ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Khmer United លើក​ពាន KW Cambodia League លើក​ដំបូង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ពាក់កណ្ដាល​អាជីព​ដ៏​ធំ KW Cambodia

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ពាក់កណ្ដាល​អាជីព​ដ៏​ធំ KW Cambodia League រដូវ​កាល​ទី​១០ ឆ្នាំ​២០២២ បាន​បញ្ចប់​ហើយ ដោយ​ក្រុម Khmer United បាន​គ្រង​តំណែង​ជើងឯក​ជា​ប្រវត្តិសាស្ដ្រ បន្ទាប់​ពី​យកឈ្នះ​ក្រុម TN Kandal ដោយ​លទ្ធផល ១-០ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែតុលា នៅ​ទីលាន​វិទ្យាល័យ​បឹង​ត្របែក ។

ពិធី​បិទ​ការ​ប្រកួត​នេះ បាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​លោក​ឧកញ៉ា​បណ្ឌិត គី​ម ហ៊ា​ង ប្រធាន KW Cambodia និង​ជា​ស្ថាបនិក​ពានរង្វាន់ KW Cambodia League ហើយ​លោក​បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​ប្រកួត​ខាងលើ ដែល​បញ្ចប់​ដោយ​ជោគជ័យ ។ ប៉ុន្ដែ​សម្រាប់​រដូវ​កាល​ថ្មី លោក​កំពុងធ្វើការ​ថ្លឹងថ្លែង​នូវ​ជម្រើស ២ ថា ត្រូវ​រៀបចំ​ពាន​នេះ​បន្ដ ឬ​ត្រូវ​ជំរុញ​ក្រុម​របស់​ខ្លួន គឺ​ក្រុម Khmer United ទៅ​លេង​ក្រប​ខណ្ឌ​លី​គទី​២​?

ជំនួប​កាត់សេចក្ដី​ដ៏​តានតឹង​ខាងលើ Khmer United បាន​បាត់បង់​សមាជិក​ម្នាក់ តាំងពី​ដើម​វគ្គ​ទី​១ បន្ទាប់​ពី​ត្រូវ​អាជ្ញាកណ្ដាល​ពិន័យ​កាត​ក្រហម ដែល​ធ្វើ​ឲ្យ​ក្រុម TN Kandal មាន​ប្រៀប តែ​យ៉ាងណា អតីត​ក្រុម​ជើងឯក​ឆ្នាំ​២០២០​នេះ មិន​អាច​រក​គ្រាប់​បាល់​បាន​ឡើយ ។ ផ្ទុយ​ទៅ​វិញ Khmer United បាន​រក​គ្រាប់​បាល់​នាំមុខ​១​គ្រាប់​មុន ដែល​ធ្វើ​សម្រេច​ដោយ​ការ​ទាត់​បាល់​ចេញពី​ជ្រុង​យ៉ាង​ល្អ​របស់​កីឡាករ កែវ ជា​តួ នៅ​នាទី​ទី​១៩ ហើយ​ក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ​នៃ​ការ​ប្រកួត​នេះ​ដែរ ។

តាម​រយៈ​ជ័យជម្នះ​នេះ បាន​ធ្វើ​ឲ្យ​ក្រុម Khmer United សម្រេច​បំណង​លើក​ពាន KW Cambodia League លើក​ដំបូង ក្នុង​រយៈពេល​១០​ឆ្នាំ ដែល​លោក​ឧកញ៉ា​បណ្ឌិត គី​ម ហ៊ា​ង បាន​រៀបចំ​ពាន​នេះ​ឡើង ។ ពាន​នេះ បាន​បង្កើត​ដំបូង​កាលពី​ឆ្នាំ​២០១២ ដោយ​ប្រើ​ឈ្មោះ​ថា Khmer Real Estate League រហូត​ដល់​ឆ្នាំ​២០១៩ ទើប​ប្ដូរ​មក​ជា​ពានរង្វាន់ KW Cambodia League រហូត​មក​ទល់​បច្ចុប្បន្ន (​លើកលែង​ឆ្នាំ​២០២១ ដែល​ពាន​នេះ ពុំ​បាន​រៀបចំ ដោយសារ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩) ។

លោក​ឧកញ៉ា​បណ្ឌិត គី​ម ហ៊ា​ង បាន​បញ្ជាក់​ថា រយៈពេល​១០​ឆ្នាំ ដែល​លោក​បាន​សន្យា​នឹង​រៀបចំ​ពាន​នេះ គឺ​បាន​បញ្ចប់​ហើយ ពិសេស​រដូវ​កាល​ទី​១០ ដែល​បញ្ចប់​ដោយ​ជោគជ័យ បន្ទាប់​ពី​មាន​ក្រុម​ខ្លាំង​ៗ​ចូលរួម​១៨​ក្រុម ធ្វើ​ឲ្យ​ការ​ប្រកួត​នីមួយ​ៗ មាន​ភាពស្វិតស្វាញ ។ ប៉ុន្ដែ​ឆ្នាំ​ក្រោយ លោក​មិន​ទាន់​ប្រាកដ​ថា នឹង​រៀបចំ​ទៀត ឬ​ក៏​អត់​នោះ​ទេ ដ្បិត​លោក​កំពុង​ពិចារណា​ជម្រើស ២ ខាងលើ ដើម្បី​ទទួល​បាន​នូវ​ប្រយោជន៍​រួម សម្រាប់​វិស័យ​កីឡាបាល់ទាត់​ជាតិ ។

ក្នុង​នាម​ប្រធាន​ក្លិប Khmer United ផង​ដែរ លោក​បន្ដ​ថា «​ខ្ញុំ​នៅ​ថ្លឹងថ្លែង​នៅឡើយ​ថា​ឆ្នាំ​២០២២ រដូវ​កាល​ទី​១០ ដែល​យើង​សន្យា​ធ្វើ ១០​ឆ្នាំ គឺ​ចប់​ហើយ ។ អ៊ីចឹង​ឆ្នាំ​២០២៣ យើង​មាន​ជម្រើស​២ ទី​១-​យើង​បង្កើត​ពាន​រដូវ​កាល​ទី​១ បន្ដ​ទៅ​មុខ​ទៀត ហើយ​ទី​២ យើង​រុញ Khmer United ចូល​ក្នុង​លី​គ​ទី​២​? បើ​ចូល​ក្នុង​លី​គ​ទី​២ យើង​ទៅ​តែឯង ប៉ុន្ដែ​បើ​យើង​បន្ដ​ធ្វើ KW Cambodia League គឺ​យើង​មាន​កីឡាករ​រាប់រយ រាប់​ពាន់​នាក់ នឹង​ទទួល​បាន​ផលប្រយោជន៍ ។ ខ្ញុំ​កំពុង​ថ្លឹងថ្លែង ព្រោះ​អី​ការ​ចំណាយ​យើង វា​មិន​ខុស​គ្នា​ទេ ។

បើយើង​ចូល​លេង​លី​គ​ទី​២ ក៏​មួយ​ឆ្នាំ​ការ​ចំណាយ​ប្រហែល​១០​ម៉ឺន​ដុល្លារ​ដែរ ហើយ​បើ​យើង​ធ្វើ​ពាន ឆ្នាំ​នេះ​ក៏​យើង​ចាយ ៧​ម៉ឺន​ដុល្លារ ។ ឆ្នាំ​ក្រោយ​បើ​យើង​ធ្វើ​ពាន ការ​ចំណាយ​អាច​នឹង​លើស​៧​ម៉ឺនអ៊ីចឹង​មាន​ន័យ​ថា ចំណាយ​ប្រហាក់ប្រហែល​គ្នា តែ​អ្វី​ដែល​បាន​ប្រយោជន៍​ច្រើន​ជាងគេ គឺ​យើង​បាន​បង្កើត​ពាន បាន​ប្រយោជន៍​រួម​» ។

យ៉ាងណាមិញ លោក​ឧកញ៉ា​បណ្ឌិត គី​ម ហ៊ា​ង​បាន​បង្ហើប​ថា ប្រសិនបើ​លោក​បន្ដ​រៀបចំ​ពានរង្វាន់ KW Cambodia League ទៀត លោក​នឹង​រៀបចំ​ឲ្យ​កាន់តែ​ធំ ហើយ​ការ​ចំណាយ​ក៏​កាន់តែ​ច្រើន​ជាង​មុន​ផង​ដែរ ។

សូម​បញ្ជាក់​ថា សម្រាប់​ក្រុម​ជ័យ​លា​ភី នៃ​ពានរង្វាន់ KW Cambodia League ឆ្នាំ​២០២២ សម្រាប់​ក្រុម​ជើងឯក Khmer United ទទួល​បាន​ពាន និង​មេដាយមាស អម​ប្រាក់​រង្វាន់ ៤០​លាន​រៀល​, ក្រុម​លេខ​២ TN កណ្ដាល ទទួល​បាន​ប្រាក់​រង្វាន់ ២០​លាន​រៀល ។ ចំណែក​ក្រុម​លេខ​៣ បាន​ទៅ​ក្រុម Riel Phnom Penh ក្រោយ​យកឈ្នះ​ក្រុម Marlians FC ៣-២ បាន​ទទួល​ប្រាក់​រង្វាន់ ១០​លាន​រៀល ខណៈ​ក្រុម​លេខ​៤ Marlians FC ក៏​ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត ៥​លាន​រៀល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ