាត និង​អនាម័យ​ទាំង​ក្រៅ​ស្លឹកត្រចៀក និង​ខាងក្នុង​ត្រចៀក ។
៣-​ជា​ទូទៅ​តាម​ច្បាប់​ក្បួន​ពេទ្យ​អាចម៍ត្រចៀក​មិន​ឱ្យ​លាង​សម្អាត ខ្វេះ កាយ ត្បារ​នោះ​ទេ ព្រោះ​វា​ជា​លក្ខណៈ​ធម្មជាតិ និង​ជា​ប្រព័ន្ធ​ការពារ និង​អាច​ចេញ​មក​ខាងក្រៅ​ដោយ​ខ្លួនឯង​ពិសេស​ការពារ​កុំឱ្យ​សត្វល្អិត ផ្សេង​ៗ​ចូល​បាន​ថែម​ទៀត​ផង ដូច្នេះ​ទម្លាប់​ត្បារ ខ្វេះ កាយ​ទាំងនេះ​គួរតែ​កែប្រែ​ដោយ​ការ​ជូត​សម្អាត​វិញ ។

សូម​ប្រញាប់​ជួប​ជាមួយ​គ្រូពេទ្យ​ភ្លាម ប្រសិនបើ​អ្នក​សង្កេត​ឃើញ​ត្រចៀក​លោក​អ្នក ឬ​កូនលោក​អ្នកមាន​បញ្ហា​មួយ​ចំនួន​ដូច​ជា ស្តាប់​មិនសូវ​ច្បាស់ អាចម៍ត្រចៀក​មាន​លក្ខណៈ​រឹង ឈឺ​ក្នុង​ត្រចៀក រមាស់​ត្រចៀក​ខ្លាំង មាន​ទឹករងៃ​ហូរ មាន​ខ្ទុះ មាន​ឈាម មាន​ក្លិនស្អុយ និង​លាយឡំ​ជាមួយនឹង​សញ្ញា​ក្តៅខ្លួន ៕