ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជោគជ័យ​រៀបចំ​កីឡា​ជាតិ​លើក​ទី​៣ ជា​ជំហាន​ថ្មី​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី​៣ នា​ខែវិច្ឆិកា ឆ្នាំ​២០២២ ​ត្រូវ​បាន​គណៈ​

រាជធានី​ភ្នំពេញ ៖ ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី​៣ នា​ខែវិច្ឆិកា ឆ្នាំ​២០២២ ​ត្រូវ​បាន​គណៈ​កម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC)​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣(CAMSOC)​និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា ជំរុញ​ឲ្យ​ការ​រៀបចំ​ការងារ​គ្រប់​ទម្រង់​ទាំងអស់​ឲ្យ​ទទួល​បាន​ជោគជ័យ​ដើម្បី​ជា​ជំហាន​ថ្មី​មួយ​ត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២​ឆ្នាំ​២០២៣​ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា​។

កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២២ ធ្វើ​ឡើង​ដើម្បី​ផ្លាស់​ប្តូរ​យោបល់​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​លោក​បណ្ឌិត​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ CAMSOC​។

ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការនៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC)​និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣(CAMSOC)​បាន​លើក​ឡើង​ថា ការ​រៀបចំ​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ខណៈ NOCC និង CAMSOC ជា​អ្នក​សហការ ដើម្បី​ជំរុញ​ឲ្យ​ការ​ប្រកួត​កីឡា​ដ៏​ធំ​រៀង​រាល់​២​ឆ្នាំ​ម្តងនេះ​ឲ្យ​រលូន​ស្រប​ទៅ​តាម​លំនាំ​ស្តង់ដារ​ហ្គេ​ម​អន្តរជាតិ​។

ក្នុង​កិច្ចប្រជុំ​នេះ លោក​ជំទាវ គឹ​ម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ផ្តល់​ការ​បញ្ជាក់​យ៉ាងច្រើន​ជុំវិញ​ការ​ត្រៀម​រៀបចំ​កីឡា​ជាតិ​លើក​ទី​៣​នេះ​។ យើង​បាន​បែងចែក​ការងារ​គ្នា​និង​បាន​រួម​គ្នា​ធ្វើ​កិច្ចការ​នេះ​ដោយ​NOCC​ជា​អ្នក​ទទួល​បន្ទុក​ក្នុង​ការ​រៀបចំ​ព្រមទាំង​ពិធី​សម្តែង​កីឡា​សិល្បៈ​នៃ​ពិធី​បើក​បិទ​ទាំងមូល ។ កិច្ចប្រជុំ​នេះ​ផ្តោត​សំខាន់​ទៅ​លើ​នីតិវិធី និង​របៀបរបប​នៃ​ការ​រៀបចំ​កីឡា​ជាតិ​ដែល​មាន​កិច្ចការ​ជា​ច្រើន ដែល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ទាំង​ការ​រៀបចំ ការ​ប្រកួត និង​សន្តិសុខ សណ្តាប់​ឆ្នា​ប់​ជាដើម ដែល​មាន​អ្នកចូលរួម​ប្រមាណ​៥​ម៉ឺន​នាក់ នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។

កាលពី​កីឡា​ជាតិ​លើក​ទី​១​ឆ្នាំ​២០១៦ និង​កីឡា​ជាតិ​លើក​ទី​២​ឆ្នាំ​២០១៨ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​កដោយ​ការ​រៀបចំ​មាន​លក្ខណៈ​ខុស​គ្នា​ទាំង​ទីតាំង​និង​ការ​រៀបចំ​ជាដើម​។

បទ​ពិសោធ​នៃ​ការ​រៀបចំ​កីឡា​ជាតិ​២​លើក​កន្លង​មក​ជា​គំរូ​ឬ​លំនាំ​មួយ​ក្នុង​ការ​ផ្តល់​លក្ខណៈ​ងាយស្រួល​ជា​ទម្រង់​រួម​គ្នា​ដើម្បី​យក​ទៅ​ច្នៃប្រឌិត​ឲ្យ​កាន់តែ​លេចធ្លោ​នា​កីឡា​ជាតិ​លើក​ទី​៣​នា​ខែ​ក្រោយ​នេះ​។​ដោយសារ​កិច្ចសហការ​ល្អ និង​គោលការណ៍​ដឹកនាំ​ល្អ​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ហង់ ជួនណា​រ៉ុ​ន ក៏​ដូច​ជា​ឯកឧត្តម​បណ្ឌិត​ថោ​ង ខុន ជំរុញ​ឲ្យ​ដំណើរការ​រៀបចំ​នេះ​បាន​រលូន​។

លោក​អគ្គលេខាធិការ វ៉ា​ត់ ចំរើន ក៏​បានលើក​ឡើង​ផង​ដែរ ចំពោះ​កិច្ចការ​របស់​CAMSOC
ក៏​​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជាប្រធាន​​CAMSOC​ក៏​បាន​ផ្តល់​ការ​ណែនាំ​ជាអនុសាសន៍​ឲ្យ​គណៈកម្មការ​ជំនាញ​ត្រូវ​ខិតខំ​សហការ​ជួយ​ដល់​ព្រឹត្តិការណ៍​ជាតិ​លើក​ទី​៣​នេះ​ឲ្យ​ទទួល​បាន​ជោគជ័យ​ដើម្បី​ជា​ជំហាន​ថ្មី​មួយ​កាន់តែ​ជាក់ច្បាស់ ក្នុង​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ នៅ​កម្ពុជា​ឲ្យ​ទទួល​បាន​ជោគជ័យ​។

នេះ​ជា​ការ​ប្រមូលផ្តុំ​មនុស្ស​ជិត​៥​ម៉ឺន​នាក់​ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ថែរក្សា​សុខ​សុវត្ថិភាព​ឲ្យ​បាន​ល្អ​ប្រសើរ ។ អ្វី​ដែល​ពាក់ព័ន្ធ​គឺ​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣​នេះ​ដែល​មាន​ស្ថាប័ន​រាជធានី​ខេត្ត​ទាំងអស់​ត្រៀម​ចូលរួម​ប្រកួតប្រជែង​មេ​ដោយដោយ​មាន​ប្រតិភូ​កីឡា​រាជធានី​ខេត្ត ចន្លោះ​ពី ៦០០០​ទៅ ៧០០០​នាក់ ។ ការ​ចូលរួម​ក្នុង​ចំនួន​មនុស្ស​ដ៏​ច្រើន​នេះ គឺ​មាន​លក្ខណៈ​ដូច​គ្នា​នឹង​ការ​រៀបចំ​ដូច​ស៊ី​ហ្គេ​ម​ផង​ដែរ ដោយ​ការ​រៀបចំ​ត្រូវការ​មនុស្ស​ច្រើន​ជួយ​ជ្រោមជ្រែង​លើ​កិច្ចការ​ទូទៅ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ